31.5 C
Phnom Penh

តុលាការ​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្មែរ ធ្លាប់​ពោល​ថា គុក​ស្រុក​ខ្មែរ​មាន​តែ​ខ្មែរ​នៅ!! តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ក្រោយពី​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល ១៩​ខែ (១​ឆ្នាំ និង ៧​ខែ) និង​ផាក​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ជុំវិញ​ការ​តវ៉ា​ប្រឆាំង​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែ​មេសា នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា អំពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

តុលាការ​បញ្ជាក់​ថា ជនជាប់ចោទ ៣៥​នាក់​ផ្សេង​ទៀត​ដែល​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រូប​នេះ ដែល​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​ញុះញង់​ដែរ​នោះ ក៏​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១៨​ខែ​ទៅ ២៤​ខែ ឬ ២​ឆ្នាំ​ផង​ដែរ។

កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ និង​លោក ចក់ បានមុនី រួម​ទាំង​សកម្មជន​ប្រាំមួយ​នាក់​ផ្សេង​ទៀត​ផង​ដែរ។

ជុំវិញ​ដំណើរការ​សវនាការ​នេះ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ស្នើ​ឱ្យ​ចៅក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ​ទាំងអស់ ពីព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម ចំពោះ​ការ​តវ៉ា​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​នោះ។

គួរ​រំឭក​ថា សារព័ត៌មាន The Cambodia Daily ធ្លាប់​បាន​ផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ដាក់​ទុន​អភិវឌ្ឍន​តំបន់​ត្រីកោណ​រួម​គ្នា ខ្មែរ ៤​ខេត្ត លាវ ៤​ខេត្ត និង​យៀកណាម ៥​ខេត្ត​នោះ ចំនួន ២៥០០​លាន​ដុល្លារ​សម្រាប់​ខាង​ខ្មែរ និង ១៥០០​លាន​ដុល្លារ​សម្រាប់​ខាង​លាវ។

ព្រះរាជអាជ្ញា​រូប​នេះ​បញ្ជាក់​ថា ជនជាប់ចោទ​មិន​បាន​យល់ដឹង​គ្រប់​ជ្រុងជ្រោយ​អំពី​គម្រោង​អភិវឌ្ឍ CLV-DTA ទេ ប៉ុន្តែ​បែរជា​នាំគ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត រហូត​នាំ​ឱ្យ​មាន​ការ​រៀបចំ​ផែនការ​ប្រមូលផ្ដុំ​កាល​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ និង​បាន​ធ្វើ​ឱ្យ​សាធារណជន​ខឹងសម្បា​នឹង​រដ្ឋាភិបាល​ថែម​ទៀត។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ត្រូវ​បាន​ស្នងការ​ប៉ូលិស​ខេត្ត​សៀមរាប ចាប់​ខ្លួន​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អំពី​គម្រោង​ត្រីកោណ​អភិវឌ្ឍ CLV-DTA។

ជុំវិញ​បញ្ហា​នេះ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) បាន​អះអាង​ថា ចាប់តាំងពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៤ មក មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ជាង ៦០​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ការ​រិះគន់​កិច្ចព្រមព្រៀង​ត្រីកោណ​អភិវឌ្ឍន៍​នេះ។

អង្គការ​លីកាដូ អះអាង​ថា អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន និង​រង​បទចោទប្រកាន់ គឺ​មាន​អាយុ​ចន្លោះ​ពី ១៦​ឆ្នាំ​ទៅ ៧០​ឆ្នាំ ក្នុង​ចំណោម​នោះ ក៏​មាន​អនីតិជន​អាយុ​ក្រោម ១៨​ឆ្នាំ​ចំនួន ៤​នាក់​ផង​ដែរ។

ប្រភព​ដដែល បញ្ជាក់​ថា អ្នក​ជាប់​ឃុំ​ភាគច្រើន​ដែល​រង​បទ​ចោទ​ពី​បទ រួម​គំនិត​ក្បត់ ថា​បាន​បង្កើត​គម្រោង​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល នឹង​ត្រូវ​ប្រឈម​ចំពោះ​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ៥​ឆ្នាំ​ទៅ​ដល់ ១០​ឆ្នាំ។

មាន​ទេសចរ​ជនជាតិ​ខ្មែរ​ពី​បរទេស​ទៅ​លេង​ស្រុកកំណើត បាន​និយាយ​ថា តំបន់ CLV មិន​អាច​ចូល​ទៅ​មើល ឬ​ទៅ​លេង​គ្រប់​កន្លែង​បាន​ទេ គឺ​មាន​គេ​យាមល្បាត​ហាម​មិន​ឱ្យ​ចូល មិន​ដឹង​មកពី​មូលហេតុ​អ្វី​ឡើយ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​កាលពី​ពេល​កន្លង​ទៅ​ថា អ្នក​ដែល​រស់នៅ​ក្រៅ​ស្រុក​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV អាច​រួច​ខ្លួន ប៉ុន្តែ​សម្រាប់​អ្នក​រស់នៅ​ក្នុង​ស្រុក គឺ​ត្រូវតែ​ចាប់​ដាក់​គុក​ទាំងអស់ គ្មាន​វាសនា​គេច​ផុត​ពី​គុក​ឡើយ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស