28 C
Phnom Penh

កម្មករ​រោងចក្រ​ពីរ​នាំគ្នា​ដើរ​ហែ​ក្បួន​ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ​វិវាទ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​កម្មការិនី​បម្រើ​ការងារ​ក្នុង​រោងចក្រ ឃែនធើរេន អីភែរឹល ខេ និង​រោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) ដែល​មាន​ថៅកែ​តែ​មួយ​ជា​ជនជាតិ​ម៉ាឡេស៊ី នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដើរ​ថ្មើរជើង​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះស្រាយ​វិវាទ​ការងារ ក្រោយ​ថៅកែ​បិទ​ទ្វារ​រោងចក្រ​មិន​ទូទាត់​សំណង​តាម​ផ្លូវ​ច្បាប់។

ការ​ដើរ​ហែ​ក្បួន​របស់​កម្មករ​កម្មការិនី​ប្រហែល ២០០​នាក់​ដែល​បម្រើ​ការងារ​នៅ​រោចក្រ ឃែនធើរេន នៅ​ថ្ងៃ​អង្គារ នេះ បាន​ធ្វើ​ឡើង​ក្រោយ​ថៅកែ​បិទ​ទ្វារ​រោងចក្រ​ដោយ​មិន​បាន​ដោះស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់​ដល់​ពួកគេ។

កម្មករ​ផ្នែក​ជាង​ម៉ាស៊ីន​ដេរ​នៅ ឃែនធើរេន លោក ឈិម ឃន បាន​រៀបរាប់​ថា ថៅកែ​រោងចក្រ ឃែនធើរេន បាន​បិទ​ទ្វារ​រោងចក្រ​ដោយ​មិន​បាន​ជូនដំណឹង និង​ទូទាត់​ប្រាក់​ឈ្នួល រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ឱ្យ​កម្មករ​ឡើយ។ លោក​អំពាវនាវ​ឱ្យ​ក្រសួង​ជួយ​ដោះស្រាយ​វិវាទ​ការងារ​នេះ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ថៅកែ​រោងចក្រ​ទូទាត់​សំណង​តាម​ផ្លូវ​ច្បាប់ ដោយ​ថា​ពួកគាត់​ភាគច្រើន​ចាស់ៗ​ជួប​ការ​លំបាក​ច្រើន និង​អត់​មាន​ចំណូល ខណៈ​អ្នក​ខ្លះ​ទៀត​កំពុង​ជាប់​បំណុល​ធនាគារ​ថែម​ទៀត។

លោក ឈិម ឃន បន្ត​ថា បើសិនជា​រដ្ឋាភិបាល និង​ក្រសួង​ការងារ​មិន​ជួយ​ដោះស្រាយ​ទេ ពួកគាត់​គ្មាន​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​សង​បំណុល​ធនាគារ​ឡើយ។

បើ​តាម​ក្រុម​កម្មករ ឱ្យ​ដឹង​ថា ញត្តិ​ដែល​ក្រុម​កម្មករ​ដាក់​ទៅ​ក្រសួង​ការងារ កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា កន្លងមក ឱ្យ​ដឹង​ថា រោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERANAPPAREL Cambodia Co.,Ltd) និង​រោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) មាន​ថៅកែ​តែ​មួយ​ជា​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ CHHOONG WEIPIAU ហើយ​បច្ចុប្បន្ន​នេះ រោងចក្រ​បាន​បើក​ដំណើរការ​អាជីវកម្ម​ធម្មតា។

ប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ជួប​ប្រជុំ​រក​ដំណោះស្រាយ​ជុំវិញ​វិវាទ​ការងារ​នៅ​ព្រឹក​មិញ​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​តំណាង​កម្មករ តំណាង​ក្រសួង​ការងារ អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ និង​អតីត​មេធាវី​រោងចក្រ ឃែនធើរេន។ អ្នកស្រី​បន្ត​ថា ក្នុង​កិច្ចប្រជុំ​នេះ គឺ​តំណាង​ក្រសួង និង​អាជ្ញាធរ​ខណ្ឌ​មិន​បាន​បង្ហាញ​ពី​វិធានការ ឬ​ចំណាត់ការ​បែប​ណា​ទៅលើ​ថៅកែ​រោងចក្រ ដើម្បី​ឱ្យ​ទទួល​ខុសត្រូវ​ឡើយ ខណៈ​អតីត​មេធាវី​រោងចក្រ ឃែនធើរេន លើកឡើង​ថា រោងចក្រ ឃែនធើរេន និង​រោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) មិន​ជាប់​ពាក់ព័ន្ធ​គ្នា និង​មាន​ថៅកែ​តែ​មួយ​ដូច​ការ​លើកឡើង​របស់​កម្មករ​នា​ពេល​កន្លងមក​នោះ​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា ការ​ជួប​ប្រជុំ​នៅ​ព្រឹក​នេះ​គ្មាន​លទ្ធផល​អ្វី​ឡើយ ដែល​ករណី​នេះ ក្រុម​កម្មករ​គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​បន្ត​ទៀត។

កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២២ កម្មករ​ជាង ៣០០​នាក់​របស់​រោងចក្រ​កាត់ដេរ ឃែនធើរេន អីភែរឹល (ខេមបូឌា) បាន​នាំគ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវ​វេងស្រេង អស់​រយៈពេល​ជិត ១​ម៉ោង ក្នុង​សង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ទូទាត់​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​តាម​ច្បាប់ ក្រោយ​ពួកគេ​ឃើញ​ថៅកែ​ដឹក​សម្ភារ​ផ្សេងៗ​ចេញពី​រោងចក្រ​ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​កម្មករ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស