30 C
Phnom Penh

បក្ស​ភ្លើង​ទៀន​ប្រកាស​ទទួល​លទ្ធផល​បោះឆ្នោត​ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រកាស​ទទួល​យក​លទ្ធផល​បោះឆ្នោត ទោះបីជា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ប្រព្រឹត្ត​ទៅ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​លើកឡើង​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ចន្ទ ទី​៦ មិថុនា នេះ​ថា គណបក្ស​ភ្លើង​ទៀន​គ្មាន​ផែនការ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ឡើយ ទោះបី​ដឹង​ថា​កា​របោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី យុត្តិធម៌​ក៏ដោយ។

លោក សុន ឆ័យ បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ភ្លើង​ទៀន​ព្រម​ទទួល​លទ្ធផល មិនមែន​មាន​ន័យ​ថា​គណបក្ស​នេះ​យល់ស្រប​ថា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ធ្វើឡើង​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។ ផ្ទុយទៅវិញ មកពី​គណបក្ស​ភ្លើង​ទៀន​ចង់​ជួប​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ប្រទេស​ជាតិ និង​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ឯករាជ្យ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ហៅ​កាត់​ថា គ.ជ.ប បច្ចុប្បន្ន​មិន​ឯករាជ្យ ហើយ​បាន​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​អំឡុង​ពេល​បោះឆ្នោត​អាណត្តិ​នេះ។

លោក សុន ឆ័យ បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន​បាន​រងគ្រោះ និង​រង​ការ​ចោទប្រកាន់​ពី​សំណាក់​មនុស្ស​មួយ​ចំនួន​ដែល​ថា​ការ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​បក្ស​ភ្លើង​ទៀន​នេះ ដើម្បី​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​ហ៊ឺហា និង​បំពេញ​ភាព​ស្រប​ច្បាប់​គណបក្ស​កាន់​អំណាច។

ដោយ​រងគ្រោះ​ច្រើន​បែប​នេះ លោក​បង្ហាញ​ក្ដី​សង្ឃឹម​ថា គណបក្ស​កាន់​អំណាច​អាច​ងាយ​មក​ចរចា​ជាមួយ​បក្ស​ភ្លើង​ទៀន ដោយ​ថា​បើសិនជា​បក្ស​កាន់​អំណាច​ចរចា នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន ជាពិសេស​ការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។

ចំពោះ​ការ​ដាក់​លិខិត​សុំ​ចរចា​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​ពេល​ណា​នោះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ថា​នៅ​មិន​ទាន់​បាន​កំណត់​នៅឡើយ។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ សហភាព​អឺរ៉ុប ប្រកាស​ដក​ប្រព័ន្ធ​អនុគ្រោះ​ទាំងស្រុង​ចេញពី​ប្រទេស​កម្ពុជា បើសិនជា​ខ្លួន​រក​ឃើញ​ថា​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

បណ្តា​គណបក្ស​នានា​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដែល​ទើប​កន្លង​ផុត​ទៅ​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ បាន​នាំគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មាន​ការ​គំរាមកំហែង និង​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ ជាដើម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស