36 C
Phnom Penh

បទវិភាគ៖ អាមេរិក​និង​ចិន​ចាប់ផ្ដើម​បង្ក​សង្គ្រាម​វោហារសាស្ត្រ​ធ្ងន់ៗ​ដាក់​គ្នា​ដណ្ដើម​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក ជា​ដែនដី​ដាច់​ឆ្ងាយ​ពី​គ្នា​រាប់​ពាន់​គីឡូម៉ែត្រ តែ​បើ​ធៀប​រវាង​ចិន និង​តៃវ៉ាន់ វិញ នៅ​កៀក​គ្នា​ដោយ​ឆ្លងកាត់​តែ​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ នឹង​មក​ដល់​កោះ​តៃវ៉ាន់ ព្រោះ​មួយ​នៅ​ដីគោក ហើយ​មួយ​នៅ​លើ​ដី​កោះ។

ប៉ុន្តែ​ចិន និង​តៃវ៉ាន់ បើ​ទោះជា​សាច់ឈាម​តែ​មួយ​មែន តែ​ជា​សត្រូវ​ប្រវត្តិសាស្ត្រ​នឹង​គ្នា​ទៅ​ហើយ។ សាធារណរដ្ឋ​ចិន ដែល​មាន​នៅ​លើ​កោះ​តៃវ៉ាន់ សព្វថ្ងៃ​នេះ គឺជា​ម្ចាស់​គ្រប់គ្រង​ក្រុង​ប៉េកាំង និង​ដែនដី​ចិន​ទាំងមូល ប៉ុន្តែ​ក្នុង​សង្គ្រាម​ត្រជាក់​ពិភពលោក​ផ្ទុះឡើង គឺ​ដែនដី​ប៉េកាំង​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល ឬ​សង្គ្រាម​សាច់ឈាម​ខ្លួនឯង។

នៅ​ចុង​ទសវត្ស​១៩៤០ សង្គ្រាម​ស៊ីវិល​ផ្ទុះ​ពេញ​ទំហឹង​ដែល​ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​រវាង​កងទ័ព​នៃ​របប​សាធារណរដ្ឋ​ចិន និង​កងទ័ព​បដិវត្តន៍​កុម្មុយនីស្ត​ចិន​ដឹកនាំ​ដោយ​កម្មាភិបាល ម៉ៅ សេទុង។ សង្គ្រាម​សាច់ឈាម​តែ​មួយ​នេះ ទីបំផុត​កងទ័ព​ព្រៃ​បាន​វាយ​ផ្ដួល​រំលំ​បាន​ដោយ​ជោគជ័យ​លើ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ចិន ដឹកនាំ​ដោយ​ប្រធានាធិបតី ចាង កាយចៀក។

សាធារណរដ្ឋ​ប្រជាមានិត​ចិន ឬ​របប​ចិន​កុម្មុយនីស្ត​ចិន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​១៩៤៩ ក្រោយពី​បណ្តេញ​រដ្ឋាភិបាល​គួមីនតាង ដឹកនាំ​ដោយ​លោក ចាង កាយចៀក ឱ្យ​ធ្លាក់​ពី​អំណាច ហើយ​ទីបំផុត​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​នេះ​បាន​រត់​ទៅ​ទើរ​នៅ​កោះ​តៃវ៉ាន់ មក​ទល់​នឹង​សព្វថ្ងៃ​នេះ។

មេដឹកនាំ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឬ​របប​ចិន​កុម្មុយនីស្ត​ដឹកនាំ​ដោយ​កម្មាភិបាល ម៉ៅ សេទុង។ ការ​ដួល​រលំ​របប​សាធារណរដ្ឋ​ចិន បាន​នាំ​ឱ្យ​អាមេរិក​បាត់បង់​សម្ពន្ធភាព​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​នៅ​អាស៊ី ខណៈ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​សហភាព​សូវៀត ដែល​ជា​ប្រទេស​កុម្មុយនីស្ត​ដូច​គ្នា។

នៅ​ដើម​ឆ្នាំ​១៩៥០ ម៉ៅ សេទុង ដែល​ជា​លេខា​បក្ស​ផង និង​ជា​ប្រធានាធិបតី​ផង រួម​នឹង ជូ អេនឡាយ ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មូស្គូ ដើម្បី​ចរចា​ចុះសន្ធិសញ្ញា​មិត្តភាព​ជាមួយ​សហភាព​សូវៀត។ តាមរយៈ​សន្ធិសញ្ញា​មិត្តភាព​នេះ ប្រទេស​កុម្មុយនីស្ត​ដ៏​ធំ​ទាំង​ពីរ​បាន​ពួត​ដៃ​គ្នា​កាន់តែ​ខ្លាំង​ពង្រឹង​របប​កុម្មុយនីស្ត ហើយ​ទប់ទល់​ឥទ្ធិពល​អ្នក​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

ការ​ឡើង​កាន់​អំណាច​របស់​ពួក​កុម្មុយនីស្ត​នៅ​ចិន គឺជា​បរាជ័យ​ដ៏​ធំ​មួយ​នៃ​នយោបាយ​ការបរទេស​អាមេរិក​នៅ​ក្នុង​សម័យកាល​នោះ។ រដ្ឋការ​របស់​ប្រធានាធិបតី​អាមេរិក លោក Harry Truman បាន​ធ្វើការ​សន្និដ្ឋាន​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន ដឹកនាំ​ដោយ ចាង កាយចៀក បាន​បាត់បង់​ការ​គាំទ្រ​ទាំងស្រុង​ពី​សំណាក់​ប្រជាជន​ចិន ទើប​ចាញ់​សង្គ្រាម។

តែ​នៅ​ឆ្នាំ​១៩៥០ កងទ័ព​កុម្មុយនីស្ត​ចិន រៀបចំ​ដើម្បី​វាយលុក​លើ​តៃវ៉ាន់ បញ្ចប់​រដ្ឋាភិបាល​របស់​លោក ចាង កាយចៀក។ តែ​ស្រប​ពេល​នោះ នៅ​ខែ​មិថុនា ឆ្នាំ​១៩៥០ សង្គ្រាម​កូរ៉េ​ក៏​ផ្ទុះឡើង គឺ​សហរដ្ឋ​អាមេរិក​ក៏​ចាប់ផ្ដើម​ស្វះស្វែង​ប្រមូល​កម្លាំង​សម្ពន្ធមិត្ត​ជួយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។ សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ គឺ​មិន​ខុស​នឹង​សង្គ្រាម​នៅ​លើ​ទឹកដី​ចិន ក្រុង​ប៉េកាំង នោះ​ទេ គឺ​សង្គ្រាម​សាច់ឈាម​តែ​មួយ​ដូច​គ្នា ដែល​គេ​ហៅថា​សង្គ្រាម​ស៊ីវិល។

សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ​នេះ​ហើយ​ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ជាប់​ដៃ​ជួយ​ពួក​ទ័ព​ព្រៃ​នៃ​បដិវត្តន៍​ពលករ​កូរ៉េ ដឹកនាំ​ដោយ​កម្មាភិបាល គីម អ៊ីលស៊ុង ដែល​ជា​ជីតា​របស់​លោក គីម ជុងអ៊ុន។

នៅ​ក្នុង​រយៈពេល ៤​ឆ្នាំ គឺ​ពី​រវាង​ឆ្នាំ​១៩៥០-១៩៥៣ កងទ័ព​អាមេរិក និង​កងទ័ព​កុម្មុយនីស្ត​ចិន ត្រូវ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្គ្រាម​កូរ៉េ គឺ​អាមេរិក​គាំទ្រ​កូរ៉េ​ខាងត្បូង ហើយ​ចិន​គាំទ្រ​កូរ៉េ​ខាងជើង។ ចិន​បញ្ជូន​ទ័ព​រាប់​ម៉ឺន​នាក់​ជួយ​កូរ៉េ​ខាងជើង​ដោយ​អាវុធ​រាប់​ម៉ឺន​ដើម​ជួយ​ពី​សហភាព​សូវៀត។ សង្គ្រាម ៤​ឆ្នាំ​បាន​បិទ​បញ្ចប់ ដោយ​ការ​ពុះ​ច្រៀក​ទឹកដី​កូរ៉េ​ជា​ពីរ​មក​ដល់​សព្វថ្ងៃ​នេះ។

នៅ​ពេល​នោះ បក្ស​កុម្មុយនីស្ត​ចិន​គិត​ថា អាមេរិក​ចង់​ទាញ​សង្គ្រាម​កូរ៉េ​ជា​លេស​ដើម្បី​ចូល​ឈ្លានពាន​ចិន ក្នុង​គោលដៅ​នាំ​ប្រធានាធិបតី ចាង កាយចៀក មក​កាន់​អំណាច​វិញ។ តែ​បើ​និយាយ​អំពី​សហរដ្ឋ​អាមេរិក​វិញ​គិត​ថា សង្គ្រាម​កូរ៉េ​ផ្ទុះឡើង គឺ​ដោយសារតែ​ចិន​ជា​អ្នក​ដុត​បញ្ឆេះ​ឡើង​ក្នុង​គោលដៅ​ពង្រីក​ឥទ្ធិពល​កុម្មុយនីស្ត​នៅ​ក្នុង​តំបន់ ដែល​អាមេរិក​ចាំបាច់​ត្រូវ​ជួយ​ប្រទេស​ប្រជាធិបតេយ្យ។

ដោយ​មើល​ឃើញ​អំពី​គ្រោះថ្នាក់​ដល់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ លោក​ប្រធានាធិបតី​អាមេរិក Harry Truman បាន​បញ្ជូន​កងទ័ព​ជើងទឹក​អាមេរិក​ឱ្យ​ទៅ​ប្រចាំការ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ដោយ​ឱ្យ​ទៅ​ឈរ​ជើង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ គឺ​មើល​ទៅ​អាមេរិក​ជួយ​ការពារ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន ដែល​រត់​ទៅ​ទើរ​លើ​ដែន​កោះ​មួយ​នេះ។

សហរដ្ឋ​អាមេរិក​នៅពេល​នោះ​ហើយ​ដែល​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​នយោបាយ​ការបរទេស​ដោយ​សម្រេច​ការពារ​រដ្ឋ​អំណាច​របស់​ប្រធានាធិបតី ចាង កាយចៀក រហូត​រដ្ឋាភិបាល​ដែនដី​ទាំង​ពីរ គឺ​អាមេរិក និង​តៃវ៉ាន់ ឬ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ក្រោម​ច្បាប់​ទំនាក់ទំនង​អាមេរិក និង​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧៩។ ច្បាប់​នេះ​ហើយ​តម្រូវ​ឱ្យ​គ្រប់​រដ្ឋការ​អាមេរិក​ទាំងអស់ គឺ​គ្រប់​អាណត្តិ​ត្រូវ​ជួយ​ការពារ​តៃវ៉ាន់ ក្នុង​ស្មារតី​ជួយ​ដែនដី​ប្រជាធិបតេយ្យ​មួយ​នេះ​ទប់ទល់​ការ​គំរាមកំហែង ឬ​ឈ្លានពាន​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ដោយ​អនុវត្ត​បែប​នេះ បាន​នាំ​ឱ្យ​រដ្ឋការ​លោក បៃដិន តែងតែ​ព្រមាន​ចិន​កុំ​ឱ្យ​ឈ្លានពាន​តៃវ៉ាន់​ឱ្យ​សោះ ហើយ​ថា​អាមេរិក​ពិត​ណាស់​នឹង​ជួយ​តៃវ៉ាន់ ដោយ​អន្តរាគមន៍​កងទ័ព​ទៀត​ផង។ ដូច​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​វេទិកា​ទាំងអស់ គឺ​ទាំង​លោក បៃដិន ក្ដី លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken និង​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ ឡយ អូស្ទីន តែងតែ​ផ្ញើ​សារ​ទៅ​ប្រាប់​ចិន​ថា អាមេរិក​ត្រូវ​ប្រកាន់​យក​ការពារ​តៃវ៉ាន់​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ទោះជា​អាមេរិក​នៅ​បន្ត​អនុវត្ត​នយោបាយ​ចិន​តែ​មួយ​ក៏ដោយ។

នៅ​លើ​វេទិកា​សន្តិសុខ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នៅ​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី​១២ មិថុនា រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ គឺ​អាមេរិក និង​ចិន បាន​ផ្ទុះ​សង្គ្រាម​វោហារសាស្ត្រ​ដាក់​គ្នា​ដោយ​ផ្ទាល់​តែ​ម្ដង។ លោក ឡយ អូស្ទីន បាន​ប្រាប់​ទៅ​សមភាគី​ចិន លោក Wei Fenghe ថា​អាមេរិក​មាន​កាតព្វកិច្ច គឺ​ជួយ​កោះ​តៃវ៉ាន់​ក្នុង​ការ​ការពារ​ប្រជាធិបតេយ្យ​របស់​ដែន​កោះ​នេះ។ លោក​ប្រមុខ​ការពារ​ជាតិ​ប្រទេស​មហាអំណាច​នេះ បាន​ព្រមាន​ថា កុំ​ឈ្លានពាន​កោះ​តៃវ៉ាន់​ឱ្យ​សោះ ដែល​លោក​ថា​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ និង​ជា​ដែន​ប្រជាធិបតេយ្យ​នៅក្នុង​តំបន់។ ជា​ដែនដី​មាន​រដ្ឋ​អំណាច​ដាច់ដោយឡែក​ពី​ចិន ដែល​ចាំបាច់​អាមេរិក​នឹង​ជួយ​អន្តរាគមន៍​ដែន​កោះ​មួយ​នេះ។

ជំហរ​របស់​អាមេរិក បាន​នាំ​ឲ្យ​លោក Wei Fenghe រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន ប្រតិកម្ម​ជា​ខ្លាំង​ប្រឆាំង​នឹង​អាមេរិក។

លោក Wei Fenghe បាន​ថ្លែង​ថា ទំនាក់ទំនង​ចិន-អាមេរិក បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ផុយ​ស្រួយ ហើយ​ចិន​សូម​ប្រាប់​ថា ស្ថិរភាព​នៃ​ទំនាក់ទំនង​ចិន-អាមេរិក គឺ​សមស្រប​នឹង​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​ពីរ។ លោក​ព្រមាន​ថា ការ​យក​ករណី​តៃវ៉ាន់​មក​គាបសង្កត់​ចិន គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក Wei Fenghe បាន​ព្រមាន​ថា ទោះ​ជា​កាលៈទេសៈ​ណា​ក៏ដោយ ឱ្យ​តែ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ថា​ជា​រដ្ឋ​ឯករាជ្យ គឺ​ពេល​នោះ​ហើយ​ដែល​ចិន ត្រូវ​លើក​ទ័ព​វាយ​កាន់កាប់​តៃវ៉ាន់ ទោះ​ជា​អាមេរិក​អន្តរាគមន៍​ជួយ​ដែន​កោះ​នេះ​ក៏ដោយ។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​រូប​នេះ​ប្រាប់​ទៀត​ថា កុំ​វាយប្រហារ និង​លាប​ពណ៌​ចិន កុំ​គាបសង្កត់​ចិន កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន កុំ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ចិន គឺ​ចិន​មិន​ខ្លាច ហើយ​ក៏​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​វាយ​យក​តៃវ៉ាន់​នោះ​ដែរ។ ដោយ​មើល​ឃើញ​ដូចនេះ គឺ​មិន​ខុស​អ្វី​គេ​ថា អាមេរិក និង​ចិន ចាប់ផ្ដើម​បង្ក​សង្គ្រាម​វោហារសាស្ត្រ​ធ្ងន់ៗ​ដាក់​គ្នា​ដណ្ដើម​យក​កោះ​តៃវ៉ាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស