34 C
Phnom Penh

CCIM៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ឆ្នាំ​២០២១ កាន់តែ​មាន​ភាព​អាប់អួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ហៅ​កាត់​ថា CCIM អះអាង​ថា សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ កាន់តែ​មាន​ភាព​អាប់អួរ និង​យ៉ាប់យ៉ឺន​ជាង​ឆ្នាំ​២០២០ ដែល​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​សារព័ត៌មាន។

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​បញ្ចេញ​សេចក្តី​រាយការណ៍​ស្ដីពី​ការ​វាស់​ស្ទង់​សេរីភាព​សារព័ត៌មាន​នៅក្នុង​រាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា សេរីភាព​សារព័ត៌មាន និង​បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​រិះគន់​ពី​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច បាន​ប្រឈម​នឹង​ការ​គំរាមកំហែង ការ​បំភិតបំភ័យ​កាន់តែ​ខ្លាំង​ឡើងៗ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ កន្លងទៅ។

ប្រភព​ដដែល​អះអាង​ថា បញ្ហា​ដែល​កាន់តែ​ព្រួយបារម្ភ​បន្ថែម​ទៀត​នោះ គឺ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​អនុម័ត​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត (Internet Gateway) ដែល​តម្រូវ​ឱ្យ​ច្រក​ទ្វារ​អ៊ីនធឺណិត​ទាំងអស់​ទូទាំង​ប្រទេស​ត្រូវ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​អ៊ីនធឺណិត​មួយ​នេះ ដែល​ជា​ឈ្នាន់​មួយ​ក្នុង​ការ​ផ្តល់​អំណាច​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​អ៊ីនធឺណិត​ផ្តាច់​មុខ ដែល​ជា​សញ្ញា​អវិជ្ជមាន​សម្រាប់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​សារព័ត៌មាន​ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល។

CCIM បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា​នេះ គឺ​ត្រូវ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ពិតប្រាកដ​ក្នុង​ការ​គាំទ្រ និង​ការពារ​សេរីភាព​សារព័ត៌មាន និង​ពង្រីក​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​តាម​បែប​ស្ថាបនា នោះ​ទើប​អាច​លើក​កម្ពស់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ប្រទេស​រីក​លូតលាស់​ទៅ​បាន។

សេចក្តី​រាយការណ៍​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​រង​នូវ​ការ​រិះគន់​ជុំ​ទិស​ពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ដោយ​ការ​ចោទ​ប្តឹង និង​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ជាបន្តបន្ទាប់​សព្វថ្ងៃ​នេះ។

អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ក្នុង​រាជាណាចក្រ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​១៨០ បើ​ទោះបី​ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២២ កន្លងទៅ​ក៏ដោយ ប៉ុន្តែ​ជា​ចំណាត់ថ្នាក់​ស្ថិត​ក្នុង​លេខ​រៀង​មិន​ល្អ​ដដែល។

អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ថា​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល បើ​ទោះបីជា​ចំណាត់ថ្នាក់​នៅ​ឆ្នាំ​២០២២ នេះ បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២១ បាន​ពីរ​កម្រិត ឬ​ពីរ​លេខ​ក្តី។

ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​គ្មាន​សល់ ក្នុង​នោះ​ស្ថាប័ន​កាសែត​ខ្លះ​ត្រូវ​បិទ​ទ្វារ ខ្លះ​ទៀត​ត្រូវ​ប្តូរ​ម្ចាស់ ខណៈ​កាសែត​បរទេស​ត្រូវ​បិទ​ការិយាល័យ​របស់​ខ្លួន​ទាំងស្រុង។ ទន្ទឹម​គ្នា​នោះ ក៏​មាន​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ក្នុង​ស្រុក​ជាង ៣០​ស្ថានីយ​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ទ្វារ​ទាំង​ដែល​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​កំហុស​ច្បាស់លាស់​ណា​មួយ​នោះ​ឡើយ។

ទោះជា​បែប​នេះ​ក្តី មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​គំរាម​ចាប់​ខ្លួន​អ្នក​តវ៉ា លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា លោក​ប្ដេជ្ញា​ក្នុង​ការ​គាំពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​លើក​កម្ពស់​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន​នានា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក ហ៊ុន សែន ចង់​បាន​តែ​អ្នកកាសែត​ធ្វើ​ដៃគូ មិន​រិះគន់ សរសេរ​ផ្សាយ​តែ​រឿង​ល្អៗ​ឲ្យ​រដ្ឋាភិបាល​ពុករលួយ។

ទោះជា​យ៉ាងណាក៏ដោយ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​ហៅ​កាត់​ថា ខេមបូចា (Camboja) បាន​បង្ហាញ​សេចក្តី​រាយការណ៍​កត់ត្រា​របស់​ខ្លួន​ដែល​បាន​ធ្វើឡើង​ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ​២០២១ មក​ថា ករណី​បៀតបៀន​លើ​អ្នក​សារព័ត៌មាន​បាន​បន្ត​កើតមាន​រហូត​ដល់​ជាង ៥០​ករណី។ ភ្នាក់ងារ​រដ្ឋ​អំណាច​បាន​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​សារព័ត៌មាន​ដល់​ទៅ​ជិត ១០០​នាក់ ក្នុង​នោះ​អ្នក​សារព័ត៌មាន​ជាង ៣០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ខណៈ​ជាង ២០​នាក់​ផ្សេង​ទៀត​ត្រូវ​រង​បណ្តឹង​ផ្លូវច្បាប់ និង​ជិត ២០​នាក់​ទៀត​ត្រូវ​រង​ការ​បៀតបៀន​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក យ៉ាង​ហោច​ណាស់​អ្នក​សារព័ត៌មាន​ជិត ២០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់ ជន​រងគ្រោះ​ត្រូវ​បាន​ផ្តាច់​ជីវិត​ក្នុង​ពេល​កំពុង​បំពេញ​ការងារ ជាពិសេស​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ស៊ើបអង្កេត​ទៅ​លើ​បញ្ហា​រសើប​នានា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស