33.2 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ចូលរួម​បោះឆ្នោត​របស់​បក្ស​ភ្លើង​ទៀន​ជា​ការ​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ដក​ខ្លួន​ចេញពី​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​បោះឆ្នោត​មួយ​ដែល​គ្មាន​តម្លាភាព​ជាមួយ​គណបក្ស​កាន់​អំណាច គឺជា​ការ​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ខ្លាំង​បំផុត ក្នុង​ពេល​ដែល​គណបក្ស​កាន់​អំណាច​កំពុង​តែ​ត្រដរ​ខ្យល់​ដោយសារតែ​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​នេះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២៤ ឧសភា ថា កម្លាំង​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​អ្នក​គាំទ្រ​គណបក្ស​សិទ្ធិមនុស្ស និង​កម្លាំង​ដែល​មិន​មែន​ជា​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ព្រមទាំង​កម្លាំង​មិន​គាំទ្រ​គណបក្ស​សិទ្ធិមនុស្ស នឹង​មិន​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ ព្រោះ​គណបក្ស​ដែល​ពួកគាត់​ផ្តល់​ក្តី​សង្ឃឹម​ក្នុង​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នោះ គឺ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មួយ​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន​មួយ​ភាគ​ធំ​មិន​មែន​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ ប៉ុន្តែ​ពួកគេ​ចូល​ទៅ​បង្កប់​ខ្លួន​បម្រើ​ឱ្យ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។ លោក​ថា ចំណុច​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា កុំ​ថា​ឡើយ​កម្លាំង​ពលរដ្ឋ​មិន​គាំទ្រ​បក្ស​ភ្លើង​ទៀន សូម្បី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន​ខ្លួនឯង​ក៏​មិន​គាំទ្រ​គណបក្ស​ខ្លួនឯង​ដែរ ដូច្នេះ​អ្នក​ទទួល​ជ័យជម្នះ​ពិតប្រាកដ​ក្នុង​ការ​បោះឆ្នោត​នេះ គឺ​មាន​តែ​បក្ស​កាន់​អំណាច​តែ​មួយ​គត់។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បើ​ចង់​ដឹង​ថា​ការ​បោះឆ្នោត​អាណត្តិ​នេះ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺ​ពលរដ្ឋ​ខ្មែរ​គ្រាន់តែ​ពិនិត្យ​ទៅ​លើ​សហគមន៍​អន្តរជាតិ ដែល​មិន​ចូលរួម​សង្កេត​ការណ៍​ចំពោះ​ការ​បោះឆ្នោត​នេះ ឬ​ពិនិត្យ​ទៅ​លើ​សមាសភាព គ.ជ.ប ដែល​គណបក្ស​កាន់​អំណាច​បាន​រៀបចំ និង​ការ​បង្ខាំង​មេ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត នោះ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នឹង​ដឹង​ថា​ការ​បោះឆ្នោត​នេះ​ដើម្បី​បង្គ្រប់​កិច្ច​ឱ្យ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​ឃោសនា​បោះឆ្នោត​អាណត្តិ​ទី​៥ កំពុងតែ​ដំណើរការ​ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន ១៧ ចូលរួម ក្នុង​នោះ​ក៏​មាន​គណបក្ស​ភ្លើង​ទៀន​ដែល​គេ​សង្ស័យ​ថា​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ថា ការ​ចូលរួម​របស់​គណបក្ស​ភ្លើង​ទៀន នៅ​ពេល​នេះ នឹង​មាន​ប្រយោជន៍​កាន់តែ​ខ្លាំង​សម្រាប់​បក្ស​កាន់​អំណាច​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ព្រោះ​គណបក្ស​កាន់​អំណាច​មិន​អាច​យក​ឈ្នះ​ឆ្នោត​មួយ​ដែល​អន្តរជាតិ​មិន​ទទួលស្គាល់​បន្ត​ទៀត​នោះ​ទេ ដូច្នេះ​ពួកគេ​មាន​តែ​ពឹង​គណបក្ស​ភ្លើង​ទៀន ឱ្យ​ជួយ​ផ្តល់​ភាព​ស្រប​ច្បាប់​ឱ្យ​ខ្លួន​ទៅ​ថ្ងៃ​មុខ ទើប​ជា​ជម្រើស​ដែល​ល្អ​ប្រសើរ។

កាល​ពី​ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​រួម​បញ្ចូល​គ្នា​បង្កើត​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​២០១៧ គណបក្ស សម រង្ស៊ី បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ទៅជា​គណបក្ស​ភ្លើង​ទៀន​វិញ។

កាលពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ គណបក្ស​ភ្លើង​ទៀន បាន​ប្រកាស​បើក​ពិធី​សមាជ​របស់​ខ្លួន​ដើម្បី​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង និង​សមាសភាព​ថ្នាក់​ដឹកនាំ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ ហើយ​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ជា​ផែនការ​ដែល​រៀបចំ​ដោយ​លោក សម រង្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស