32 C
Phnom Penh

សហគមន៍​ជនជាតិ​ដើម​ថា​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​ព្រះវិហារ សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​នៅតែ​បន្ត​កើតមាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ បន្ទាប់ពី​ប្រជា​សហគមន៍​បាន​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​ជិត ៣០០​ករណី។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២២ ថា ខ្លួន​មាន​សេចក្តី​សោកស្តាយ និង​តក់ស្លុត​ចិត្ត​ជា​ខ្លាំង​ក្រោយ​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​រហូត​ដល់​ទៅ​ជិត ៣០០​ករណី ដែល​បាន​កើតឡើង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​ប្រពៃណី និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រកប​ដោយ​ចីរភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ។

ប្រភព​ដដែល​អះអាង​ថា ការ​កើនឡើង​នូវ​បទល្មើស​ព្រៃឈើ​ជា​រៀងរាល់​ថ្ងៃ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កង្វះ​សមត្ថភាព និង​ឆន្ទៈ​ក្នុង​ការ​ការពារ​ព្រៃឈើ ធនធាន​ធម្មជាតិ​ពី​សំណាក់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​បញ្ហា​នេះ ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រកប​របរ​យក​ជ័រ​ពី​ដើមឈើ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កន្លងមក​ផង​ដែរ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​បរិស្ថាន បញ្ឈប់​ការ​រារាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​របស់​ពលរដ្ឋ​បន្ត​ទៀត។ ជាង​នេះ​ទៀត ត្រូវ​បើក​ទូលាយ​ដល់​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​បង្កើត​យន្តការ​តាមដាន​ការ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​មូលដ្ឋាន និង​ដាក់​ទោស​ទណ្ឌ ប្រសិនបើ​រក​ឃើញ​ថា​ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​ជាមួយ​ឈ្មួញ​ខិលខូច នោះ​ទើប​អាច​ទប់ស្កាត់​បទល្មើស​ទាំងនោះ​មាន​ប្រសិទ្ធភាព។

កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរ បាន​នាំគ្នា​ចុះ​ល្បាត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ស្ថិត​ក្នុង​ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ប្រទះ​ឃើញ​នូវ​បទល្មើស​ព្រៃឈើ​ចំនួន ២៦០​ករណី ក្នុង​នោះ​ដើមឈើ​ធំៗ​ដែល​មាន​មុខកាត់​ចាប់ពី ៣០​សង់ទីម៉ែត្រ​ដល់ ១៥០​សង់ទីម៉ែត្រ ដែល​ជា​ប្រភេទ​ឈើ​គគីរ ពពេល ផ្ដៀក កកោះ និង​ឈើទាល ជាដើម ដែល​សហគមន៍​ពួកគេ​ធ្លាប់​ទាញ​អនុផល​ប្រើប្រាស់​ជ័រ​រហូត​មក ត្រូវ​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។

ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ត្រូវ​បាន​ក្រសួង​បរិស្ថាន ដាក់​បញ្ចូល​ជា​ព្រៃ​អភិរក្ស​មាន​ទំហំ ៩​ម៉ឺន ៦​ពាន់​ហិកតារ ដែល​លាតសន្ធឹង​ក្នុង​ស្រុក​ចំនួន​៣ គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ក្នុង​ខេត្ត​ព្រះវិហារ ក៏ប៉ុន្តែ​តំបន់​អភិរក្ស​នេះ​ត្រូវ​ទទួល​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ខណៈ​អាជ្ញាធរ​នៅតែ​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប​បទល្មើស​នៃ​ការ​កាប់​ឈើ​ខុសច្បាប់​ទាំងនេះ​តាំង​ពី​ដើម​រហូត​មក។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (The Global Initiative Against Transnational Organized Crime) បាន​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ កន្លងទៅ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា ថា​បើ​ទោះបី​ប្រទេស​កម្ពុជា​មាន​ច្បាប់​សម្រាប់​ការពារ​ព្រៃឈើ​ក៏ដោយ ក៏​កម្ពុជា​បាន​ទទួល​រង​នូវ​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក ហើយ​អត្រា​នេះ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ។

កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ មាន​ប្រទេស​ជាង ១៣០ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow COP26 ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ​ដើម្បី​ទប់ទល់​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ ក្នុង​នោះ​រួម​មាន​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក ប្រទេស​ចិន និង​ប្រទេស​វៀតណាម ជាដើម ប៉ុន្តែ​កម្ពុជា​មិន​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​នេះ​ជាមួយ​ប្រទេស​ទាំងនោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស