រដ្ឋបាលខេត្តសៀមរាប ស្នើទៅថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពរុះរើសំណង់របស់ពលរដ្ឋក្នុងតំបន់១ និងតំបន់២ ដើម្បីពិភាក្សា និងដោះស្រាយចំពោះសំណង់ខុសច្បាប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ។
អភិបាលរងខេត្តសៀមរាប លោក ប្រាក់ សោភ័ណ្ឌ បានចេញលិខិតស្ដីពីការសុំផ្អាកនូវសកម្មភាពរុះរើសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរទៅកាន់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា កន្លងមកបញ្ហាសំណង់ដែលពលរដ្ឋបានសាងសង់ក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ គឺត្រូវតែពិភាក្សាក្នុងគណៈកម្មាធិការចម្រុះ ដើម្បីសម្របសម្រួល និងដោះស្រាយរវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា។
លោក ប្រាក់ សោភ័ណ្ឌ លើកឡើងថា ក្នុងអំឡុងមុនពេល និងក្រោយបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ អាជ្ញាធរជាតិអប្សរាបានចុះអនុវត្តការងារដោយគ្មានការពិភាក្សាគ្នាឱ្យបានច្បាស់លាស់ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះ ដើម្បីទប់ស្កាត់សំណង់ខុសច្បាប់ឈានទៅរៀបចំសណ្ដាប់ធ្នាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេ។
រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ដើម្បីអនុវត្តកិច្ចការនេះប្រកបដោយតម្លាភាព និងស្របតាមការណែនាំរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន រដ្ឋបាលខេត្តស្នើថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាផ្អាកបណ្ដោះអាសន្ននូវសកម្មភាពរុះរើសំណង់របស់ប្រជាពលរដ្ឋក្នុងតំបន់១ និងតំបន់២ សិន ដើម្បីពិភាក្សា និងដោះស្រាយចំពោះសំណង់ខុសច្បាប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាក្នុងពេលបច្ចុប្បន្ននេះ។
ការចេញលិខិតនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានចុះអនុវត្តរុះរើសំណង់ដែលប្រជាពលរដ្ឋបានសាងសង់ក្នុងតំបន់រមណីយដ្ឋានអង្គរដោយមិនមានការឯកភាពពីរដ្ឋបាលខេត្តសៀមរាប កាលពីពេលកន្លងទៅនោះ។
កាលពីចុងខែមេសា ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានបង្ហាញរបាយការណ៍របស់ខ្លួនថា បច្ចុប្បន្ននេះ តំបន់រមណីយដ្ឋានអង្គរមានប្រជាពលរដ្ឋរស់នៅប្រមាណជា ១ពាន់គ្រួសារ ក្នុងនោះក្រុងសៀមរាប មាន ២៩០គ្រួសារ ស្រុកប្រាសាទបាគង មាន ១៩៦គ្រួសារ ស្រុកបន្ទាយស្រី មាន ២០២គ្រួសារ ស្រុកពួក មាន ១៩៣គ្រួសារ និងស្រុកអង្គរធំ មាន ១២៣គ្រួសារផងដែរ។
ទាក់ទិននឹងបញ្ហានេះ អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ត្រូវសារព័ត៌មានថ្មីៗស្រង់សម្ដីកាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ថា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ នេះមានពលរដ្ឋជិត ១ពាន់គ្រួសារហើយដែលបានស្នើសុំសាងសង់លំនៅឋាន និងសំណង់នានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យគ្រប់ករណី ដើម្បីធានាការសាងសង់ស្របតាមការអនុញ្ញាតរបស់អាជ្ញាធរជាតិអប្សរា ប៉ុន្តែលោក ឡុង កុសល មិនបានបញ្ជាក់ថាការសម្រេចនេះមានការឯកភាពពីរដ្ឋបាលខេត្តសៀមរាប ឬក៏អត់នោះទេ។
ពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះថា ការចុះរុះរើសំណង់ពីសំណាក់អាជ្ញាធរជាតិអប្សរាដែលប្រជាពលរដ្ឋសាងសង់ ដែលគេចាត់ទុកថាស្ថិតក្នុងតំបន់អប្សរា បានធ្វើឱ្យប្រជាពលរដ្ឋដែលបានតាំងទីលំនៅរាប់សិបឆ្នាំក្នុងទីតាំងដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះ បានរងនូវការចាប់ឃុំខ្លួន និងការបណ្តេញពីលំនៅឋានយ៉ាងព្រៃផ្សៃ។
ប្រភពដដែលអះអាងថា ការអនុវត្តចុះរុះរើរបស់អាជ្ញាធរអប្សរានេះ ធ្វើឡើងដោយគ្មានតម្លាភាពនោះទេ ព្រោះថាប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃគុយ ខ្លះដែលមានដីចំនួន ២ឡូត៍ជាប់គ្នា ត្រូវបានអាជ្ញាធរអប្សរាចែកឱ្យកាន់កាប់មួយឡូត៍ធ្វើជាកម្មសិទ្ធិ និងមួយឡូត៍ទៀតត្រូវអាជ្ញាធរអប្សរាដកហូតក្រោមហេតុផលថា ស្ថិតក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាទៅវិញ។
តំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ត្រូវបានកំណត់ក្នុងព្រះរាជក្រឹត្យលេខ០០១នស ទុកជាតំបន់ដែលត្រូវការពារក្នុងកម្រិតខ្ពស់បំផុត ព្រោះថាតំបន់ទាំងពីរនេះបានក្រាលគ្របដណ្ដប់ដោយប្រាសាទបុរាណនានា និងសំណល់បុរាណវិទ្យាជាច្រើនទៀតផងដែរ៕