28 C
Phnom Penh

អាជ្ញាធរ​អប្សរា​ចោទ​រដ្ឋបាល​ខេត្ត​សៀមរាប​រារាំង​ការ​ចុះ​រុះរើ​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​អង្គរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ចោទ​ថា ការ​ចេញ​សកម្មភាព​ទប់ស្កាត់​នូវ​ការ​ចុះ​អនុវត្ត​រុះរើ​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ពី​សំណាក់​មន្ត្រី​សង្កាត់ ប្រជា​ការពារ​ភូមិ និង​ពលរដ្ឋ គឺជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​រដ្ឋបាល​ខេត្ត​សៀមរាប។

អគ្គនាយករង និង​ជា​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ថ្មីៗ​ថា បន្ទាប់ពី​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចេញ​លិខិត​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ផ្អាក​នូវ​សកម្មភាព​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញ​សកម្មភាព​រារាំង​ដល់​កម្លាំង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ចុះ​អនុវត្ត​ក្នុង​ការ​រុះរើ​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ជាបន្តបន្ទាប់។

លោក ឡុង កុសល អះអាង​ថា បញ្ហា​ដែល​ប្រឈម​នៅ​ពេល​នេះ គឺជា​ការ​ចុះ​អនុវត្ត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​គ្មាន​ការ​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ ជាពិសេស គឺ​បន្ទាប់ពី​ការ​ចេញ​លិខិត​របស់​រដ្ឋបាល​ខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​រាំងស្ទះ​ដល់​ដំណើរការ​ក្នុង​ការ​ចុះ​អនុវត្ត​រុះរើ​សំណង់​ខុស​ច្បាប់ ដែល​ពលរដ្ឋ​បាន​ឆ្លៀត​ឱកាស​សាងសង់​នៅ​មុន​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កន្លង​ទៅ​នេះ។

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​រូប​នេះ​បញ្ជាក់​ថា មាន​ពេល​ខ្លះ មន្ត្រី​សង្កាត់ ប្រជា​ការពារ​ភូមិ និង​ពលរដ្ឋ​មាន​ចេតនា​ប៉ុនប៉ង​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កំពុង​ចុះ​អនុវត្ត​ការងារ​ថែម​ទៀត ដែល​ឧបសគ្គ​នេះ​បាន​ធ្វើ​ឱ្យ​ក្លាយ​ទៅ​ជា​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​ការងារ​របស់​ខ្លួន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

នាយក​រដ្ឋបាល​ខេត្ត​សៀមរាប លោក សុខ ថុល បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចុះ​អនុវត្ត​រុះរើ​ទប់ស្កាត់​សំណង់​នានា​នៅ​ជុំវិញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​មាន​គណៈកម្មាធិការ​ចម្រុះ​ច្បាស់លាស់។ ដូច្នេះ​មុន​នឹង​អាជ្ញាធរ​អប្សរា​ចុះ​អនុវត្ត​រុះរើ ឬ​អនុញ្ញាត​ឱ្យ​សាងសង់ ត្រូវតែ​ពិភាក្សា​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប​ជា​មុន​សិន មិន​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​តែ​ឯកឯង​បាន​នោះ​ទេ។

លោក សុខ ថុល លើកឡើង​ថា កាលពី​ពេល​កន្លងទៅ អាជ្ញាធរ​ជាតិ​អប្សរា​តែង​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​យ៉ាង​ជាប់លាប់ ដូច្នេះ​ការ​អនុវត្ត​ទប់ស្កាត់​សំណង់​ខុស​ច្បាប់​តែងតែ​ធ្វើ​ទៅ​ដោយ​រលូន ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ គឺ​នៅ​មុន​ការ​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​អនុវត្ត​ដោយ​គ្មាន​ការ​សហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ឡើយ ទើប​នាំ​ឱ្យ​មាន​ភាព​មិន​ប្រក្រតី​កើតឡើង​បែប​នេះ។

នាយក​រដ្ឋបាល​ខេត្ត​សៀមរាប​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​រដ្ឋបាល​ខេត្ត​សៀមរាប មើល​ឃើញ​ពី​បញ្ហា​នេះ​ហើយ ទើប​រដ្ឋបាល​ខេត្ត​ចេញ​លិខិត​ជូនដំណឹង​មួយ​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ងាក​មក​រក​ការ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​វិញ ដើម្បី​ពិភាក្សា​គ្នា​មុន​នឹង​អនុវត្ត​ទប់ស្កាត់​សំណង់​ខុស​ច្បាប់​ទាំងនោះ​បន្ត​ទៀត។

កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ អភិបាលរង​ខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ្ឌ បាន​ចេញ​លិខិត​មួយ​ដោយ​អះអាង​ថា ការ​ចុះ​រុះរើ​សំណង់​ដែល​ពលរដ្ឋ​សាងសង់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​គ្មាន​ការ​សហការ​ពី​រដ្ឋបាល​ខេត្ត​សៀមរាប គឺជា​ការ​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព និង​ខុស​ទៅ​នឹង​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ពលរដ្ឋ​ជាង ៤០០​នាក់​ដែល​រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​លើក​គ្នា​ទៅ​តវ៉ា​ប្រឆាំង​មិន​ឱ្យ​អាជ្ញាធរ​អប្សរា​រុះរើ​សំណង់​របស់​ពួកគេ​ចំនួន ២៧​កន្លែង។ លុះដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ អាជ្ញាធរ​អប្សរា​ក៏​បាន​ចុះ​ទៅ​រុះរើ​ម្តង​ទៀត ប៉ុន្តែ​ត្រូវ​ពលរដ្ឋ​ប្រមាណ ៣០០​នាក់​រារាំង​មិន​ឲ្យ​រុះរើ​ដដែល ហើយ​បញ្ហា​នេះ​បាន​បង្ក​ទៅ​ជា​ជម្លោះ​ពាក្យ​សម្ដី​រវាង​ក្រុម​អាជ្ញាធរ​ជាតិ​អប្សរា និង​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អាជ្ញាធរ​អប្សរា បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា សកម្មភាព​អាជ្ញាធរ​អប្សរា​ដែល​ចុះ​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​សព្វថ្ងៃ​នេះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ណាស់ គឺ​មាន​ពេល​ខ្លះ ពួកគេ​បាន​ដាក់​កម្លាំង​ចុះ​មក​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​ភ្លាមៗ​តែម្តង ហើយ​នាំគ្នា​ឡើង​រថយន្ត​ទៅវិញ​ស្ងាត់​បាត់​ស្រមោល។ ជាង​នេះ​ទៀត សូម្បី​លិខិត​ជូនដំណឹង​របស់​ពួកគេ ក៏​ធ្វើឡើង​ក្នុង​ភាព​មិន​ច្បាស់លាស់​តាម​បែបបទ​រដ្ឋបាល​ដែរ។

ប្រភព​ដដែល​ត្អូញត្អែរ​ថា កុំ​ថា​ឡើយ​ដល់​ទៅ​លំនៅឋាន​ដែល​សាងសង់​ពី​ដើម​ឫស្សី ដំបូល​ប្រក់​ស័ង្កសី សូម្បី​ផល​ដំណាំ ដូចជា​ស្ពៃ ជី និង​ត្រកួន​ដែល​ពលរដ្ឋ​បាន​ដាំ​ដុះ​ទុក​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ ក៏​ពួកគេ​នាំគ្នា​កាប់ និង​ជីក​ចោល​ទាំងអស់​ដែរ ដោយ​ពួកគេ​គ្រាន់តែ​តែ​ប្រើ​ពាក្យ​ថា ជា​ដី​ស្ថិត​ក្នុង​តំបន់​របស់​អាជ្ញាធរ​អប្សរា​កាន់កាប់ ពលរដ្ឋ​គ្មាន​សិទ្ធិ​ធ្វើ​អ្វី​ទាំងអស់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស