28 C
Phnom Penh

តុលាការ​ដោះលែង​អតីត​ស្នងការ​រង​ខេត្ត​កណ្តាល​ភ្លាមៗ​ក្រោយ​ឃើញ​ដីកា​មិន​ឱ្យ​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​បាន​ដោះលែង​អតីត​ស្នងការ​រង​ខេត្ត​កណ្តាល លោក ស្រេង សុខា ភ្លាមៗ​វិញ​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន។

កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២២ សមត្ថកិច្ច​ខេត្ត​កណ្ដាល បាន​ចាប់​ខ្លួន​លោក ស្រេង សុខា ហៅ ទ្រី មក​ដាក់​ពន្ធនាគារ ប៉ុន្តែ​ការ​ចាប់​ខ្លួន​យក​ទៅ​ពន្ធនាគារ​ខេត្ត​កណ្តាល បាន​មួយ​ភ្លែត ហើយ​លោក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន។

លោក ស្រេង សុខា ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្ត​កណ្ដាល បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជាង ១​ឆ្នាំ​កាល​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត នៅ​ភូមិ​កោះគរ សង្កាត់​រកាខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាលពី​ខែ​កក្កដា ឆ្នាំ​២០២០។ ក្រៅពី​ផ្ដន្ទាទោស​ហើយ តុលាការ​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​លោក ស្រេង សុខា ដើម្បី​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​តាម​កាលកំណត់​របស់​ច្បាប់។

ប៉ុន្តែ​ចាប់​តាំងពី​ចៅក្រម​សាលាដំបូង​ខេត្ត​កណ្ដាល ប្រកាស​សាលក្រម​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ លោក ស្រេង សុខា ពុំ​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នោះ​ទេ។

កាលពី​ខែ​មេសា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សម្រេច​ដក​តំណែង​លោក ស្រេង សុខា ចេញពី​ស្នងការ​រង​ខេត្ត​កណ្តាល ដែល​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី (ផ្កាយ​១) ដោយ​ថា​អតីត​ស្នងការ​រង​រូប​នេះ​បាន​ធ្វើ​ខុស​វិន័យ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​ទ្រព្យសម្បត្តិ​ស្នងការ​រង​ខេត្ត​កណ្ដាល លោក ស្រេង សុខា ក្រោយពី​មាន​ព័ត៌មាន​ចែករំលែក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ករណី​ស្នងការ​រង​រូប​នេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្ត្រី​ម្នាក់ និង​បាន​ជូន​ថ្លៃ​បណ្ណាការ​ចំនួន ១០​ម៉ឺន​ដុល្លារ ចិញ្ចៀន​ពេជ្រ និង​រថយន្ត​លុច្សស៊ីស ៥៧០ (Luxus 570) មួយ​គ្រឿង​ដែល​មាន​តម្លៃ ២២​ម៉ឺន​ដុល្លារ។

ការ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ទាប់ពី​រង​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ការ​ជូន​ថ្លៃ​បណ្ណាការ​ដល់​ខាង​ស្រី​ក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ​រាប់​ម៉ឺន​ដុល្លារ ប៉ុន្តែ​ក្រោយពី​បើក​ការ​ស៊ើបអង្កេត​រួច ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​ប្រកាស​ជា​សាធារណៈ​ថា ករណី​លោក ស្រេង សុខា មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អំពើពុករលួយ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស