30 C
Phnom Penh

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ឱ្យ​កូនក្ដី​របស់​ខ្លួន​ជាប់​ពន្ធនាគារ ៦​ឆ្នាំ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់»។

លោក​មេធាវី ជូង ជូងី មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​ជាមួយ​កូនក្ដី​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ កញ្ញា សេង ធារី បាន​សម្រេច​ឱ្យ​រូបលោក​ដែល​ជា​មេធាវី​ការពារ​ក្តី​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ។ លោក​ថា លោក​បាន​ជួប​កញ្ញា សេង ធារី ចំនួន​ពីរ​ដង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​មិថុនា និង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មិថុនា ដើម្បី​ពិភាក្សា​គ្នា​ពី​ផ្លូវ​ច្បាប់។

លោក​មេធាវី​រូប​នេះ​បាន​ត្អូញត្អែរ​ថា លោក​មាន​ការ​លំបាក​ក្នុង​ការ​ទៅ​ជួប​កញ្ញា សេង ធារី ដ្បិត​លោក​ត្រូវ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០​គីឡូម៉ែត្រ។ លោក​ថា ស្ថានភាព​របស់​កញ្ញា សេង ធារី មាន​សុខភាព​ល្អ គ្រូពេទ្យ​ពិនិត្យ​សុខភាព​ជូន​គាត់​រាល់​ថ្ងៃ ហើយ​ស្មារតី​គាត់​ក៏​ល្អ​ដែរ។

លោក​ថា លោក​និង​កញ្ញា សេង ធារី ពុំ​បាន​ពិភាក្សា​គ្នា​ពី​ការ​សុំ​ផ្ទេរ​កញ្ញា​ពី​ខេត្ត​ព្រះវិហារ ទៅ​កាន់​រាជធានី​ភ្នំពេញ​វិញ​នោះ​ទេ។

កញ្ញា សេង ធារី រួម​ទាំង​អ្នក​មាន​និន្នាការ​ប្រឆាំង​ជិត ៦០​នាក់​ទៀត​ត្រូវ​បាន​តុលាការ​ភ្នំពេញ​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ផ្សេងៗ​ពី​គ្នា។ អ្នក​ខ្លះ​មាន​ទោស ៥​ឆ្នាំ ខ្លះ ៦​ឆ្នាំ ហើយ​អ្នក​ខ្លះ​ទៀត ៨​ឆ្នាំ។ អ្នក​ដែល​មាន​ទោស ៥​ឆ្នាំ ត្រូវ​បាន​ព្យួរ ដូច្នេះ​អ្នក​ដែល​ជាប់​ទោស ៥​ឆ្នាំ​នេះ​មិន​ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ឡើយ។

យ៉ាងណាក៏ដោយ ការ​ចោទប្រកាន់​មនុស្ស​ជិត ៦០​នាក់ និង​ការ​កាត់​ទោស​កញ្ញា សេង ធារី កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ នេះ តុលាការ​សំអាង​ថា​កញ្ញា សេង ធារី បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​គាំទ្រ​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​កាលពី​អំឡុង​ឆ្នាំ​២០១៩។

ក្រោយពី​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​មេដឹកនាំ សកម្មជន និង​កញ្ញា សេង ធារី ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សម្ដែង​ការ​ខកចិត្ត​ខ្លាំង ដោយ​ចាត់ទុក​សាលក្រម​នេះ​ថា​ជា​សាលក្រម​ដ៏​អយុត្តិធម៌​សម្រាប់​កញ្ញា សេង ធារី និង​អ្នក​ដទៃ​ទៀត។ ស្ថានទូត​អាមេរិក​បញ្ជាក់​ថា សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ចងក្រង​គ្នា​ជា​ក្រុម ជា​សមាគម ហើយ​និង​ការ​អត់ឱន​ចំពោះ​ទស្សនៈ​ប្រឆាំង គឺជា​ផ្នែក​ដ៏​មាន​សារសំខាន់​បំផុត​នៃ​លទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាល​អាមេរិក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី រួម​នឹង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត​ពី​ការ​ដាក់​ពន្ធនាគារ​ដ៏​អយុត្តិធម៌​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស