អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ សេក សុជាតិ លើកឡើងថា ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ទាំង ៩សែននាក់ អាចនឹងប្រឈមវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ បើរដ្ឋាភិបាលមិនអាចដោះស្រាយឱ្យទាន់ពេល។
លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ តុលា នេះថា ទោះបីជាក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មរាប់សែនកន្លែងក៏ដោយ ក៏មិនមែនមានន័យថា ការងារទាំងនោះអាចត្រូវនឹងលក្ខខណ្ឌរបស់ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែរ។

លោក សេក សុជាតិ លើកឡើងថា ការងារភាគច្រើនមានតែនៅក្នុងទីក្រុង និងទីប្រជុំជនប៉ុណ្ណោះ ខណៈពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ភាគច្រើនគឺរស់នៅខេត្តជនបទផ្សេងៗឆ្ងាយពីទីតាំងដែលសម្បូរការងារ ជាពិសេសគឺទីក្រុងភ្នំពេញ ដែលនេះក៏ជាបញ្ហាមួយសម្រាប់ពួកគេក្នុងការស្វែងរកការងារដែរ។ លើសពីនេះ ជំនាញដែលពលរដ្ឋខ្មែរទាំងនោះធ្លាប់ធ្វើនៅប្រទេសថៃ កន្លងមក ក៏មិនប្រាកដថាត្រូវនឹងជំនាញដែលរដ្ឋាភិបាលកម្ពុជា កំពុងត្រូវការដែរ ហើយនេះមិនទាន់គិតដល់ប្រាក់ឈ្នួលដែលពួកគាត់នឹងទទួលបាន ថាតើអាចផ្គត់ផ្គង់ជីវភាពបានឬក៏អត់ផងនោះ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍផ្នត់គំនិតរូបនេះ ស្នើឱ្យរដ្ឋាភិបាលសហការជាមួយអង្គការសង្គមស៊ីវិល សិក្សាពីតម្រូវការជាក់ស្តែងរបស់ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ឱ្យបានលម្អិត និងទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាជូនពួកគេ ដូចជា ការស្វែងរកការងារធ្វើ ការជួយសម្រួលការងារដែលខុសជំនាញ ការប្រកបមុខរបរដោយធ្វើកសិកម្ម និងសងបំណុលក្នុងពេលដែលពួកគេមិនទាន់អាចរកប្រាក់ចំណូលបាន ជាដើម។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៨ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយលើកឡើងថា ការវិលត្រឡប់របស់ពលរដ្ឋខ្មែរពីប្រទេសថៃ ទាំង ៩សែននាក់ គឺជាបញ្ហាប្រឈមមួយយ៉ាងធំ ដែលតម្រូវឱ្យមានវិធានការរួមគ្នាពីរាជរដ្ឋាភិបាល វិស័យឯកជន និងក្រុមសង្គមស៊ីវិល ដើម្បីរក្សាឱ្យបាននូវជីវភាពរស់នៅមួយដ៏សមរម្យសម្រាប់ពួកគេ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនេះ ផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលសម្រាប់ដោះស្រាយ រួមមាន៖
- ត្រូវពង្រីកនូវយន្តការគាំពារសង្គមដល់គ្រួសារដែលមានពលករចំណាកស្រុក
- ត្រូវលើកទឹកចិត្តដល់វិស័យឯកជនដែលទទួលយកពលករចំណាកស្រុកចូលធ្វើការងារ
- ត្រូវទទួលស្គាល់ឱ្យបានឆាប់រហ័សនូវជំនាញផ្សេងៗ
- ត្រូវផ្តល់ជំនួយដល់ការអភិវឌ្ឍជំនាញរយៈពេលខ្លី
- ត្រូវផ្តល់ហិរញ្ញប្បទានលើផ្នែកសុខភាពដល់ពលករចំណាកស្រុកដែលត្រឡប់មកវិញ
- ផ្អាកជាបណ្ដោះអាសន្ននូវការសងបំណុលរបស់គ្រួសារដែលមានសមាជិកជាពលករចំណាកស្រុកដែលទើបនឹងត្រឡប់មកវិញ
- រដ្ឋាភិបាលក៏ត្រូវបង្រួមដំណើរការទទួលបានឯកសារផ្លូវច្បាប់ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពផងដែរ ដើម្បីកាត់បន្ថយការចំណាកស្រុកខុសច្បាប់ម្តងទៀត។
ប្រភពដដែល បញ្ជាក់ថា តាមរយៈការសិក្សាស្វែងយល់អំពីតម្រូវការ និងស្ថានភាពរបស់ពលករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញជាង ៧០០នាក់ក្នុងខេត្តចំនួន៧ កាលពីខែសីហា កន្លងទៅ បានរកឃើញថា ពលករចំណាកស្រុកដែលត្រឡប់មកប្រទេសកម្ពុជា វិញ ភាគច្រើនលើសលប់ គឺវិលទៅស្រុកកំណើតនៅតាមជនបទ និងមានតម្រូវការខ្លាំងទៅលើម្ហូបអាហារ និងការងារធ្វើ។
កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានថា ឱកាសការងារមានយ៉ាងតិច ១សែន ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ប៉ុន្តែការងារភាគច្រើន គឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម ខណៈវិស័យសំណង់ ជាដើម គឺមានតិចតួចប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

