26.3 C
Phnom Penh

រដ្ឋបុរស​នៃ​កោះ​តៃវ៉ាន់ ប្រកាស​មិន​ជ្រក​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​ចិន​ដី​គោក​ដាច់ខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​តៃវ៉ាន់ លោក Lai Ching-te នៅ​ថ្ងៃ​សុក្រ ទី​៣១ តុលា នេះ បាន​ប្រកាស​ថា កោះ​តៃវ៉ាន់ មិន​មាន​បំណង​ចង់​គាំទ្រ​គំនិត​របស់​ទីក្រុង​ប៉េកាំង នៅ​ក្នុង​គម្រោង «ប្រទេស​មួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ» នោះ​ទេ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន NBC News លោក​ប្រធានាធិបតី Lai Ching-te ប្ដេជ្ញា​ប្រឹងប្រែង​ថែរក្សា​សេរីភាព ការពារ​អធិបតេយ្យ ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​ចុះផ្សាយ​អត្ថបទ​ជាបន្តបន្ទាប់​ដោយ​លើកឡើង​ថា ប្រសិនបើ​តៃវ៉ាន់ យល់ព្រម​ទទួលយក​ការ​អះអាង​អធិបតេយ្យ​របស់​ចិន ទីក្រុង​ប៉េកាំង នឹង​អនុញ្ញាត​ឱ្យ​អនុវត្ត​គោលនយោបាយ «ប្រទេស​មួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ» ដែល​ក្រុង​ប៉េកាំង កំពុង​អនុវត្ត​ទៅ​លើ​ទីក្រុង​ហុងកុង និង​ទីក្រុង​ម៉ាកាវ។

ដោយ​ឆ្លើយតប​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន ដូចនេះ លោក Lai Ching-te ប្រធានាធិបតី​កោះ​តៃវ៉ាន់ បាន​ថ្លែង​ប្រាប់​កងទ័ព​តៃវ៉ាន់ ថា មាន​តែ​ភាព​រឹងមាំ​ប៉ុណ្ណោះ​ដែល​អាច​នាំមក​នូវ​សន្តិភាព​ពិតប្រាកដ។

លោក Lai Ching-te ដែល​ច្រានចោល​គោលនយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​របស់​លក្ខខណ្ឌ​ចិន លោក​បាន​បញ្ជាក់​ថា តៃវ៉ាន់​នឹង​បន្ត​ថែរក្សា​ការពារ​សិទ្ធិ​សេរីភាព និង​ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ​បែប​ប្រជាធិបតេយ្យ ព្រោះ​ថា​នៅ​តៃវ៉ាន់ ពុំ​មាន​គណបក្ស​នយោបាយ​ធំៗ​ណា​មួយ​បាន​ប្រកាស​គាំទ្រ​គំនិត «ប្រទេស​មួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ» នេះ​ឡើយ។

ជាមួយ​គ្នា​នេះ លោក Lai Ching-te ថ្លែង​បែប​ចំអក​ថា តៃវ៉ាន់​និង​ចិន មិន​មាន​មួយ​ណា​គួរ​ចំណុះ​ឱ្យ​មួយ​ណា​នោះ​ទេ។ ចំណែកឯ​អធិបតេយ្យ​ជាតិ​តៃវ៉ាន់ ក៏​មិន​អាច​ត្រូវ​បាន​នរណា​ឈ្លានពាន​ដាច់ខាត។

តាម​ការ​ស្ទង់មតិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កោះ​តៃវ៉ាន់ ប្រជាជន​កោះ​តៃវ៉ាន់ ជាង ៧៥​ភាគរយ​មិន​យល់ស្រប​ឱ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​តៃវ៉ាន់ ក្រោម​ដំបូល​របស់​បក្ស​កុម្មុយនីស្ត​ក្រុង​ប៉េកាំង នោះ​ទេ ព្រោះ​កោះ​តៃវ៉ាន់ ជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឯករាជ្យ មិន​ក្រោម​ការ​ចង្អុល​បង្គាប់​ដូច​ទីក្រុង​ហុងកុង ឬ​ទីក្រុង​ម៉ាកាវ នោះ​ទេ។ ទីក្រុង​ហុងកុង និង​ទីក្រុង​ម៉ាកាវ បាន​ធ្លាក់​នៅ​ក្រោម​ដំបូល​របស់​បក្ស​កុម្មុយនីស្ត​ចិន នៅ​ក្នុង​ឆ្នាំ​១៩៩៧ និង​ឆ្នាំ​១៩៩៩ ព្រោះតែ​អតីត​អាណានិគម​អង់គ្លេស បាន​ប្រគល់​ដែនដី​ពីរ​នេះ​ទៅ​ឱ្យ​ទីក្រុង​ប៉េកាំង។

ប្រធានាធិបតី ស៊ី ជីនពីង និង​សមភាគី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​រាយការណ៍​ថា មិន​បាន​លើកឡើង​អំពី​កោះ​តៃវ៉ាន់ នោះ​ទេ។ លោក ត្រាំ និយាយ​ថា ប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​តៃវ៉ាន់ មិន​ស្ថិត​ក្នុង​គំនិត​របស់​លោក​ចង់​លើកឡើង​នៅ​ចំពោះ​លោក ស៊ី ជីនពីង នោះ​ទេ។

ប៉ុន្តែ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ចិន បាន​និយាយ​ថា ចិន​ដាច់ខាត​នឹង​មិន​បោះបង់​ចោល​នូវ​ជម្រើស​នៃ​ការ​ប្រើប្រាស់​កម្លាំង​ជុំវិញ​ការ​ទាញ​កោះ​តៃវ៉ាន់ ធ្វើ​សមាហរណកម្ម​ដែនដី​រដ្ឋបាល​នៃ​ក្រុង​ប៉េកាំង នោះ​ទេ។

លោក Peng Qingen អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់ របស់​រដ្ឋាភិបាល​ចិន បាន​លើកឡើង​ថា ការ​បង្រួបបង្រួម​គ្នា​ដោយ​សន្តិវិធី​ជាមួយ​តៃវ៉ាន់ ក្នុង​ស្តង់ដា «ប្រទេស​មួយ ប្រព័ន្ធ​ពីរ» គឺជា​ជម្រើស​ដ៏​ល្អ ដែល​ជា​ការ​ជៀសវាង​ការ​ប្រើ​កម្លាំង​ទ័ព។

តាម​លោក Peng ក្រុង​ប៉េកាំង មាន​ឆន្ទៈ​បង្កើត​ឱកាស​គ្រប់គ្រាន់​សម្រាប់​ការ​បង្រួបបង្រួម​ដោយ​សន្តិវិធី ដែល​កំពុង​ប្រឹងប្រែង​អស់​ពី​លទ្ធភាព ដើម្បី​សម្រេច​គោលដៅ​នេះ តែ​ដាច់ខាត​នឹង​មិន​បោះបង់​ចោល​ជម្រើស​នៃ​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​ក្នុង​ចំណាត់ការ​ចាំបាច់។

សូម​រំឭក​ថា នៅ​លើ​កោះ​តៃវ៉ាន់ សព្វថ្ងៃ​នេះ មាន​ប្រជាជន​ជាង ២៣​លាន​នាក់។ របប​ដឹកនាំ​លើ​ដែនដី​កោះ​តៃវ៉ាន់ គឺ​ការ​ប្រកាន់​តាម​មាគ៌ា​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​យក​ឆន្ទៈ​ម្ចាស់​ឆ្នោត​ជា​អ្នក​កំណត់​គោលការណ៍​ដឹកនាំ​រដ្ឋ។ កោះ​តៃវ៉ាន់ នៅតែ​ប្រកាន់​របប​ប្រជាធិបតេយ្យ​តាងនាម​ឱ្យ​សាធារណរដ្ឋ​ចិន របស់​អតីត​ប្រធានាធិបតី Chiang Kai-shek ដែល​មាន​មក​ដល់​សព្វថ្ងៃ​នេះ។

របប​សាធារណរដ្ឋ​ចិន បាន​ចាញ់​សង្គ្រាម​ស៊ីវិល​នឹង​កងទ័ព​បដិវត្តន៍​ចិន ខណៈ​រដ្ឋធានី​ប៉េកាំង បាន​ធ្លាក់​នៅ​ក្រោម​កងទ័ព​នៃ​ក្រុម​កម្មាភិបាល ម៉ៅ សេទុង នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៤៩។ ក្នុង​ឆ្នាំ​១៩៤៩ នោះ​ហើយ​ដែល​លោក​ប្រធានាធិបតី​ចាញ់​សង្គ្រាម Chiang Kai-shek លើក​គណៈរដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ទៅ​តាំង​វិមាន​រដ្ឋាភិបាល​នៅ​ទីក្រុង​តៃប៉ិះ មក​ទល់​នឹង​សព្វថ្ងៃ​នេះ។

របប​នេះ បាន​បាត់​របូត​អាសនៈ​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ​១៩៧១ ហើយ​អាសនៈ​នេះ​បាន​ធ្លាក់​ទៅ​ទីក្រុង​ប៉េកាំង តាមរយៈ​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លេខ ២៧៥៨ ដែល​អនុម័ត​ទទួលស្គាល់​របប​ប្រជាមានិត​ចិន ជា​រដ្ឋ​តំណាង​ពលរដ្ឋ​ចិន នៅ​អង្គការ​សហប្រជាជាតិ ហើយ​តំណាង​របស់​ចិន ក៏​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​រហូត​ទល់​នឹង​សព្វថ្ងៃ។ ចំពោះ​តៃវ៉ាន់ វិញ ពុំ​មាន​អាសនៈ​តំណាង​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ទេ។

បច្ចុប្បន្ន ប្រទេស​ដែល​នៅ​ពីក្រោយ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ និង​ការពារ​របប​ប្រជាធិបតេយ្យ​កោះ​តៃវ៉ាន់ យ៉ាង​ខ្លាំង គឺ​សហរដ្ឋ​អាមេរិក។ គ្រប់​រដ្ឋការ និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅតែ​ប្រកាន់ខ្ជាប់​សន្ធិសញ្ញា​យោធា​ជាមួយ​របប​សាធារណរដ្ឋ​ចិន​កោះ​តៃវ៉ាន់ តាំងពី​ឆ្នាំ​១៩៧១ មក។ សហរដ្ឋ​អាមេរិក តែងតែ​ប្រឆាំង​ដាច់ខាត​មិន​ឱ្យ​ទីក្រុង​ប៉េកាំង លើក​ទ័ព​វាយ​កាន់កាប់​ដែនដី​កោះ​តៃវ៉ាន់។ ទីក្រុង​វ៉ាស៊ីនតោន តែងតែ​អះអាង​ការ​ធ្វើ​សមាហរណកម្ម​ដែន​កោះ​តៃវ៉ាន់ នៅ​ក្រោម​ទីក្រុង​ប៉េកាំង វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាជន​កោះ​តៃវ៉ាន់ តែ​យ៉ាងណា ប្រជាជន​តៃវ៉ាន់ និង​ប្រជាជន​ចិន ជា​សាច់ឈាម និង​អម្បូរ​ជាតិ​សាសន៍​តែ​មួយ៕

ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក Wellington Koo ចូលរួម​ពិធី​ប្រគល់​រថក្រោះ M1A2T Abrams ដំបូង​របស់​តៃវ៉ាន់ នៅ​មូលដ្ឋាន​យោធា Hukou ក្នុង​ទីក្រុង Hsinchu ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៥។ (រូបថត៖ REUTERS)
ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក Wellington Koo ចូលរួម​ពិធី​ប្រគល់​រថក្រោះ M1A2T Abrams ដំបូង​របស់​តៃវ៉ាន់ នៅ​មូលដ្ឋាន​យោធា Hukou ក្នុង​ទីក្រុង Hsinchu ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៥។ (រូបថត៖ REUTERS)

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស