31.8 C
Phnom Penh

លោក ស ខេង ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង​ជា​លើក​ទី​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចាកចេញ​ពី​កម្ពុជា​ធ្វើ​ដំណើរ​ទៅកាន់​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២២ រយៈពេល​មួយ​សប្តាហ៍ ដើម្បី​បន្ត​ពិនិត្យ​តាមដាន​សុខភាព​ជា​លើក​ទី​ពីរ តាម​ការ​តម្រូវ​របស់​វេជ្ជបណ្ឌិត។

ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ក្រោយពី​ពិនិត្យ​សុខភាព និង​ទទួល​ការ​ព្យាបាល​សុខភាព​នៅ​ប្រទេស​បារាំង កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២១ អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ត្រូវ​បាន​វេជ្ជបណ្ឌិត​ប្រទេស​បារាំង តម្រូវ​ឱ្យ​ត្រឡប់​ទៅ​តាមដាន​ស្ថានភាព​សុខភាព​របស់​លោក​ជា​លើក​ទី​២ នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ម្តង​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង​ទាំង​ពីរ​លើក​នេះ គឺ​សុទ្ធតែ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ហើយ​ក៏​មិនមែន​ជា​ការ​ចាកចេញ​ដោយ​ភ្ជាប់​នូវ​របៀបវារៈ​ផ្សេង​ណា​មួយ​ក្រៅតែ​ពី​ការ​ពិនិត្យ​សុខភាព​នេះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ស ខេង ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាកចេញ​ទៅ​ប្រទេស​បារាំង ដើម្បី​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ម្តង​ដែរ​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​បារាំង ចាប់ពី​ចុង​ខែ​សីហា រហូត​ដល់​ដើម​ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​មាន​ធុរៈ​ផ្ទាល់ខ្លួន។

ជុំវិញ​បញ្ហា​នេះ​ក៏​ធ្លាប់​មាន​ការ​បំផុសបំផុល​ក្នុង​ដំណើរ​ចាកចេញ​ពី​ប្រទេស​របស់​លោក ស ខេង ទៅ​ប្រទេស​បារាំង នេះ​ដែរ​ថា លោក ស ខេង នឹង​មាន​ជំនួប​ជាមួយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ក្នុង​ការ​ចរចា​នយោបាយ ដើម្បី​បើក​ផ្លូវ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​ត្រូវ​ហាមឃាត់​សិទ្ធិ​នយោបាយ​ឱ្យ​ចូល​ទៅ​កម្ពុជា​វិញ។ ប៉ុន្តែ​ការ​បំផុសបំផុល​នេះ ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធ​ទាំងស្រុង ដោយ​អះអាង​ថា ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​របស់​លោក ស ខេង គឺ​ដោយ​ធុរៈ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិន​មាន​កម្មវិធី​ផ្សេង​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កូនប្រុស​លោក ស ខេង គឺ​លោក ស សុខា ធ្លាប់​បាន​រិះគន់​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស​ជុំវិញ​ការ​បំផុសបំផុល​នេះ​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ​ជំនាន់​មុនៗ គួរ​គប្បី​ធ្វើជា​គំរូ​ល្អ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​រៀនសូត្រ​តាម ជាពិសេស​ត្រូវ​បណ្ដុះ​មនសិការ​ស្រឡាញ់​ជាតិ ជ្រោមជ្រែង​ជាតិ​ដោយ​ពិតប្រាកដ ចៀសវាង​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ចំពោះ​ពលរដ្ឋ​ខ្លួនឯង។

ជុំវិញ​ការ​ចាកចេញ​របស់​លោក ស ខេង ទៅ​ប្រទេស​បារាំង ដើម្បី​ពិនិត្យ​សុខភាព​ជា​លើក​ទី​២ នេះ មិន​ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក​លើកឡើង​ពី​របៀបវារៈ​ណា​មួយ​នៅឡើយ​ទេ ខណៈ​សេចក្តី​ជូនដំណឹង​នេះ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ជា​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស គឺ​ដើម្បី​ពិនិត្យ​សុខភាព​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស