28 C
Phnom Penh

សហជីព​ស្នើ GMAC ជំរុញ​ថៅកែ​រោងចក្រ​ខេន​ស្ព័ត​ស៊ូ​គោរព​ច្បាប់​ស្ដីពី​សហជីព​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហព័ន្ធ​សហជីព​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សមាគម​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដោយ​ស្នើសុំ​ទៅ​នាយក​រោងចក្រ​ផលិត​ស្បែកជើង ខេន ស្ព័ត ស៊ូ ខេមបូឌា (Can Sports Shoes Cambodia) នៅ​ខេត្ត​កំពង់ឆ្នាំង គោរព​ច្បាប់​ស្ដីពី​សហជីព​កម្ពុជា បន្ទាប់ពី​រដ្ឋបាល​រោងចក្រ​នេះ​បាន​បដិសេធ​ការ​ស្នើសុំ​កាត់​ប្រាក់​ភាគទាន​ឱ្យ​សមាជិក​សហជីព​ឯករាជ្យ។

ក្នុង​លិខិត​មួយ​របស់​ប្រធាន​សហព័ន្ធ​សហជីព លោក រី សិទ្ធីណែត ចុះ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន រោងចក្រ​ផលិត​ស្បែកជើង ខេន ស្ព័ត ស៊ូ (Can Sports Shoes Cambodia) នៅតែ​បន្ត​មិន​អនុវត្ត​តាម​គោរព​ច្បាប់​ការងារ និង​ច្បាប់​ស្ដីពី​សហជីព។

ការ​មិន​អនុវត្ត​ច្បាប់​នេះ ដោយសារ​រោងចក្រ​នៅតែ​មិន​ព្រម​កាត់​ប្រាក់​ភាគទាន​ឱ្យ​សមាជិក​សហជីព​ឯករាជ្យ ទោះបីជា​សហជីព​បាន​ដាក់​លិខិត​ទៅ​ផ្នែក​រដ្ឋបាល​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​ផ្នែក​រដ្ឋបាល​នៃ​រោងចក្រ​ផលិត​ស្បែកជើង​នេះ (Can Sports Shoes Cambodia) មិន​ព្រម​ទទួល​យក។

សហព័ន្ធ​សហជីព​ចាត់ទុក​ការ​ព្រងើយកន្តើយ​មិន​អនុវត្ត​ច្បាប់​ការងារ និង​ច្បាប់​សហជីព រួម​ទាំង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ពី​សំណាក់​តំណាង​និយោជក និង​និយោជក ធ្វើ​ឱ្យ​កម្មករ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​នេះ (Can Sports Shoes Cambodia) ធ្វើ​បាតុកម្ម​កាលពី​ចុង​ខែ​ឧសភា និង​ដើម​ខែ​មិថុនា ដើម្បី​ជំរុញ​ឱ្យ​និយោជក​គោរព​ការ​សម្រេច​នោះ។

សហព័ន្ធ​សហជីព​បាន​ស្នើ​ទៅ​សមាគម​កាត់ដេរ​នៅ​កម្ពុជា (GMAC) អន្តរាគមន៍​ទៅ​នាយក​រោងចក្រ​ផលិត​ស្បែកជើង ខេន ស្ព័ត ស៊ូ ដោយ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​គោរព​ច្បាប់​ការងារ និង​ច្បាប់​សហជីព​ដែល​សម្រេច​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។

កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា និង​ដើម​ខែ​មិថុនា កម្មករ​រោងចក្រ​ផលិត​ស្បែកជើង ខេន ស្ព័ត ស៊ូ (Can Sports Shoes Cambodia) ប្រមាណ ៨​ពាន់​នាក់​បាន​នាំគ្នា​តវ៉ា​នៅ​មុខ​រោងចក្រ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​គោរព​លក្ខខណ្ឌ​ការងារ ដោះស្រាយ​បញ្ហា​ចំនួន ៣៥​ចំណុច និង​អនុវត្ត​តាម​ការ​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លងមក។

ក្នុង​ការ​តវ៉ា​នោះ សហជីព​ចំនួន ៣​នាក់​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​ក្រោម​ហេតុផល​ថា ពួកគេ​បាន​ដឹកនាំ និង​ញុះញង់​ឱ្យ​កម្មករ​ធ្វើ​បាតុកម្ម​មុខ​រោងចក្រ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះលែង​វិញ​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​សាកសួរ​អស់​រយៈពេល​មួយ​ព្រឹក។

ក្រោយពី​ការ​ឃាត់​ខ្លួន​សហជីព ក្រុមហ៊ុន​បញ្ជា​ទិញ Adidas បាន​ស្នើ​ដល់​ក្រសួង​ការងារ​កម្ពុជា ស៊ើប​អង្កេត​ករណី​សមត្ថកិច្ច​ឃាត់​ខ្លួន​តំណាង​សហជីព​ប្រចាំ​រោងចក្រ ខេន ស្ព័ត ស៊ូ (Can Sports Shoes Cambodia) នៅ​ខេត្ត​កំពង់ឆ្នាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស