អ្នកវិភាគនយោបាយ និងសង្គមព្រមានថា ការបោះឆ្នោតឃុំ-សង្កាត់ គឺជាកិច្ចការដែលចាំបាច់បំផុតសម្រាប់ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋាន ក្នុងការបម្រើពលរដ្ឋដោយពិតប្រាកដ មិនមែនដើម្បីធ្វើបាបពលរដ្ឋដែលបានបោះឆ្នោតឱ្យខ្លួននោះទេ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៧ ឧសភា ថា ការបោះឆ្នោត និងការរៀបចំឱ្យឃុំ-សង្កាត់មានអំណាចស្វ័យភាពក្នុងការបម្រើពលរដ្ឋដោយពិតប្រាកដ នោះទើបការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មានចាំបាច់សម្រាប់ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋាន។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ការឈ្នះឆ្នោតដែលទទួលបានអំណាចពីប្រជាពលរដ្ឋ និងបានអំណាចពីរដ្ឋយកទៅប្រើប្រាស់ គឺសម្រាប់លើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហា និងឧបសគ្គដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ មិនមែនដើម្បីធ្វើបាបពលរដ្ឋដែលបានបោះឆ្នោតឱ្យខ្លួននោះទេ។
អ្នកវិភាគនយោបាយ និងសង្គមរូបនេះលើកឡើងថា បើក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់មានសមត្ថភាព និងចេះទាក់ទាញការសហការពីពលរដ្ឋ និងពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដើម្បីជួយលើកឡើងនូវបញ្ហា ស្វែងរកដោះស្រាយ នោះការបោះឆ្នោតជ្រើសអ្នកតំណាងនៅមូលដ្ឋាននេះ អាចចាត់ទុកថាជាការធ្វើឡើងដោយត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់ប្រជាជន និងសង្គមជាតិទាំងមូល។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ថា កម្ពុជាគ្មានសេរីភាពសារព័ត៌មាននោះទេ។ កាលណាសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានរឹតត្បិតកាន់តែខ្លាំងដូចសព្វថ្ងៃនេះ នោះការបោះឆ្នោតដើម្បីធានានូវការអនុវត្តប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ គ្រាន់តែជាវេទិកានយោបាយរបស់បក្សកាន់អំណាច ធ្វើឡើងក្នុងបំណងបន្លំភ្នែកអន្តរជាតិ និងបោកប្រាស់ពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាន់តែខិតជិតមកដល់នៅខែមិថុនា ដ៏ខ្លីខាងមុខនេះ។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្ដីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដោយកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាកំណត់ ប៉ុន្តែការបោះឆ្នោតនេះត្រូវគេមើលឃើញថា គ្រាន់តែជាដំណើរការបង្គ្រប់កិច្ចឱ្យបក្សកាន់អំណាច ដើម្បីឱ្យពួកគេអាចបន្តការដឹកនាំកម្ពុជានូវអាណត្តិថ្មីទាំងបំពានច្បាប់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា ការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ គឺដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយសេចក្ដីថ្លៃថ្នូរ ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិផងដែរ។
បែបនេះក្តី ក្រុមអ្នកសង្កេតការណ៍លើកឡើងថា គណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងអស់ដែលចូលរួមការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ គឺស្មើនឹងសហការជាមួយបក្សកាន់អំណាចរំលោភលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចែងអំពីដំណើរការនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ គឺជាការបោះឆ្នោតមួយដែលរៀបចំឡើងដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដែលគ្មានឯករាជភាព តម្លាភាព និងកំពុងអនុវត្តផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញរបស់កម្ពុជាទាំងស្រុង៕