អភិបាលរងខេត្តកំពង់ធំ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹកបឹងទន្លេសាប ប្រសិនបើក្រុមការងារថ្នាក់ខេត្តពិនិត្យរកឃើញ។
អភិបាលរងខេត្តកំពង់ធំ លោក សុខ ហៃ បានលើកឡើងក្នុងពេលចុះពិនិត្យ និងបោះបង្គោលទីតាំងដីតំបន់៣ ក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាបដែលលោក ហ៊ុន សែន ប្រកាសកាត់ឆ្វៀលជូនពលរដ្ឋ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះថា បើមានជនណាហ៊ានលួចទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលនេះ សូមពលរដ្ឋនាំគ្នារាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ដើម្បីអនុវត្តចំណាត់ការច្បាប់លើបុគ្គលដែលបានប្រព្រឹត្តល្មើសទាំងនោះ។
លោក សុខ ហៃ បានអះអាងថា បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានកាត់ឆ្វៀលរួចមក ពលរដ្ឋអាចមានសិទ្ធិអាស្រ័យផល និងធ្វើការទិញលក់បានដោយស្របច្បាប់។ ដោយឡែកអ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋ ត្រូវរួមគ្នាដាំដើមឈើឡើងវិញគ្រប់គ្នាទាំងអស់ និងហាមដាច់ខាតនូវការពង្រីកបន្ថែមដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋបន្តទៀត។
អភិបាលរងខេត្តកំពង់ធំរូបនេះបញ្ជាក់ថា ការដាំបង្គោល ឬបោះបង្គោលព្រំកំណត់ទីតាំងដី ត្រូវបោះឲ្យបានជាប់ជាអចិន្ត្រៃយ៍ មិនមែនគ្រាន់បោះបង្គោលលំៗឱ្យតែល្អមើលនោះទេ។ ជាងនេះទៀត ក្រុមការងារថ្នាក់ខេត្តនឹងធ្វើការត្រួតពិនិត្យបង្គោលព្រំដីទាំងនោះរៀងរាល់ ៦ខែម្តងដែលមាននិយាមការណ៍កំណត់ច្បាស់លាស់ផងដែរ ដូច្នេះពលរដ្ឋមិនអាចលួចរំកិលបង្គោលព្រំដីទាំងនោះបានឡើយ។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ លោក ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជុំវិញបឹងទន្លេសាប ឱ្យពលរដ្ឋកាន់កាប់វិញ ដើម្បីអាស្រ័យផល និងអាចទិញលក់បានដោយស្របច្បាប់ ក្នុងនោះអាជ្ញាធរកម្ពុជានឹងចេញប្លង់កម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋដើម្បីបញ្ជាក់ពីភាពស្របច្បាប់ផងដែរ។
លោក ហ៊ុន សែន លើកឡើងថា តំបន់បឹងទន្លេសាបត្រូវបានចែកចេញជាពីរកត្តាចាំបាច់ គឺកត្តាទី១ ត្រូវតែការអភិរក្ស និងកត្តាទី២ ត្រូវតែគិតដល់ផលប្រយោជន៍ពលរដ្ឋដែលរស់នៅជុំវិញបឹងនេះទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ពួកគេ។
ជុំវិញការប្រកាសកាត់ឆ្វៀលតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាបនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដោយសម្រេចកែសម្រួលផ្ទៃដីខេត្តកំពង់ធំ ទំហំ ១ម៉ឺន ១៤ហិកតារ ដែលត្រូវកាត់ចេញពីតំបន់២ បញ្ចូលទៅតំបន់១ និងទំហំផ្ទៃដី ៦៣៦៥ហិកតារ ដែលត្រូវកាត់ចេញពីតំបន់៣ ចូលទៅតំបន់២ វិញ ដើម្បីឱ្យពលរដ្ឋអាស្រ័យផលបន្តទៀតចំពោះពលរដ្ឋណាដែលបានកាន់កាប់អស់រយៈពេលចំនួន ១០ឆ្នាំកន្លងមក។
ក្នុងនោះ ក៏មានអនុក្រឹត្យដាច់ដោយឡែកចំនួនពីរទៀតដែរ ដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីចេញពីតំបន់៣ ដូចគ្នានៃផ្ទៃដីបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ឱ្យទៅពលរដ្ឋដើម្បីអាស្រ័យផលតាមការស្នើសុំ ប៉ុន្តែសម្រាប់ខេត្តដែលជាប់បឹងទន្លេសាបដទៃទៀតនៅមិនទាន់ទទួលបានអនុក្រឹត្យរបស់រដ្ឋាភិបាលក្នុងការកាត់ឆ្វៀលតំបន់អភិរក្សនៃបឹងទន្លេសាប ដើម្បីឱ្យពលរដ្ឋអាស្រ័យផលនៅឡើយទេ៕