30.7 C
Phnom Penh

ក្រសួង​ការងារ​ថា​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ច្រានចោល​សំណើ​របស់​កម្មករ​និយោជិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ​កម្ពុជា អះអាង​ថា ការ​ចរចា​រក​ដំណោះស្រាយ​វិវាទ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) និង​ថៅកែ​ក្រុមហ៊ុន មិន​ទាន់​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​បាន​នៅឡើយ​ទេ ខណៈ​ភាគី​ខាង​ក្រុមហ៊ុន​បាន​ច្រានចោល​សំណើ​ទាំងស្រុង​របស់​កម្មករ​និយោជិត។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ ថា ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ជិត ២០០​នាក់​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល​ជា ៣០០​នាក់។

ជាង​នេះ​ទៀត ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត​ទាំងនោះ ក៏​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់ ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​អ្នក​ធ្វើ​កូដកម្ម​ផង​ដែរ តាមរយៈ​នៃ​ការ​ផ្អាក​វិភាគទាន ប.ស.ស ដោយ​ការ​មិន​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​សម្រាក​លំហែ​មាតុភាព ព្រោះ​ថា​មិន​មាន​ច្បាប់ ប.ស.ស ណា​មួយ​បាន​ចែង​ពី​ការ​ផ្អាក​វិភាគទាន ប.ស.ស ដល់​កម្មករ​ដែល​ធ្វើ​កូដកម្ម​នោះ​ឡើយ។

សេចក្តី​ជូនដំណឹង​ដដែល​អះអាង​ថា ខាង​ភាគី​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ច្រានចោល​ទាំងស្រុង​នូវ​សំណើ​ទាំងអស់​របស់​ភាគី​ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត ក្នុង​នោះ​ភាគី​ក្រុមហ៊ុន​ជំរុញ​ឱ្យ​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​នៅសល់​ចំនួន ១៧៥​នាក់ ទៅ​ទទួល​យក​កញ្ចប់​បញ្ចប់​កិច្ចសន្យា​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន ហើយ​លើស​ពី​នេះ ពួកគេ​នឹង​ទទួល​បាន​ថវិកា​បន្ថែម​ផង​ដែរ។

ជាង​នេះ​ទៀត ភាគី​ខាង​ក្រុមហ៊ុន​បាន​បដិសេធ​នូវ​សំណើ​ដែល​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​វិភាគទាន ប.ស.ស ដល់​បុគ្គលិក​ដែល​ធ្វើ​កូដកម្ម​ផង​ដែរ ព្រោះ​ភាគី​ខាង​ក្រុមហ៊ុន​អះអាង​ថា វិភាគទាន ប.ស.ស គឺ​ពឹង​ផ្អែក​លើ​ចំណូល​ជាក់ស្តែង​របស់​បុគ្គលិក​ម្នាក់​ដែល​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន ប៉ុន្តែ​បើ​បុគ្គលិក​ទាំងនោះ​មិន​បាន​ធ្វើការ​ទេ ក្រុមហ៊ុន​មិន​អាច​បង់​វិភាគទាន ប.ស.ស សម្រាប់​បុគ្គលិក​ទាំងនោះ​ឡើយ។

ក្រសួង​ការងារ​កម្ពុជា បញ្ជាក់​ថា ដោយសារតែ​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​មិន​ទាន់​អាច​ឈាន​ដល់​ចំណុច​ព្រមព្រៀង​គ្នា ក្រសួង​បាន​កំណត់​កាលបរិច្ឆេទ​ប្រជុំ​លើក​ក្រោយ​ទៀត​នៅ​ថ្ងៃទី​២២ មិថុនា ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរ​មាន​ឱកាស​ពិចារណា​ឡើងវិញ ដើម្បី​ឈាន​ដល់​ការ​សម្បទាន​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ដែល​អាច​ឱ្យ​បញ្ហា​នេះ​បញ្ចប់​ដោយ​ល្អ​ប្រសើរ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មិថុនា នេះ​ថា ក្រសួង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​តម្រូវ​ឱ្យ​ភាគី​ណា​មួយ​អនុវត្ត​ទៅតាម​ច្បាប់​ការងារ​របស់​កម្ពុជា ប៉ុន្តែ​បើ​ក្រសួង​នៅតែ​បន្ត​ធ្វើ​ការ​ជា​អ្នក​សម្របសម្រួល​បែប​នេះ បញ្ហា​នេះ​នឹង​បន្ត​អូស​បន្លាយ​ពេល​ទៅ​ទៀត​រក​ទី​បញ្ចប់​គ្មាន​នោះ​ទេ។

លោក មឿន តុលា អះអាង​ថា ក្រសួង​ការងារ​ក៏​មាន​នាយកដ្ឋាន​អធិការកិច្ច​ដើម្បី​ត្រួតពិនិត្យ​ពី​ការ​អនុវត្ត​ច្បាប់​របស់​ក្រុមហ៊ុន​ផង​ដែរ ដើម្បី​ឱ្យ​ខ្លួន​ប្រាកដ​ថា តើ​ក្រុមហ៊ុន​បាន​អនុវត្ត​កិច្ចការ​របស់​ពួកគេ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​កម្មករ​និយោជិត​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​របស់​កម្ពុជា​ដែរ​អត់ ក្នុង​នោះ​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​ទេ ក្រសួង​ត្រូវតែ​ដាក់​ពិន័យ​លើ​ក្រុមហ៊ុន​នោះ​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។

លោក តុលា បន្ថែម​ទៀត​ថា ប្រសិនបើ​ក្រសួង​នៅតែ​បន្ត​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​ក្រុមហ៊ុន​បន្ត​ទៀត​នោះ អ្នក​ដែល​រង​ការ​លំបាក​ពី​បញ្ហា​នេះ គឺ​មាន​តែ​កម្មករ​និយោជិត​ប៉ុណ្ណោះ។

មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ចែង​ថា អធិការកិច្ច​ការងារ​ត្រូវ​មាន​បេសកកម្ម​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ការងារ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវភាព​នៃ​កម្មករ​និយោជិត និង​គ្រួសារ​នៃ​ជន​ទាំងនោះ។

វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​អូស​បន្លាយ​ពេល​អស់​រយៈពេល​ជិត ៦​ខែ​ហើយ ប៉ុន្តែ​ពួកគេ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ណា​មួយ​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ចេះ​តែ​បង្កើន​ការ​បង្ក្រាប​ដោយ​វិធី​ផ្សេងៗ ដោយ​ការ​ចាប់​ឃុំ​ខ្លួន និង​រារាំង​មិន​ឱ្យ​ពួកគេ​ធ្វើ​ការ​តវ៉ា​ទាមទារ​ជាមួយ​ក្រុមហ៊ុន​បន្ត​ទៀត ខណៈ​ក្រសួង​ការងារ​ក៏​មិន​ទាន់​មាន​វិធានការ​ណា​មួយ​លើ​ក្រុមហ៊ុន​ដែល​បាន​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​ទាំងនោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស