34 C
Phnom Penh

ក្រសួង​ការងារ​ដាក់​កំហិត​ឱ្យ​ម្ចាស់​រោងចក្រ​អនុវត្ត​លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ​សម្រាប់​កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​លិខិត​ដាក់​កំហិត​មួយ​កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ឧសភា ដោយ​កម្រិត​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ឲ្យ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​ស្តីអំពី​ការងារ អនុវត្ត​លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជាធរមាន​នៃ​ប្រទេស​កម្ពុជា ក្នុង​នោះ រោងចក្រ​សហគ្រាស​ត្រូវតែ​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង និង​ផ្សព្វផ្សាយ​ក្នុង​រោងចក្រ​សហគ្រាស​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ដល់​កម្មករ​និយោជិត​ទាំងអស់។

ក្រសួង​ការងារ អះអាង​ថា រោងចក្រ​សហគ្រាស​ត្រូវ​តែ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​សាកល្បង​ការងារ និង​កម្មករ​និយោជិត​ពេញ​សិទ្ធិ រួម​ទាំង​ប្រាក់​រំឭក​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ ជូន​កម្មករ​និយោជិត​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រៅពី​រៀបចំ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​និយោជិត រោងចក្រ​សហគ្រាស​ក៏​ត្រូវ​ចុះ​បញ្ជិកា​កម្មករ​និយោជិត​នៅ​បេឡា​ជាតិ​ផ្នែក​សន្តិសុខ​សង្គម ព្រមទាំង​ត្រូវ​បង់​វិភាគទាន​ឱ្យ​ពួកគេ​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​ផង​ដែរ។ លើស​ពី​នេះ រោងចក្រ​សហគ្រាស​មិន​ត្រូវ​បង្ខិតបង្ខំ​ឱ្យ​កម្មករ​និយោជិត​ចូលរួម និង​មិន​ចូលរួម​ក្នុង​សហជីព ឬ​វិធានការ​វិវាទ​ណា​មួយ​នោះ​ឡើយ។

ការ​ចេញ​លិខិត​ដាក់​កំហិត​នេះ ធ្វើឡើង​ដើម្បី​កំណត់​ឱ្យ​រោងចក្រ​សហគ្រាស​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ទាំងអស់​ត្រូវ​តែ​យកចិត្ត​ទុកដាក់​លើ​កម្មករ​និយោជិត​ដែល​បម្រើ​ការងារ​នៅ​ផ្នែក​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​គ្រប់ៗ​គ្នា។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ឧសភា នេះ​ថា នៅ​ក្នុង​ច្បាប់​ស្តីអំពី​ការងារ​បាន​ប្រគល់​សិទ្ធិ​ឱ្យ​ទៅ​ក្រសួង​ការងារ​ទាំងស្រុង ជាពិសេស​នាយកដ្ឋាន​អធិការកិច្ច​ការងារ​តែ​ម្តង។ លោក​បន្ថែម​ថា ក្នុង​ច្បាប់​ស្ដីពី​ការងារ​បាន​តម្រូវ​ឱ្យ​នាយកដ្ឋាន​អធិការកិច្ច​ការងារ​ចុះ​ធ្វើ​អធិការកិច្ច​លើ​ដំណើរការ​តាម​រោងចក្រ​សហគ្រាស​ទាំងអស់ ថា​តើ​ពួកគេ​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ ព្រមទាំង​បទដ្ឋាន​ការងារ​នានា​ដែល​ប្រទេស​កម្ពុជា​បាន​សន្យា​មក​អនុវត្ត​បាន​ត្រឹមត្រូវ​ហើយ​ឬ​នៅ​ទាក់ទិន​នឹង​សិទ្ធិ​របស់​កម្មករ ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​អំពី​ប្រព័ន្ធ​សុខភាព​សុវត្ថិភាព ជាដើម។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ក្រសួង​ការងារ​រក​ឃើញ​ថា​រោងចក្រ​សហគ្រាស​ទាំងនោះ​មិន​ទាន់​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ នាយកដ្ឋាន​អធិការកិច្ច​ការងារ​មាន​សិទ្ធិ​ដាក់​កំហិត​ឱ្យ​រោងចក្រ​សហគ្រាស​ទាំងនោះ​អនុវត្ត​ទៅតាម​ច្បាប់​ស្ដីពី​ការងារ​ដែល​មាន​ចែង​ជាធរមាន ប៉ុន្តែ​ការ​ចុះ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​កន្លងមក​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​នៅឡើយ ជាក់ស្តែង​ដូចជា​ការ​ខកខាន​ត្រួតពិនិត្យ​លើ​ការ​រំលោភ​សិទ្ធិ​បុគ្គលិក​ពី​សំណាក់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​កំពុង​ជាប់​គាំង​នៅ​ពេលនេះ ជាដើម។

លោក មឿន តុលា សង្កត់​ធ្ងន់​ថា បើ​ក្រសួង​ការងារ​ដាក់​វិធានការ​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង នោះ​រោងចក្រ​សហគ្រាស​មិន​អាច​បដិសេធ​នូវ​ការ​គោរព​សិទ្ធិ​កម្មករ​និយោជិត​បាន​ទេ ប៉ុន្តែ​បើ​ក្រសួង​គ្រាន់តែ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​កម្មករ​ទៅ​តាម​រដូវកាល ដូចជា​មុន​ពេល​បោះឆ្នោត និង​ធ្វើ​លែង​ដឹង​លែង​ឮ​ទៅវិញ​នៅ​ក្រោយ​ការ​បោះឆ្នោត នោះ​ការ​ចេញ​លិខិត​បែប​នេះ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​ការពារ​ដោយ​ច្បាប់​ចំពោះ​កម្មករ​និយោជិត​ជាដាច់ខាត។

ទាក់ទិន​នឹង​បញ្ហា​នេះ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២ នេះ កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ខេន ស្តត ស៊ូ នៅ​ភូមិ​ចំការស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៤​ពាន់​នាក់ បាន​នាំគ្នា​ចេញ​មក​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​ការងារ​ចំនួន ៣៥​ចំណុច បន្ទាប់ពី​ពួកគេ​ត្រូវ​រង​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​នា​ពេល​កន្លងមក។

ក្រុម​កម្មករ​និយោជិត​ទាំងនោះ​អះអាង​ថា ក្រុមហ៊ុន​មិន​ត្រឹមតែ​មិន​បើក​លុយ​បាយ​ថែម​ម៉ោង​ឲ្យ​ទាន់​ពេលវេលា​ដល់​ពួកគេ​នោះ​ទេ ថែមទាំង​បាន​កេងប្រវ័ញ្ច​កាត់​លុយ​មុខងារ​របស់​ពួកគេ​ថែមទៀត ហើយ​ការ​ធ្វើ​កូដកម្ម​អហិង្សា​នេះ គឺ​គ្មាន​ការ​បង្ខិតបង្ខំ ឬ​ក៏​ញុះញង់​ពី​សំណាក់​ស្ថាប័ន ឬ​ភាគី​ណា​មួយ​ឡើយ ប៉ុន្តែ​វា​ជា​ឆន្ទៈ​ពិតប្រាកដ និង​ជា​ការ​ស្ម័គ្រចិត្ត​របស់​កម្មករ​ទាំងអស់​គ្នា​ដែល​បាន​ឯកភាព​គ្នា​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ពី​ភាគី​និយោជក។

មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ចែង​ថា អធិការកិច្ច​ការងារ​ត្រូវ​មាន​បេសកកម្ម​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ការងារ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវភាព​នៃ​កម្មករ​និយោជិត និង​គ្រួសារ​នៃ​ជន​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស