30 C
Phnom Penh

បក្ស​ភ្លើង​ទៀន​ថា​ការ​បង្ក​ហិង្សា​លើ​មន្ត្រី​របស់​ខ្លួន​គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្ស​ភ្លើង​ទៀន ចាត់ទុក​ថា​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​លើ​មន្ត្រី​គណបក្ស​របស់​ខ្លួន នឹង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ឡើង​ថែម​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ដែល​បែក​ចេញពី​សម្ពន្ធភាព​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​នេះ ត្រូវ​បាន​ជន​បិទ​មុខ​លប​វាយ​ពីក្រោយ​ខ្នង​បណ្តាល​ឲ្យ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ។

អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ខណ្ឌ​ពោធិ៍សែនជ័យ លោក នល់ ពង្សធារិទ្ធ ហៅ កំហែង​ជ័យ ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រមាណ​ជា ៦​នាក់​ជិះ​ម៉ូតូ ៤​គ្រឿង ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួស​ចំ​ក្បាល​ធ្ងន់ធ្ងរ ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ស្ថិត​ក្នុង​ភូមិ​ព្រៃជីសាក់ សង្កាត់​ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​លើ​លោក នល់ ពង្សធារិទ្ធ ដែល​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដោយ​ចោទ​ថា​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ។

ប្រភព​ដដែល​អះអាង​ថា ការ​ប្រើ​អំពើ​ហិង្សា​លើ​លោក នល់ ពង្សធារិទ្ធ គឺជា​រូបភាព​ដ៏​អាក្រក់​មួយ​ដែល​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

លោក នល់ ពង្សធារិទ្ធ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ជា​អតីត​មន្ត្រី​សន្តិសុខ​អន្តរាគមន៍​ពិសេស​របស់​លោក សម រង្ស៊ី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ជន​មិន​ស្គាល់​មុខ​បាន​វាយដំ​រូបលោក​នៅ​ក្បែរ​ទីកន្លែង​ប្រជុំ​គណបក្ស បណ្តាល​ឱ្យ​រង​របួស​ចំ​កញ្ចឹងក ស្មា​ស្តាំ សៀតផ្កា​ខាង​ស្តាំ និង​វាយ​ត្រូវ​ចំ​ពីក្រោយ​បណ្តាល​ឱ្យ​បែក​ក្បាល​ធ្ងន់ធ្ងរ​ដេរ​អស់ ១២​ថ្នេរ។

លោក​បញ្ជាក់​ថា ក្រោយ​រង​អំពើ​ហិង្សា​នៅ​ថ្ងៃ​ដដែល​នោះ លោក​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅទី៣ ដោយ​ភ្ជាប់​ជាមួយ​ភស្តុតាង​ជា​វីដេអូ​ជនល្មើស​ប្រើ​ហិង្សា និង​ស្លាក​លេខ​ម៉ូតូ ដើម្បី​ជំរុញ​ទៅ​សមត្ថកិច្ច​ជួយ​ស្វែងរក​ចាប់​ក្រុម​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ខណៈ​រឿង​នេះ​លោក​ថា​កើត​ចេញពី​រឿង​នយោបាយ មិនមែន​រឿង​ឯកជន​នោះ​ទេ។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា អះអាង​ថា ការ​បង្ក​ហិង្សា​លើ​សកម្មជន​បក្ស​ភ្លើង​ទៀន គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ខណៈ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់។ ករណី​នេះ លោក​អំពាវនាវ​ទៅ​សមត្ថកិច្ច​ចាប់​ជនល្មើស និង​អ្នក​នៅ​ពីក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ដើម្បី​កុំ​ឱ្យ​មាន​រឿង​បែប​នេះ​កើតឡើង​បន្ត​ទៀត។

យោង​តាម​ខ្សែ​វីដេអូ​នៃ​ការ​លប​វាយប្រហារ​លើ​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​រូប​នេះ ត្រូវ​បាន​គេ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តៗ​គ្នា ដែល​បាន​បង្ហាញ​ពី​សកម្មភាព​របស់​ជន​ដៃដល់​ដែល​បាន​ជិះ​ម៉ូតូ​ទំនើប​ពាក់​មួក​សុវត្ថិភាព​ពណ៌​ស និង​ពាក់​អាវ​ខ្មៅ​ដូច​គ្នា​ទៅ​នឹង​ឯកសណ្ឋាន​អង្គរក្ស ប្រដាប់​ដោយ​ដំបង​ចុះ​ពី​លើ​ម៉ូតូ រត់​សំដៅ​ទៅ​វាយ​លោក នល់ ពង្សធារិទ្ធ ជាច្រើន​ដំបង បន្ទាប់​មក​ជន​បង្ក​ទាំងនោះ​បាន​នាំគ្នា​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង។

ជុំវិញ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ទង្វើ​អយុត្តិធម៌​ទាំងឡាយ​ដែល​បាន​កើតឡើង​លើ​សមាជិក​របស់​គណបក្ស​ភ្លើង​ទៀន​សព្វថ្ងៃ​នេះ ក៏​ជា​ឥទ្ធិពល​ដ៏​អាក្រក់​របស់​គណបក្ស​នេះ​ដែល​បាន​ចូលរួម​បង្គ្រប់​កិច្ច​ក្នុង​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ជាមួយ​បក្ស​កាន់​អំណាច​កាលពី​ពេល​កន្លងមក​ដែរ។

ចាប់តាំងពី​គណបក្ស​ភ្លើង​ទៀន​សម្រេច​ចិត្ត​ចូលរួម​បោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ មក សមាជិក​បក្ស​នេះ​តែងតែ​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់ ដូចជា​សមាជិក​ក្រុម​ការងារ​ខេត្ត​តាកែវ លោក អៀ ចាន់ណា ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។ អនុប្រធាន​គណបក្ស​នេះ គឺ​លោក សុន ឆ័យ ត្រូវ​រង​នូវ​បណ្តឹង និង​សមាជិក​មួយ​ចំនួន​ទៀត​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ផ្សេងៗ ខណៈ​សមាជិក​ខ្លះ​ត្រូវ​រង​នូវ​ការ​វាយប្រហារ​ដោយ​ការ​ប្រើ​អំពើ​ហិង្សា​ដូច​ពេល​នេះ​ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ថា ចាប់តាំងពី​ដើម​ឆ្នាំ​២០១៩ មក ករណី​ប្រើ​អំពើ​ហិង្សា​ដូច​គ្នា​នេះ​ធ្លាប់​បាន​កើតមាន​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​ករណី​ដែរ ប៉ុន្តែ​បើ​ទោះបីជា​ករណី​ទាំងនោះ​មាន​ទាំង​វីដេអូ និង​រូបភាព​បង្ហាញ​ពី​ភិនភាគ​ជន​ដៃដល់​ច្បាស់​ក្រឡែត​ក៏ដោយ ក៏​សមត្ថកិច្ច​មិន​ទាន់​អាច​វែក​មុខ​ជនល្មើស​យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស