30.1 C
Phnom Penh

លោក ចូ បៃដិន អាច​នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ស្នើ​ច្បាប់​លេខ S.3052 ឲ្យ​ចូល​ជា​ធរមាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​អំពី​សង្គម និង​នយោបាយ​រំពឹង​ថា ព្រឹទ្ធសភា​ពេញ​អង្គ​របស់​សហរដ្ឋ​អាមេរិក នឹង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​លេខ​S.3052 ឆ្នាំ​២០២១ (Cambodia Democracy and Human Rights Act of 2021) ដើម្បី​ដាក់​ជូន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ចុះហត្ថលេខា​ឲ្យ​ចូល​ជា​ធរមាន​ដើម្បី​អនុវត្ត​នៅ​ពេល​ខាងមុខ ដោយសារតែ​កម្ពុជា​គ្មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កក្កដា នេះ​ថា បើ​គ្មាន​ការ​បោះឆ្នោត​ដែល​មាន​តម្លាភាព និង​ការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ទេ នោះ​កម្ពុជា​អាច​នឹង​មាន​ការ​បន្ថែម​ទម្ងន់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដែល​ពួកគេ​បាន​ព្រមាន​រួច​មក​ហើយ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ពេល​កន្លងទៅ។

លោក គឹម សុខ លើកឡើង​ថា ការ​ជំរុញ​ឲ្យ​មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ឆាប់​អនុម័ត​បែប​នេះ ទំនង​ជា​អាមេរិក​មាន​ចេតនា​ការពារ​ហានិភ័យ​អំពី​ភូមិសាស្ត្រ​នយោបាយ​ទុក​ជា​មុន ព្រោះ​ថា​មក​ទល់​នឹង​ពេលនេះ កម្ពុជា​គ្មាន​ភស្តុតាង​ច្បាស់​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា​ខ្លួន​គ្មាន​ទំនាក់ទំនង​ជាមួយ​ចិន ជុំវិញ​មូលដ្ឋាន​យោធា​រាម​នោះ​ទេ ខណៈ​សហរដ្ឋ​អាមេរិក​ក៏​នៅតែ​សង្ស័យ​លើ​បញ្ហា​នេះ​នៅឡើយ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ការ​គាស់​កកាយ​ច្បាប់​នេះ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​គំរាម​កម្ពុជា ដោយ​មិន​បាន​អនុវត្ត​ចេញ​ជា​សកម្មភាព​ជាក់ស្តែង​ទេ រដ្ឋាភិបាល​ឯក​បក្ស​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ នឹង​បង្កើន​នូវ​ភាព​គឃ្លើន​របស់​ខ្លួន​កាន់តែ​ខ្លាំង​បន្ថែម​លើ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​បញ្ហា​ទំនាក់ទំនង​មូលដ្ឋាន​យោធា​រាម​ជាមួយ​ចិន​តែម្តង។

កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ នេះ គណៈកម្មាធិការ​ទំនាក់ទំនង​កិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា លេខ S.3052 ឆ្នាំ​២០២១ (Cambodia Democracy and Human Rights Act of 2021) ហើយ​សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​លើក​យក​ទៅ​អនុម័ត​នៅ​ក្នុង​ព្រឹទ្ធសភា​ពេញ​អង្គ​នៅ​ពេល​ខាងមុខ មុន​នឹង​ដាក់​ជូន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ចុះហត្ថលេខា​ឱ្យ​ចូល​ជា​ធរមាន។

យ៉ាងណាក៏ដោយ ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន និង​ជា​អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ កក្កដា នេះ​ថា សេចក្តី​ស្នើ​ច្បាប់​នេះ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​វិធី​ធ្វើ​ឱ្យ​មនុស្ស​មួយ​ក្តាប់​តូច​ដែល​ជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា មាន​សង្ឃឹម​ខ្យល់​ប៉ុណ្ណោះ។

ជុំវិញ​ការ​អនុម័ត​ច្បាប់​នេះ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា កិច្ចសន្យា​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​ជា​លទ្ធិប្រជាធិបតេយ្យ​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​មិន​ត្រូវ​បាន​បោះបង់​ចោល​នោះ​ទេ ក្នុង​នោះ​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​ការបរទេស លោក Edward J. Markey បាន​អះអាង​ថា លោក​ត្រូវតែ​ជំរុញ​ព្រឹទ្ធសភា​អាមេរិក​ឱ្យ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នេះ​ឲ្យ​កាន់តែ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ចំណែក​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Marco Rubio លើកឡើង​ថា របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​អនុញ្ញាត​ឱ្យ​ប្រទេស​ជាតិ​ត្រូវ​បាន​កេងប្រវ័ញ្ច​ដោយ​បក្ស​កុម្មុយនីស្ត​ចិន យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ កក្កដា នេះ​ដែរ​ថា កន្លងមក​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តែងតែ​ក្រើន​រំឭក​ឲ្យ​កម្ពុជា​គោរព​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​រហូត​មក ក្នុង​នោះ​អាមេរិក​ក៏​បាន​ធ្វើ​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​បង្ក្រាប​ទៅ​លើ​អ្នក​នយោបាយ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គឺ​បាន​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ យ៉ាង​ធ្ងន់ធ្ងរ។

សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.៣០៥២ នេះ ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បញ្ជូន​ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ក្រោយ​សភា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ពិនិត្យ​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ជា​លើក​ទី​២ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២១ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​លាតត្រដាង​ថា លោក ហ៊ុន សែន បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​អាមេរិក​លើ​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ជាច្រើន ដូចជា​ក្រុមហ៊ុន ខ័រវីស (Qorvis LLC) ជាដើម ឱ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ស្ដារ​ទំនាក់ទំនង​កម្ពុជា-អាមេរិក​ឡើងវិញ និង​កុំ​ឱ្យ​មាន​ការ​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​របស់​លោក​ផង​ដែរ។

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា លុយ​ទាំងនោះ​ត្រូវ​បាន​លោក ហ៊ុន សែន ចាយ​ខុស​ខ្ទង់ និង​ឥត​ប្រយោជន៍ ដែល​នាំ​ឲ្យ​ខាត​ថវិកា​ជាតិ​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជំពាក់​បំណុល​ធនាគារ​ជុំ​ទិស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស