27 C
Phnom Penh

សហភាព​សហជីព​កម្ពុជា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​បញ្ចុះ​ពន្ធ​នាំចូល​ប្រេងឥន្ធនៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​សហជីព​កម្ពុជា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​បញ្ចុះ​ពន្ធ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​បញ្ចេញ​ថវិកា​ជាតិ​ដើម្បី​ធានា​នូវ​តម្លៃ​ប្រេងឥន្ធនៈ​ឱ្យ​ស្ថិត​ក្នុង​តម្លៃ​មួយ​សមរម្យ ពីព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាច្រើន​លាន​នាក់​បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​សេដ្ឋកិច្ច​គ្រួសារ។

សហភាព​សហជីព​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខ្វល់ខ្វាយ​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​កំពុងតែ​ញាំញី​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ​ទេ ខណៈ​អ្នក​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ត្រូវ​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

ប្រភព​ដដែល​អះអាង​ថា តម្លៃ​ប្រេងឥន្ធនៈ​ដែល​កំពុង​ហក់​ឡើង​ខ្ពស់​ហួសហេតុ​សព្វថ្ងៃ​នេះ​ជា​មូលហេតុ​ដ៏​ចម្បង​ដែល​នាំ​ឱ្យ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ហក់​ឡើង​ខ្ពស់ បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាច្រើន​លាន​នាក់​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ពេលនេះ​មិន​សមាមាត្រ​នឹង​ចំណូល​របស់​ពួកគេ​ដែល​ទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។

សហភាព​សហជីព​កម្ពុជា បញ្ជាក់​ថា មន្ត្រី​រាជការ អាជីវករ កម្មករ អ្នក​លក់ដូរ​មិន​រៀបរយ និង​កសិករ ជាដើម សុទ្ធសឹងតែ​ជា​អ្នក​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​យក​បញ្ហា​នេះ​មក​គិត​ពិចារណា​ដើម្បី​រក​ដំណោះស្រាយ​បន្ទាន់​ជូន​ពួកគេ​ឱ្យ​បាន​ទាន់​ពេលវេលា។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​កំពុង​ស្ទុះ​ឡើង​ខ្ពស់ ខណៈ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​វិធានការ​ណា​មួយ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ឡើយ។

កាល​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​តម្លៃ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ កម្ពុជា​បាន​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ ក្នុង​តម្លៃ ៦០៦៤​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​មាន​តម្លៃ ៦៥៦៤​រៀល​ក្នុង​មួយ​លីត្រ។

ក្រសួង​បញ្ជាក់​ថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ និង​ដោយ​មាន​ការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​ផង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន ៦,៥​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ដូច្នេះ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​លក់​ត្រឹមតែ​ក្នុង​តម្លៃ ៥៨០០​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​តម្លៃ ៦៣០០​រៀល​ក្នុង​មួយ​លីត្រ​ផង​ដែរ។

កាលពី​ពាក់កណ្តាល​ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​ថា សូម​ប្រជាពលរដ្ឋ​កុំ​បន្ទោស​លោក​អំពី​រឿង​សាំង​ឡើង​ថ្លៃ​អី ពីព្រោះ​បញ្ហា​សាំង​ឡើង​ថ្លៃ​នេះ​ជា​បញ្ហា​សកល​បណ្ដាល​មកពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ប៉ុណ្ណោះ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា ថា នៅ​អឺរ៉ុប​ក៏​មាន​ការ​ដំឡើង​ថ្លៃ​ប្រេងឥន្ធនៈ​ដែរ ប៉ុន្តែ​ពួកគេ​ដំឡើង​តាម​តម្លៃ​ទីផ្សារ​សកល ហើយ​រដ្ឋាភិបាល​សហគមន៍​អឺរ៉ុប​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទប់ស្កាត់​ចរន្ត​ឡើង​ថ្លៃ​ប្រេងឥន្ធនៈ​របស់​ទីផ្សារ​ពិភពលោក​នេះ ដោយ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឲ្យ​កាត់បន្ថយ​ប្រាក់ចំណេញ​របស់​ពួកគេ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​សហភាព​អឺរ៉ុប ក៏​បាន​កាត់​បន្ថយ​ពន្ធ​នាំចូល និង​បញ្ចេញ​ប្រេង​បម្រុង​ពី​ក្នុង​ឃ្លាំង​របស់​រដ្ឋ ព្រមទាំង​បញ្ចេញ​ថវិកា​ជាតិ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ថែម​ទៀត។

លោក គឹម សុខ រិះគន់​ថា នៅ​កម្ពុជា បើ​រដ្ឋាភិបាល​ត្រៀម​ខ្លួន​ដើម្បី​ជួយ​ពលរដ្ឋ​មែន​នោះ បើ​ទោះបីជា​តម្លៃ​ប្រេងឥន្ធនៈ​របស់​ពិភពលោក​ឡើង​ថ្លៃ ក៏​ប្រេង​គ្រប់​ប្រភេទ​នៅ​កម្ពុជា​មិន​អាច​ឡើង​ថ្លៃ​ហួស​ពី ៥១០០​រៀល​ក្នុង ១​លីត្រ​ដែរ។ លោក​បន្ត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​បម្រុង​ទាំង​ប្រេង​ក្នុង​ស្តុក​របស់​រដ្ឋ ដើម្បី​ត្រៀម​ជួយ​ពលរដ្ឋ​នោះ​ទេ ហើយ​ក៏​គ្មាន​ទាំង​ថវិកា​ជាតិ​បម្រុង​ជួយ​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ដែរ ខណៈ​ការ​ទម្លាក់​តម្លៃ​ពន្ធ​គ្រាន់​តែ​មាន​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ដើរ​តួ​ដូច​គ្នា​នឹង​ឈ្មួញ​ទុច្ចរិត​ដែរ គឺ​ពេល​មាន​ព្រឹត្តិការណ៍​អាសន្ន​មិន​ជួយ​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ តែ​បែរ​ជា​នាំគ្នា​ប្រើ​គ្រាអាសន្ន​នេះ​កេង​ប្រវ័ញ្ច​លើ​ពលរដ្ឋ​ទៅវិញ។

ការ​លក់​ប្រេងឥន្ធនៈ​តាម​ស្ថានីយ​ទូទាំង​ប្រទេស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​បាន​បែងចែក​ទៅ​ជា ៣​កម្រិត​ផ្សេង​គ្នា គឺ​កម្រិត​សាំង​ល្អ ឬ Supper កម្រិត​សាំង​ធម្មតា ឬ Regular និង​ប្រេង​ម៉ាស៊ូត ឬ Diesel ក្នុង​នោះ​តម្លៃ​សាំង​ល្អ​ត្រូវ​លក់​ក្នុង​តម្លៃ ៦៤០០​រៀល​ក្នុង​មួយ​លីត្រ ចំណែក​សាំង​ធម្មតា​ត្រូវ​លក់​ក្នុង​តម្លៃ ៥៨០០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេង​ម៉ាស៊ូត​លក់​ក្នុង​តម្លៃ ៦៣០០​រៀល​ក្នុង​មួយ​លីត្រ​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស