រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ថ្លែងថា ក្រោយពីធ្វើទំនើបកម្ម «មូលដ្ឋានកងទ័ពជើងទឹករាម» រួចរាល់ នោះនឹងមិនអនុញ្ញាតឱ្យនរណាចូលមើលទៀតទេ ដោយសារទីនោះជាមូលដ្ឋានទ័ពដែលមិនអាចបង្ហាញជាសាធារណៈបានទេ ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជា អះអាងថា មិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លងនៅមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនានេះ លោក ទៀ បាញ់ អះអាងថា កន្លងមកមានការចោទប្រកាន់ម្ដងហើយម្ដងទៀតថា ការធ្វើទំនើបកម្មមូលដ្ឋានទ័ពនៅសមុទ្ររាម គឺជាការប្រគល់មូលដ្ឋាននេះដល់កងទ័ពរំដោះប្រជាជនចិន ប្រើប្រាស់ផ្ដាច់មុខ។ លោកច្រានចោលការចោទប្រកាន់នេះ ដោយថាគ្មានមូលដ្ឋានទ័ពបរទេសណាមួយនៅទីនោះទេ។
លោកបន្តថា មូលដ្ឋានទ័ពនៅសមុទ្ររាមជាដែនអធិបតេយ្យរបស់កម្ពុជា។ កម្ពុជាមានសិទ្ធិពេញលេញក្នុងការសម្រេចធ្វើទំនើបកម្មតាមលទ្ធភាព កម្រិត និងតាមរបៀបរបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិរូបនេះបន្តទៀតថា អំឡុងពេលចាប់ផ្ដើមបើកការដ្ឋានសាងសង់នេះ អ្នកដែលចង់មកមើលមូលដ្ឋានកងទ័ពជើងទឹករាម គឺអាចចូលបាន តែបើទៅថ្ងៃអនាគត នឹងមិនអនុញ្ញាតឱ្យចូលមើលទេ ព្រោះការងារបច្ចេកទេសយោធាជាកិច្ចការផ្ទៃក្នុងដែលមិនអាចបង្ហាញជាសាធារណៈបានទេ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ថា ចិនជួយកសាងមូលដ្ឋានទ័ពរាមដោយគោរពទៅតាមច្បាប់ប្រទេសកម្ពុជា និងគោរពតាមច្បាប់របស់ប្រទេសចិន ហើយគោរពតាមច្បាប់របស់អន្តរជាតិ។ ចិនក៏គ្មានបំណងគ្រប់គ្រងប្រទេសណាមួយដែរ។

ក្នុងជំនួបជាមួយអ្នកស្រី Penny Wong ដែលទើបតែត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានច្រានចោលចំពោះការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម ថាកម្ពុជាបានប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញលិខិតច្រានចោលនូវការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី Penny Wong ថាការកែលំអមូលដ្ឋានកងទ័ពជើងទឹករាម ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា និងដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន ហើយប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រប៉ុណ្ណោះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានប្ដេជ្ញាផងដែរកាលពីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកកាលពីពាក់កណ្តាលខែឧសភា កន្លងទៅថា កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ ដែលជាការឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលកម្ពុជាត្រូវបានគេសង្ស័យថាបានផ្តល់មូលដ្ឋានកងទ័ពជើងទឹករាម ឱ្យកងទ័ពចិន ធ្វើជាមូលដ្ឋានយោធាក្នុងកិច្ចសន្យាសម្ងាត់មួយដែលមានរយៈពេល ៣០ឆ្នាំកាលពីពេលកន្លងទៅនេះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ មិថុនា ថា ប្រទេសអូស្ត្រាលីក៏មានការព្រួយបារម្ភពីបញ្ហានេះយ៉ាងខ្លាំងដែរ ព្រោះថាបើកម្ពុជាលួចឃុបឃិតជាមួយចិនឱ្យដាក់កងទ័ពនៅតំបន់រាមមែននោះ នឹងបង្កការគំរាមកំហែងដល់ដែនអធិបតេយ្យរបស់អូស្ត្រាលីយ៉ាងធ្ងន់ធ្ងរ ព្រោះថាទំនាក់ទំនងកម្ពុជាជាមួយចិនបច្ចុប្បន្ននេះ ទាំងទំនាក់ទំនងការទូត និងទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំ និងមេដឹកនាំ សុទ្ធតែបង្ហាញភាពស្អិតល្មួតលើសពីទំនាក់ទំនងរវាងរដ្ឋមួយជាមួយនឹងរដ្ឋមួយទៀត។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា គេនៅតែមិនអាចដឹងច្បាស់ទេថាជនជាតិចិនដែលសម្រុកចូលទៅធ្វើពាណិជ្ជកម្មរាប់សិបម៉ឺននាក់នៅកម្ពុជាសព្វថ្ងៃនេះ ជាពាណិជ្ជករធម្មតា ឬជាកងទ័ព ឬជាចារកម្មរបស់រដ្ឋាភិបាលចិននោះឡើយ។
ស្របពេលដែលកម្ពុជាសុខចិត្តវាយកម្ទេចអគារដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក តែបែរជាជំនួសដោយអគារដែលសាងសង់ក្រោមជំនួយរបស់ចិននៅពេលនេះ ដែលបញ្ហាទាំងនេះគឺសុទ្ធសឹងតែជាចំណុចសង្ស័យទាំងអស់ជុំវិញបញ្ហាកងទ័ពជើងទឹកចិននៅតំបន់រាមនេះ។
ជុំវិញបញ្ហានេះ កាលពីឆ្នាំ២០១៩ កាសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា កម្ពុជា និងចិន បានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យចិនមានសិទ្ធិផ្ដាច់មុខចូលទៅប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងរយៈពេល ៣០ឆ្នាំ ដោយអាចបន្តឡើងវិញនៅរៀងរាល់ ១០ឆ្នាំម្ដង៕