30.7 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា កម្ពុជា​ចាញ់​ប្រៀប​ថៃ ទាំង​ក្នុង​កិច្ចប្រជុំ GBC និង​កិច្ចប្រជុំ JBC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​លើកឡើង​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា-ថៃ គឺជា​លទ្ធផល​ដែល​កម្ពុជា ចាញ់​ប្រៀប​ថៃ ព្រោះ​កម្ពុជា​បាន​ទទួលយក​សំណើ​ថៃ ដែល​ប្រាសចាក​ពី​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ (JBC) ដែល​បញ្ចប់​នៅ​ថ្ងៃ​នេះ​មាន​ចំណុច​ខ្វះខាត​ជាច្រើន​សម្រាប់​កម្ពុជា ប៉ុន្តែ​បាន​ផ្តល់​ផល​ចំណេញ​ទៅ​ឱ្យ​ថៃ ទៅវិញ។

ជាក់ស្តែង ការ​ឯកភាព​គ្នា​ជុំវិញ​ការ​សាងសង់​បង្គោល​ព្រំដែន​ឡើងវិញ​ចំនួន ១៥​បង្គោល​តាម​គំរូ​ដើម​បង្គោល​ជំនាន់​បារាំង លុះត្រាតែ​កម្ពុជា និង​ថៃ ស្នើសុំ​កិច្ចសហការ​ពី​ប្រទេស​បារាំង ទាំង​អ្នកជំនាញ​បច្ចេកទេស ទាំង​ផែនទី​ផ្ទៀងផ្ទាត់ និង​ឯកសារ​ពាក់ព័ន្ធ​នានា ដូចជា​របាយការណ៍​លម្អិត​អំពី​ទីតាំង​បង្គោល​ព្រំដែន​នីមួយៗ រួម​ទាំង​និយាមកា​បង្គោល ជាដើម។

ចំណែក​ការ​ចុះ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​នៅ​លើ​ដី​ជាក់ស្តែង​ក្នុង​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ​៤២ ដល់​បង្គោល​លេខ​៤៧ នៅ​លើ​ដី​ជាក់ស្តែង​នៅ​ក្នុង​តំបន់​ភូមិ​ជោគជ័យ និង​តំបន់​ភូមិ​ព្រៃចាន់ កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ផ្នែក​ខ្លះ​ទៀត​ទៅ​ខាង​ភាគី​ថៃ ដោយ​ថៃ សំអាង​ថា យោធា​ថៃ បាន​ឈរជើង​នៅ​លើ​ទីតាំង​ជាក់ស្តែង ព្រោះ​កម្ពុជា មិន​បាន​លើកឡើង​ពី​ការ​ឈ្លានពាន​របស់​ថៃ នៅ​ទីតាំង​ទាំងនោះ​ទេ។

ចំណែកឯ​សកម្មភាព​ថៃ ដែល​បាន​ចូល​ទៅ​រាយ​លួស​បន្លា ឈូស​ឆាយ​ដី និង​បំផ្លាញ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ដោយ​បំពាន​ច្បាប់ ក៏​មិន​ត្រូវ​បាន​កម្ពុជា លើកឡើង​ដើម្បី​ឱ្យ​ភាគី​ថៃ បញ្ឈប់​ធ្វើ​សកម្មភាព​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា ចំណែក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ក៏​មាន​ចំណុច​សង្ស័យ​ផ្តល់​ផល​ចំណេញ​ទៅ​ឱ្យ​ភាគី​ថៃ ដែរ ព្រោះ​ការ​ឯកភាព​ក្នុង​ការ​ដោះ​មីន​នៅ​តំបន់​ជម្លោះ និង​ការ​សហការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ គឺ​ស្មើ​នឹង​បើក​ផ្លូវ​ឱ្យ​ថៃ លុកលុយ​កម្ពុជា​តាម​ឧបាយកល​របស់​ពួកគេ​នៅ​ថ្ងៃ​ក្រោយ​បន្ត​ទៀត។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ច្រានចោល​លក្ខខណ្ឌ​របស់​ថៃ ដែល​បាន​លើកឡើង​ទាំងនោះ ព្រោះ​ជា​លក្ខខណ្ឌ​ដែល​ប្រាសចាក​ពី​ខ្លឹមសារ​ដើម​នៃ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១០៩៤ និង​ឆ្នាំ​១៩០៧ និង​ផែនទី​បារាំង ខ្នាត ១/២០០០០០ ស្ដីពី​ការ​កំណត់​ព្រំដែន​គោក​កម្ពុជា-ថៃ។

លោក​បញ្ជាក់​ថា កម្ពុជា​ត្រូវតែ​ពិនិត្យ​លិខិតុបករណ៍​អន្តរជាតិ​ពាក់ព័ន្ធ រួម​ទាំង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ផង​ដែរ ដើម្បី​ជា​យន្តការ​ដោះស្រាយ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ នា​ពេលនេះ។ ជាង​នេះ​ទៀត កម្ពុជា​ត្រូវ​ប្រញាប់​ដាក់​ពាក្យបណ្ដឹង​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ (ICJ) ដើម្បី​ការពារ​បូរណភាព​ទឹកដី​ខ្មែរ និង​ទាមទារ​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​វិញ។

ចំណែក​ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ក៏​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដែរ​ថា ប្រសិនបើ​កម្ពុជា​ឈរ​លើ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ឬ​អនុស្សរណៈ MoU ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ ផ្អែកលើ​ផែនទី​ខ្នាត ១/២០០០០០ ដូច្នេះ​នៅ​ពេលនេះ គឺ​មាន​តែ​រង់ចាំ​មើល​គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​ព្រំដែន JBC និង GBC នាំគ្នា​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ​សិន។

លោក​សង្ឃឹម​ថា​រដ្ឋាភិបាល​កម្ពុជា នឹង​ប្រយ័ត្នប្រយែង ហើយ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ចរចា​ដែល​មិន​បាត់បង់​ទឹកដី​កម្ពុជា ហើយ​ត្រូវ​បញ្ចប់​ការ​ប្រទាញប្រទង់​គ្នា​សម្រាប់​អនាគត​កម្ពុជា​នៃ​អ្នក​ជំនាន់​ក្រោយៗ។

កម្ពុជា-ថៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​នៅ​ថ្ងៃទី​២៣ តុលា នេះ ស្ដីពី​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-ថៃ (JBC) ដែល​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ពុធ ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​ចំនួន ៧​ចំណុច រួម​មាន ការ​បោះ​បង្គោល​តាម​គំរូ​ដើម​ពី​ជំនាន់​បារាំង និង​ការ​ចុះ​វាស់វែង​ពិនិត្យ​ខណ្ឌសីមា​ជាក់ស្តែង​ក្នុង​តំបន់​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ជាដើម។ ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​ប្រគល់​ភារកិច្ច​ជូន​អនុគណៈកម្មការ​បច្ចេកទេស​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JTSC) ដើម្បី​សាងសង់​ឡើងវិញ​នូវ​បង្គោល​ព្រំដែន​ចំនួន ១៥ តាម​គំរូ​ដើម​ជំនាន់​បារាំង។

បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ករណី​ចុះ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​នៅ​លើ​ដី​ជាក់ស្តែង​នៅ​ចន្លោះ​បង្គោល​លេខ​៤២ ដល់​បង្គោល​លេខ​៤៧ នៅ​ក្នុង​តំបន់​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ របស់​កម្ពុជា និង​ភូមិ​ណងចាន់ រួម​ទាំង​ភូមិ​ណងយ៉ាកែវ របស់​ថៃ ផង​ដែរ។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃទី​២៣ តុលា នេះ​ដែរ​ថា ភាគី​កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​សម្រួល​អាវុធ​ធុន​ធ្ងន់ និង​យុទ្ធោបករណ៍​ឱ្យ​ត្រឡប់​ទៅ​មូលដ្ឋាន​ដើម​វិញ។

ជាង​នេះ​ទៀត ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​សហប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន រួម​បញ្ចូល​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Cyber scam) និង​ការ​ជួញដូរ​មនុស្ស ព្រមទាំង​ឯកភាព​សហការ​គ្នា​ដោះ​មីន​មនុស្សធម៌​តាម​តំបន់​ព្រំដែន​ដែល​ព្រមព្រៀង​គ្នា​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស