29 C
Phnom Penh

អ្នកស្រី ម៉ែន សំអន៖ កម្ពុជា-វៀតណាម​ជា​មិត្ត​ជិតស្និទ្ធ​និង​ជា​អ្នក​ជិតខាង​ល្អ​ហើយ​ស្មោះត្រង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម អ្នកស្រី ម៉ែន សំអន អះអាង​ថា រយៈពេល ៥៥​ឆ្នាំ​មក​នេះ កម្ពុជា​តែងតែ​ចាត់ទុក​វៀតណាម ជា​មិត្ត​ជិតស្និទ្ធ ហើយ​ជា​អ្នក​ជិតខាង​ល្អ និង​ស្មោះត្រង់​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផង និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម ផង គឺ​អ្នកស្រី ម៉ែន សំអន ទៅ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​វៀតណាម-កម្ពុជា ដែល​រៀបចំ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២។

តាម​ហ្វេសប៊ុក​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ថា​ក្នុង​ពិធី​នោះ អ្នកស្រី ម៉ែន សំអន បាន​និយាយ​ថា កម្ពុជា-វៀតណាម បាន​កសាង​ចំណង​មិត្តភាព កិច្ច​សហប្រតិបត្តិការ​ជា​ប្រពៃណី​ដ៏​រឹងមាំ និង​កិច្ច​សហប្រតិបត្តិការ​រួម​ក្នុង​នាម​ជា​បងប្អូន មិត្ត​រួម​ក្រុម អ្នក​ជិតខាង និង​សម្រេច​បាន​ជោគជ័យ​ដ៏​ធំធេង​ជាច្រើន​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ។ អ្នកស្រី​បន្ត​ថា ក្នុង​រយៈពេល ៥៥​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា-វៀតណាម តែងតែ​ជា​មិត្ត​ជិតស្និទ្ធ ជា​អ្នក​ជិតខាង​ល្អ និង​ស្មោះត្រង់។

ការ​អះអាង​របស់​អ្នកស្រី ម៉ែន សំអន ឆ្លើយតប​នឹង​ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ដែល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ដោយ​ថា​កម្ពុជា-វៀតណាម​ជា​មិត្ត​ល្អ អ្នក​ជិតខាង​ល្អ និង​ស្មោះត្រង់។

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) ក្នុង​ពិធី​ប្រារព្ធ «ខួប​លើក​ទី​៤៥ នៃ​ទិវា​នៃ​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ​១៩៧៧-២០ មិថុនា ឆ្នាំ​២០២២» លើ​ទឹកដី​កម្ពុជា ខេត្ត​ត្បូងឃ្មុំ ក្នុង​សុន្ទរកថា​ជិត ១​ម៉ោង បាន​លើក​ឡើង​ថា វៀតណាម​ជា​ប្រទេស​ជិតខាង​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ និង​យូរ​អង្វែង​ជាមួយ​កម្ពុជា ហើយ​ប្រទេស​ទាំង​ពីរ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ទៅវិញ​ទៅមក ជាពិសេស​ការ​រួម​គ្នា​ប្រឆាំង​របប​អាណានិគម​ចាប់តាំងពី​ឆ្នាំ​១៩៤៥ មក។

បើ​តាម​ស្ថានទូត​វៀតណាម បញ្ជាក់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​កម្ពុជា-វៀតណាម ដែល​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ច្បាប់​ផង​ដែរ។

យ៉ាងណាក៏ដោយ ការ​អះអាង​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំមើល​ចាត់ទុក​ថា​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ ព្រោះ​វៀតណាម មិន​ដែល​មាន​ភាព​ស្មោះត្រង់​នឹង​កម្ពុជា​នោះ​ទេ ជាពិសេស​រឿង​ទឹកដី និង​ការ​ហូរ​ចូល​នៃ​ជនជាតិ​វៀតណាម​ចូល​កម្ពុជា។

មេដឹកនាំ​វៀតណាម តែងតែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់ ខណៈ​ដែល​វៀតណាម​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ខ្លួន​នៅ​ពេល​ដែល​យុវជន និង​ព្រះសង្ឃ រួម​ទាំង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ពេល​ដែល​ពួកគេ​នាំគ្នា​សិក្សា និង​ឈ្វេងយល់​ពី​សិទ្ធិ​សេរីភាព និង​វប្បធម៌​របស់​ខ្លួន​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស