28 C
Phnom Penh

មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី ដាក់​ពាក្យ​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​ចូល​ជួប​កូនក្ដី​នៅ​ក្នុង​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី ស្នើ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ សុំ​ចូល​ជួប​សម្ភាស​កូនក្ដី​របស់​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយសារតែ​បារម្ភ​ខ្លាច​មន្ត្រី​ពន្ធនាគារ​ខេត្ត​មិន​អនុញ្ញាត​ឱ្យ​ចូល​ជួប​កូនក្ដី​នៅ​ពេល​ដែល​ទៅ​ដល់​ពន្ធនាគារ។

មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់ចោទ លោក ជូង ជូងី បាន​ដាក់​ពាក្យ​ទៅ​កាន់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ សុំ​ចូល​ជួប​សម្ភាស​កូនក្ដី​របស់​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​បាន​បញ្ជាក់​ថា កញ្ញា សេង ធារី បាន​សុំ​ពឹង​រូបលោក​ឱ្យ​ការពារ​សិទ្ធិ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១១៤០ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ចោទប្រកាន់​លើ​កញ្ញា​កាលពី​ពេល​កន្លងទៅ​នេះ។

លោក ជូង ជូងី បញ្ជាក់​ថា បន្ទាប់ពី​កញ្ញា​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មណ្ឌល​កែប្រែ «ម​២» បាន​មួយ​ថ្ងៃ មន្ត្រី​មណ្ឌល​អប់រំ​កែប្រែ «ម​២» បាន​ផ្តល់​ដំណឹង​ជូន​រូបលោក​ថា កញ្ញា សេង ធារី ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ខេត្ត​ព្រះវិហារ ជំនួស​វិញ។ ដូច្នេះ ក្នុង​នាម​លោក​ជា​មេធាវី​ការពារ​សិទ្ធិ​ជនរងគ្រោះ ត្រូវ​មាន​ភារកិច្ច​ជួប​កូនក្ដី​របស់​ខ្លួន​នៅ​ពន្ធនាគារ ដើម្បី​ផ្តល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ការពារ​សិទ្ធិ​កញ្ញា សេង ធារី តាម​នីតិវិធី​បន្ត​ទៀត។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ​ចំនួន ៦​ឆ្នាំ និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ភ្លាមៗ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​សមត្ថកិច្ច​ប្រមាណ ៥០​នាក់ ដោយ​បញ្ជូន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​រូប​នេះ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់»។

ប៉ុន្តែ​នៅ​ថ្ងៃទី​១៥ ខែ​មិថុនា កញ្ញា សេង ធារី ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ ខណៈ​មេធាវី​ការពារ​ជនរងគ្រោះ​មិន​ទាន់​បាន​ជួប​កូនក្ដី​របស់​ខ្លួន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ពេលនេះ។

អ្នក​នាំពាក្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ។

ជុំវិញ​ការ​ដោះដូរ​មន្ទីរ​ឃុំឃាំង​នេះ មន្ត្រី​ពន្ធនាគារ​ព្រៃស​ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កន្លងមក កញ្ញា សេង ធារី បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​នាំ​ឱ្យ​មាន​ភាព​ចលាចល ដូច្នេះ​ខាង​ពន្ធនាគារ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោម​ហេតុផល​ថា ក្រុម​អ្នកគាំទ្រ​កញ្ញា សេង ធារី បាន​ត្រៀម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​មណ្ឌល​អប់រំ​កែប្រែ​របស់​ខ្លួន។

កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​អាមេរិកាំង​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ក្រោយពី​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៦​ឆ្នាំ ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់» ក្នុង​ករណី​កញ្ញា​បង្ហោះ​សារ​គាំទ្រ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​នោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នេះ គឺជា​ការ​សាកល្បង​ដ៏​ធំ​មួយ​ទៀត​របស់​លោក ហ៊ុន សែន ដើម្បី​ចង់​ដឹង​ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក​ក្នុង​កាលៈទេសៈ​នេះ បន្ទាប់ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​ភ្ជាប់​នឹង​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​នោះ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស