41.3 C
Phnom Penh

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ស្ត្រី​ចូលរួម​កិច្ចការ​នយោបាយ​ដោយ​គ្មាន​ការ​រើសអើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​ស្ត្រី​បាន​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​ដឹកនាំ​នយោបាយ​ឲ្យ​កាន់តែ​ច្រើន ដោយ​គ្មាន​ការ​រើសអើង ខណៈ​វត្តមាន​ស្ត្រី​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​នៅតែ​មាន​តិចតួច​នៅឡើយ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រុម​សង្គម​ស៊ីវិល​ដែល​មាន​អង្គការ​ខុមហ្វ្រែល អង្គការ​សីលការ​កម្ពុជា ហ្គេតស៊ី អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ ថ្លែង​ថា គម្លាត​រវាង​បុរស និង​ស្ត្រី​នៅតែ​មាន​ទំហំ​ធំ ហើយ​រឿង​នេះ​នៅតែ​ជា​កង្វល់​ដែល​ទាមទារ​ឱ្យ​មាន​ការ​គិតគូរ​បន្ថែម។

អ្នកស្រី​ថា រដ្ឋាភិបាល​ក្នុង​នាម​ជា​អ្នក​ដឹកនាំ ត្រូវតែ​មាន​ការ​ប្ដេជ្ញា​ខ្ពស់​បង្កើន​ឆន្ទៈ​នយោបាយ​គាំទ្រ​ស្ត្រី​ឱ្យ​មាន​ប្រសិទ្ធភាព ដូចជា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដើម្បី​ឱ្យ​ស្ត្រី​បាន​ចូលរួម​ក្នុង​កិច្ចការ​ដឹកនាំ និង​បេក្ខភាព​ឈរ​ឈ្មោះ​ក្នុង​បក្ស​នយោបាយ ជាដើម។ ក្រៅពី​នោះ ត្រូវតែ​ប្រាកដ​ថា ពួកគេ​ទទួល​បាន​សិទ្ធិ​អំណាច​ពេញលេញ​ក្រោយ​បាន​កាន់​តំណែង ដោយ​គ្មាន​ការ​រើសអើង ឬ​ប្រកាន់​ភេទ។

អ្នកស្រី​បាន​ថ្លែង​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ជិត​ដល់​ការ​បោះឆ្នោត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ស្នើ និង​ប្រកាស​ទៅ​បក្ស​នយោបាយ​ឱ្យ​ដាក់​ស្ត្រី​ឱ្យ​បាន​ច្រើន​នៅ​លេខ​រៀង​ចន្លោះ​ពី​ទី​១ ដល់​ទី​៣ ដោយ​ថា​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​បរិមាណ​ស្ត្រី​ចូលរួម​កុះករ។ អ្នកស្រី​ថា ដើម្បី​ឱ្យ​ការ​ប្ដេជ្ញា និង​ការ​អនុវត្ត​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ការ​ប្រកាស​នោះ លុះណាតែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក ឈឹម ផលវរុណ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​លើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ជា​ការ​បញ្ចេញមតិ​ឱ្យ​តែ​ពីរោះ​ស្តាប់ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​ថា មិនមែន​ជា​ហេតុផល​ដែល​គណបក្ស​ត្រូវ​រុញ​ឱ្យ​នារី​ឈរ​ឈ្មោះ​ទេ ពោល​គឺ​អាស្រ័យ​លើ​ការ​ស្ម័គ្រចិត្ត និង​ស្ថានភាព​របស់​នារី ហើយ​និង​គោល​នយោបាយ​នារី និង​យេនឌ័រ ទើប​ជា​រឿង​សំខាន់។

បើ​តាម​សង្គម​ស៊ីវិល ចំនួន​ស្ត្រី​ជាប់​ជា​មេឃុំ-ចៅសង្កាត់​នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ មាន​ចំនួន ១៧៣​នាក់ (១០,៥%) ពោល​គឺ​កើន​ឡើង ៣២​នាក់ (ឬ​ស្មើ ២%) បើ​ធៀប​នឹង​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដែល​មាន​ចំនួន ១៤១​នាក់ ស្មើ​នឹង ៨,៥% (ចុង​អាណត្តិ)។ ស្ត្រី​ជាប់​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​ចំនួន ២៥៦២​នាក់ ស្មើ​នឹង ២២% នៃ​ចំនួន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សរុប ១១៦២២​នាក់។

បើ​ធៀប​នឹង​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ស្ត្រី​ជាប់​ឆ្នោត​មាន​ភាគរយ​ប្រហាក់ប្រហែល​គ្នា ២១,៨% (២៥២២​នាក់) នៅ​ចុង​អាណត្តិ​ទី​៤ និង ២២% (២៥៦២​នាក់) នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ។ ចំណែក​ឯ​ភាគរយ​សរុប​នៃ​ស្ត្រី និង​បុរស​ជាប់​ឆ្នោត​មាន​គម្លាត​យេនឌ័រ​ខ្លាំង គឺ​ស្ត្រី​ជាប់​ឆ្នោត ២២% និង​បុរស​ជាប់​ឆ្នោត ៧៨%៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស