ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី នៅខេត្តបាត់ដំបង មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬសេរីភាពនៃការបញ្ចេញមតិឡើយ ប៉ុន្តែដោយសារអតីតសង្ឃអង្គនេះប្រព្រឹត្តខុសធម៌វិន័យ និងប្រព្រឹត្តល្មើសពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះថា ការចាប់ខ្លួនអតីតព្រះសង្ឃ ជា វុទ្ធី គឺអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ជាងនេះទៀត ជនត្រូវចោទបានប្រព្រឹត្តខុសវិន័យត្រូវអាបត្តិបារាជិក ដែលបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ព្រោះបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីក្មេងៗជាច្រើននាក់ ក្នុងនោះ ជួនកាលលួចដោះស្បង់ចីពរណាត់ជួបស្រីស្នេហ៍ រហូតដល់មានកូនថែមទៀត។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ការចាប់ខ្លួនអតីតព្រះសង្ឃ ជា វុទ្ធី គឺសមត្ថកិច្ចបានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ ព្រមទាំងភស្តុតាងច្បាស់លាស់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬសេរីភាពនៃការបញ្ចេញមតិឡើយ។
អ្នកនាំពាក្យរូបនេះច្រានចោលរាល់ការលើកឡើងទាំងអស់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដោយចោទសមត្ថកិច្ចថាការអនុវត្តច្បាប់លើអតីតសង្ឃ ជា វុទ្ធី គឺជាការរំលោភបំពានសិទ្ធិសេរីភាពនោះ។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ព្រះភិក្ខុ ជា វុទ្ធី ដែលគង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្តប៉ាឆា ក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលមួយក្រុមឃាត់ព្រះកាយនៅទីតាំងវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបង បន្ទាប់ពីមន្ទីរធម្មការ និងសាសនា ណាត់ជួបព្រះអង្គនៅសាលាគណក្នុងវត្តពោធិ៍វាល។
ជុំវិញបញ្ហានេះ ព្រះភិក្ខុសង្ឃចាស់វស្សាមួយអង្គ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញព្រះនាមនៅថ្ងៃទី៣ មេសា ថា បើភិក្ខុ ជា វុទ្ធី ពិតជាប្រព្រឹត្តខុសរហូតត្រូវអាបត្តិបារាជិកមែន នោះគឺជាសមត្ថចិត្តរបស់មន្ត្រីសង្ឃជាអ្នកអនុវត្តទោសដែរ មិនមែនអាជ្ញាធរនោះទេ។
ព្រះអង្គបញ្ជាក់ថា ការប្រើវិធីរបស់សមត្ថកិច្ចដែលចោទភិក្ខុអង្គនេះពាក់ព័ន្ធនឹងបញ្ហាស្ត្រីភេទបែបនេះ ជាការបង្ហាញឱ្យឃើញពីចេតនារបស់សមត្ថកិច្ចព្យាយាមផ្តាច់ករណីនេះពីរឿងនយោបាយទៅវិញ ដើម្បីបញ្ចៀសនូវការរិះគន់របស់មហាជន។
ចំណែកមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនជុំវិញការចាប់ផ្សឹកព្រះសង្ឃ ជា វុទ្ធី កាលពីថ្ងៃទី២ មេសា នេះថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត គ្មានលទ្ធភាព និងអសមត្ថភាពការពារទឹកដីជារឿងមួយទៅហើយ។ លោកបន្តថា ការពារទឹកដីមិនបាន ហើយបើខ្វះសេចក្តីក្លាហានចុះចេញពីអំណាចក៏ហីទៅចុះ ប៉ុន្តែសូម្បីតែសុំទោសពលរដ្ឋជាសាធារណៈក៏មិនព្រមធ្វើដែរ។ ផ្ទុយទៅវិញ បែរជាបំបិទមាត់ និងចាប់ពលរដ្ឋដែលហ៊ានបញ្ចេញមតិរឿងព្រំដែនគ្មានលោះថ្ងៃថែមទៀត។
កាលពីចុងឆ្នាំ២០២៥ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានគំរាមបន្តកម្ទេចក្រុមប្រឆាំងឥតឈប់ឈរ រហូតទាល់តែអស់ពីទឹកដីខ្មែរ។ លោក ហ៊ុន សែន បញ្ជាក់ថា ការអនុវត្តជំហរនយោបាយងើបមួយវ៉ៃមួយ គឺនៅតែបន្តអនុវត្តដូចមុនដដែល ទោះលោកអស់តំណែងជានាយករដ្ឋមន្ត្រីហើយក៏ដោយ។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា អ្នកទោសមនសិការដែលកំពុងត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ គឺមានចំនួនសរុបជិត ១០០នាក់ (៦៥នាក់) សព្វថ្ងៃនេះ រួមមាន ព្រះសង្ឃ សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបក្សប្រឆាំង រួមទាំងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ផងដែរ ខណៈអ្នកទោសខ្លះត្រូវបានចាប់ឃុំខ្លួនរហូតដល់ទៅពីរលើកឯណោះ ដូចជាអតីតព្រះសង្ឃ កើត សារ៉ាយ ដែលកំពុងត្រូវបានឃុំខ្លួនសព្វថ្ងៃនេះ ជាដើម៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

