28 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​បង្កើត​កញ្ចប់​ទេសចរណ៍​កម្ពុជា-វៀតណាម​ជា​រឿង​ល្អ បើ​មាន​តម្លាភាព​និង​មិន​បន្លំ​ប្រវត្តិសាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា ការ​បង្កើត​កញ្ចប់​ទេសចរណ៍​កម្ពុជា-វៀតណាម វា​ជា​រឿង​ល្អ បើសិនជា​ការ​រៀបចំ​នោះ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ និង​តម្លាភាព នឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រលំ​អំពី​ប្រវត្តិសាស្ត្រ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់​ថា ការ​បង្កើត​បញ្ចប់​ទេសចរណ៍​រួម​គ្នា​ជា​រឿង​ល្អ ព្រោះ​ធ្វើ​ឱ្យ​កម្ពុជា​អាច​បើក​លំហ​ហោះហើរ​កាន់តែ​ទូលំទូលាយ ខណៈ​កម្ពុជា​មិន​ទាន់​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ច្រើន។ លោក​បាន​បន្ថែម​ទៀត​ថា ច្រក​ដែល​អាច​នាំ​ភ្ញៀវ​បរទេស​ចូល​តាម​ថៃ ចូល​តាម​វៀតណាម នៅតែ​ជា​ច្រក​មួយ​សំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា ដោយ​ប្រទេស​ជិតខាង​ទាំង​ពីរ​មាន​សក្ដានុពល និង​មាន​ការ​ប្រើប្រាស់​គោល​នយោបាយ​ទាក់ទាញ​ភ្ញៀវ​បរទេស​ល្អ ខណៈ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ច្រើន​ណាស់​ណា​នៅឡើយ​នោះ។

លោក​បន្ត​ថា ចំពោះ​ការ​បង្កើត​កញ្ចប់​ទេសចរណ៍ វា​មិន​បង្ក​ជា​ក្ដី​បារម្ភ​ដល់​អធិបតេយ្យ​ជាតិ ឬ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​លោក​បារម្ភ​ខ្លាច​ភ្ញៀវ​ទេសចរ​ដែល​ចូល​តាម​ថៃ និង​វៀតណាម ពួកគេ​បាន​ចាយ​ថវិកា​អស់​ច្រើន​ហើយ ទើប​បាន​ចូល​មក​លេង​ដល់​ប្រទេស​កម្ពុជា។

លោក​កត់សម្គាល់​មួយ​ទៀត​នោះ​ថា ក្រុមហ៊ុន​ពី​ប្រទេស​វៀតណាម​មួយ​បាន​ប្រើប្រាស់ និង​ដាក់​ឈ្មោះ​អង្គរវត្ត​នៅ «ឡូហ្គោ» របស់​ខ្លួន ប៉ុន្តែ​នៅ​ពេល​អ្នក​ផ្សព្វផ្សាយ​ស្លៀកពាក់​បែប​ជា​វៀតណាម​ទៅវិញ។ ករណី​នេះ វា​ធ្វើ​ឱ្យ​អន្តរជាតិ​យល់​ច្រឡំ​ស្មាន​ថា​កម្ពុជា តែ​តាម​ពិត​ទៅ​វា​មិន​មែន​ជា​កម្ពុជា គឺ​វៀតណាម​ទៅវិញ។

លោក ឯម សុវណ្ណរ៉ា ចាត់ទុក​បញ្ហា​ទាំងអស់​នេះ​ថា​ឆក​ល្វែង​ដែល​កម្ពុជា ជាពិសេស​ក្រសួង​ការបរទេស និង​ក្រសួង​វប្បធម៌ គួរតែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​ទាំងអស់​នោះ​ឡើងវិញ ដោយ​ពេល​ចុះហត្ថលេខា ភាគី​ខ្មែរ​គួរ​ស្នើ​ទៅ​ភាគី​វៀតណាម​ដែល​សង់​រូប​អង្គរវត្ត​នៅ​ប្រទេស​ខ្លួន ត្រូវ​សុំ​ការ​យល់ព្រម​ពី​ប្រទេស​កម្ពុជា ដើម្បី​រំឭក​ឱ្យ​ពលរដ្ឋ​បាន​ដឹង ប៉ុន្តែ​បើសិនជា​រដ្ឋាភិបាល​មិន​បាន​រំឭក​ទេ ប្រជាពលរដ្ឋ​នឹង​ភ្លេច។

នា​ពេល​ថ្មីៗ​នេះ កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​រៀបចំ​កញ្ចប់​ផលិតផល​ទេសចរណ៍​រួម​ក្រោម​ក្របខ័ណ្ឌ​នៃ​ការ​ផ្សព្វផ្សាយ «ប្រទេស​ពីរ គោលដៅ​មួយ»។ ការ​រៀបចំ​កញ្ចប់​ទេសចរណ៍​នេះ ដើម្បី​ជំរុញ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ និង​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ពី​ប្រទេស​ទី​បី។

ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​លោក ផាម មិញជីញ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១១ ឧសភា នៅ​សហរដ្ឋ​អាមេរិក ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បើក​ទ្វារ​ទេសចរណ៍​ផ្លូវគោក និង​ផ្លូវអាកាស​ឡើងវិញ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ ចាត់ទុក​ការ​បង្កើត​កញ្ចប់​ទេសចរណ៍​នេះ​ជា​រឿង​ល្អ បើសិនជា​ធ្វើឡើង​ដោយ​តម្លាភាព និង​ត្រឹមត្រូវ។ លោក​ថា ផ្ទុយទៅវិញ បើ​កញ្ចប់​ទេសចរណ៍​នេះ​មាន​លក្ខណៈ​កេង​ចំណេញ​លើ​ប្រទេស​កម្ពុជា ហើយ​ការ​បែងចែក​ផលប្រយោជន៍​មិន​មាន​យុត្តិធម៌​ទេ បញ្ហា​នេះ​អាច​នឹង​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​សប្បាយ​ចិត្ត។

លោក​បញ្ជាក់​ថា ការ​មិន​សប្បាយ​ចិត្ត​នេះ អាច​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ទទួល​រង​សម្ពាធ​ពី​ប្រទេស​វៀតណាម ជាពិសេស​បង្ហាញ​ឱ្យ​ឃើញ​ពី​របៀប​នៃ​ការ​ដឹកនាំ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​មិន​មាន​ភាព​រឹងមាំ និង​ល្អ​ប្រសើរ​ឡើយ។

លោក​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាច​ភ្ញៀវ​ទេសចរ​បរទេស​យល់​ច្រឡំ​ពី​ប្រវត្តិសាស្ត្រ និង​អាច​បំភ្លៃ​ដោយ​ប្រយោល​ថា អង្គរវត្ត និង​ទឹកដី​កម្ពុជា ជា​ផ្នែក​មួយ​នៃ​ប្រទេស​គេ (វៀតណាម) ប្រសិនបើ​កម្ពុជា​មិន​បាន​ប្រុងប្រយ័ត្ន​នៅ​ពេល​ចុះ​កិច្ចព្រមព្រៀង​នោះ។ កម្ពុជា​គួរ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឱ្យ​ប្រជាជាតិ​ទាំង​ពីរ និង​សកលលោក​បាន​ដឹង​ឮ​ផង​ដែរ។

លោក​ស្នើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា គួរ​ពិចារណា និង​សិក្សា​លើ​គម្រោង​ផែនការ​នេះ​ឱ្យ​បាន​ស៊ីជម្រៅ និង​ល្អិតល្អន់​បំផុត ពិសេស​ត្រូវ​ដាក់​លក្ខខណ្ឌ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មុខមាត់​ប្រទេស​កម្ពុជា​ខូច និង​ត្រូវ​បាន​ភាគី​វៀតណាម​កេង​ចំណេញ​ផលប្រយោជន៍។

ចំណែក​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចាត់ទុក​ករណី​នេះ​ថា​វា​ជា​កញ្ចប់​ក្នុង​នយោបាយ​រណសិរ្ស​ប្រជាសាស្ត្រ ក្នុង​ចំណោម​រណសិរ្ស​ឈ្លានពាន​ធំៗ​របស់​វៀតណាម​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា មួយ​កញ្ចប់​នេះ​នឹង​មាន​ជនជាតិ​វៀតណាម​រាប់​ម៉ឺន​នាក់​ថែម​ទៀត​ចូល​មក​រស់នៅ​លើ​ទឹកដី​ខ្មែរ។ កញ្ចប់​នេះ មាន​ន័យ​ថា លោក ហ៊ុន សែន រុញ​ល្បឿន​ឈ្លានពាន​របស់​វៀតណាម ដែល​ចិញ្ចឹម​មហិច្ឆតា​ក្ដោប​ក្ដាប់​កម្ពុជា​ទាំងមូល ជា​ថ្នូរ​នឹង​វៀតណាម​ជួយ​ពន្លឿន​ផែនការ​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត ឬ​ក៏​ជា​មធ្យោបាយ​មួយ​តបស្នង​សង​បំណុល​ផង​ដែរ។

លោក គឹម សុខ បន្ត​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន មាន​វិធី​មួយ​ដែល​ប្រសើរ​ដើម្បី​ទប់ស្កាត់​ជំហាន​ឈ្លានពាន​របស់​វៀតណាម​នេះ គឺ​គណបក្ស​នយោបាយ​ទាំងអស់​គួរ​បង្ហាញ​សេចក្ដី​ក្លាហាន​តវ៉ា​ប្រឆាំង​អយុត្តិធម៌​គ្រប់​ទម្រង់​ដែល​កើតមាន​ក្នុង​សង្គម ហើយ​កុំ​ចូលរួម​លេង​ល្បែង​ឧក្រិដ្ឋ​បោះឆ្នោត​របស់​លោក ហ៊ុន សែន។

លោក គឹម សុខ បញ្ជាក់​ថា ការ​ចូលរួម​លេង​ល្បែង​ឧក្រិដ្ឋកម្ម​បោះឆ្នោត​របស់​លោក ហ៊ុន សែន មិន​ខុស​អ្វី​ពី​ជួយ​សម្រួល​ស្ថានការណ៍​ឱ្យ​លោក ហ៊ុន សែន ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត ងាយៗ​ក្នុង​រូបភាព​បំពេញ​ច្បាប់។ កាលណា​អំណាច​គ្រួសារ ហ៊ុន កាន់តែ​រឹងមាំ​នោះ ប្រទេស​កម្ពុជា​ក៏​ប្រឈម​នឹង​ការ​វិនាស​កាន់តែ​ធ្ងន់ធ្ងរ​ដែរ។

បើ​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍ រយៈពេល ៤​ខែ​នៃ​ឆ្នាំ​២០២២ មាន​ទេសចរ​វៀតណាម​ចូល​មក​កម្ពុជា​ប្រមាណ ៧​ម៉ឺន ៥​ពាន់​នាក់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស