29 C
Phnom Penh

ពលរដ្ឋ​ថា​ការ​ដឹក​ឈើ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​វៀតណាម​កំពុង​ផ្ទុះឡើង​យ៉ាង​អានាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​រក​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​អានាធិបតេយ្យ ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​បាន​បញ្ចប់ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​មួយ​ហ៊ាន​ចេញ​មុខ​ធ្វើការ​ទប់ស្កាត់​នោះ​ឡើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​ឡំ បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា មាន​សកម្មភាព​ដឹក​ឈើ​ប្រភេទ​សុក្រំ និង​ស្រឡៅ តាម​ម៉ូតូ​ចំនួន ១០០​គ្រឿង​ក្នុង​មួយ​ថ្ងៃ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ក្នុង​តម្លៃ​មួយ​គីឡូក្រាម ៤០០​រៀល ដោយ​មាន​ការ​សម្របសម្រួល​ពី​មន្ត្រី​ការពារ​ព្រំដែន​អូរក្រម៉ា។

ពលរដ្ឋ​ដដែល​បន្ថែម​ទៀត​ថា រូបលោក​គ្មាន​អំណាច​ណា​មួយ​អាច​ទៅ​ទប់ស្កាត់​បាន​នោះ​ទេ ក្រៅ​តែ​ពី​ពាក្យ​សោកស្ដាយ​ព្រៃឈើ​ខ្មែរ​ដែល​កំពុងតែ​បាត់បង់។ លោក​បន្ត​ថា សូម្បី​រូបលោក​ផ្ទាល់​ក៏​ធ្លាប់​ត្រូវ​បាន​គេ​គំរាមកំហែង​ចាប់​ដាក់​គុក​ថែម​ទៀត​ផង។

សកម្មជន​ការពារ​ព្រៃឈើ​ដែល​ធ្វើការ​លើ​បញ្ហា​នេះ លោក ហេង ស្រស់ បាន​ប្រាប់ ឌឹ ខេមបូឌា ដេលី ថា នៅ​ខេត្ត​រតនគិរី មាន​ស្រុក​ចំនួន​ពីរ​ដែល​កំពុង​តែ​មមាញឹក​ខ្លាំង​ក្នុង​ការ​រត់ពន្ធ​ឈើ​ឆ្លងដែន​ទៅ​ក្រៅ​ប្រទេស ក្នុង​នោះ​មាន​ស្រុក​អូរយ៉ាដាវ និង​ស្រុក​អណ្ដូងមាស។

លោក​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ខេត្ត​មួយ​នេះ​បើក​ឲ្យ​មាន​ការ​រកស៊ី​ឈើ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ថា នៅ​ចុង​ឆ្នាំ​២០១៨ ខេត្ត​រតនគិរី ធ្លាប់​មាន​រឿង​អាស្រូវ​នាំ​ឈើ​ខុសច្បាប់​ម្ដង​រួច​មក​ហើយ ដោយ​សមត្ថកិច្ច​ជំនាញ​នៅ​តំបន់​នោះ​បាន​ឃុបឃិត​គ្នា​លក់​ព្រៃ​សហគមន៍​ឲ្យ​ទៅ​ឈ្មួញ​វៀតណាម។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ការពារ​ព្រំដែន​គោក​អូរក្រម៉ា បាន​នៅឡើយ​ទេ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​អាជ្ញាធរ​ភូមិ-ឃុំ មិន​បាន​ចូលរួម​ទប់ស្កាត់ ប៉ុន្តែ​បែរ​ជា​នាំគ្នា​ដាក់​ប៉ុស្តិ៍​អង្គុយ​ចាំ​យក​លុយ​ពី​អ្នក​ដឹក​ឈើ​ទៅវិញ។

ព្រៃ​សហគមន៍ «តូម» ស្ថិត​ក្នុង​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ មាន​ទំហំ​ប្រមាណ ៧០០​ហិកតារ កំពុង​រង​ការ​កាប់​បំផ្លាញ់​ពី​សំណាក់​ក្រុម​ឈ្មួញ​ខ្មែរ។ ព្រៃ​សហគមន៍​នេះ​ត្រូវ​បាន​អាស្រ័យ​ផល​ដោយ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ។

ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២២ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​អះអាង​ថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា កាលពី​ដើមឡើយ កម្ពុជា​សម្បូរ​ព្រៃឈើ​ហូរហៀរ មើល​មេឃ​មើល​ថ្ងៃ​មិន​ឃើញ​ផង តែ​ឥឡូវ​រក​កន្លែង​ជ្រក​បាំង​ថ្ងៃ​សឹងតែ​មិន​បាន។

កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ អង្គការ​លើកលែង​ទោស​អន្តរជាតិ បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ព្រៃឈើ​ជាង ៦​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​នៅ​កម្ពុជា ត្រូវ​បាន​បំផ្លាញ​ដោយសារ​ដៃ​របស់​ក្រុម​មន្ត្រី​ពុករលួយ។ អង្គការ​នេះ​បាន​ចោទប្រកាន់​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​ក្រសួង​បរិស្ថាន ថា​មិន​បាន​អើពើ និង​មិន​ខ្វល់​ចំពោះ​ការ​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​បទល្មើស។

នៅ​ក្នុង​វិស័យ​ព្រៃឈើ​នេះ កម្ពុជា​ក៏​បាន​បាត់បង់​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ក្នុង​ការ​អនុវត្ត​គម្រោង «ព្រៃឡង់​បៃតង» នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃឡង់ ដែល​មាន​រយៈពេល ៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ ដោយ​មាន​ទឹកប្រាក់​ប្រមាណ ២១​លាន​ដុល្លារ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស