30.1 C
Phnom Penh

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​លោក អៀ ចាន់ណា ដោយ​គ្មាន​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អំពាវនាវ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ព្រំដែន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក អៀ ចាន់ណា ដោយ​គ្មាន​លក្ខខណ្ឌ ដោយសារ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​រូប​នេះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។

ក្នុង​សេចក្តី​ថ្លែងការណ៍ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា លោក អៀ ចាន់ណា គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ពី​សំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ ដូច្នេះ​ការ​ចាប់​ឃុំ​ខ្លួន​លោក អៀ ចាន់ណា ជា​ការ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ខណៈ​លោក​ទៅ​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ជាមួយ​គណបក្ស​ភ្លើង​ទៀន។

ប្រភព​ដដែល​ថា លោក អៀ ចាន់ណា មាន​សិទ្ធិ​ពេញលេញ​ចូលរួម​សកម្មភាព​នយោបាយ សកម្មភាព​សង្គម​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ និង​ជា​សកម្មជន​នយោបាយ​ដូច​ពលរដ្ឋ និង​អ្នក​នយោបាយ​ឯ​ទៀត​ដែរ ដោយ​ស្របតាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣៥ ចែង​ថា«ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ»

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​សច្ចាប្រណិធាន និង​ប្ដេជ្ញា​យ៉ាង​មុតមាំ​គោរព​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​គោរព​អនុសញ្ញា កតិកាសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង​របស់​អង្គការ​សហប្រជាជាតិ អ.ស.ប (UN) និង​អង្គការ​អន្តរជាតិ​នានា ដែល​ជា​មាគ៌ា​របស់​កម្ពុជា​ធានា​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ពេញលេញ។

ករណី​នេះ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ទទូច​ទៅ​តុលាការ​រាជធានី​ភ្នំពេញ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ដោះលែង​លោក អៀ ចាន់ណា ដោយ​គ្មាន​លក្ខខណ្ឌ ទម្លាក់​ចោល​បទ​ចោទ​នានា​ទៅ​លើ​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​ទម្លាក់​បទ​ចោទ​លើ​សំណុំរឿង​លោក កឹម សុខា ដើម្បី​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

លោក អៀ ចាន់ណា ជា​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ នៅ​ប្រទេស​ន័រវែស (Norway) ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា នៅ​ផ្សារ​ទំនើប​អ៊ីអន២ ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ក្រោយពី​ចាប់​ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក អៀ ចាន់ណា ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត​កាលពី​ឆ្នាំ​២០២០ និង​ពេល​បន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស