30.1 C
Phnom Penh

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក​ទទូច​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ប្រមាណ ៣០​នាក់​តំណាង​ឲ្យ ២៥០​គ្រួសារ រស់នៅ​ជាប់​បឹង​តាមោក ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នាំគ្នា​ជំរុញ​ទៅ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់។

ការ​ជំរុញ​នេះ ធ្វើឡើង​អំឡុង​ពេល​ពលរដ្ឋ​រស់នៅ​ជាប់​បឹង​តាមោក​ប្រមាណ ៣០​នាក់​តំណាង​ឲ្យ ២៥០​គ្រួសារ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគេ​ធ្លាប់​បាន​ដាក់​ទៅ​ស្ថាប័ន​ទាំង​៣ នេះ​ឱ្យ​ជួយ​អន្តរាគមន៍​ជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគេ។

លោកស្រី ប្រាក់ សុភា ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ដែនដី​ថា ពួកគាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ថ្នាក់​ក្រោម ទើប​មក​រក​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ ទោះបី​អ្នក​ខ្លះ​ឈឺ និង​ខ្វះខាត​ក៏ដោយ។ ពួកគាត់​បញ្ជាក់​ថា ប្រជាពលរដ្ឋ ២៥០​គ្រួសារ​រស់នៅ​លើ​ដី ៥​ហិកតារ​តាំងពី​ឆ្នាំ​១៩៩០ មក​ម្ល៉េះ លោកស្រី​ស្នើ​ទៅ​ក្រសួង​ដែនដី រដ្ឋសភា និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្លឿន​ការ​ដោះស្រាយ​ដោយ​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​ពួកគាត់​ទាំងអស់​គ្នា ដើម្បី​កុំ​ឲ្យ​រស់នៅ​ទាំង​ខ្លាច​ដោយសារ​ការ​បណ្ដេញ​ទាំង​បង្ខំ។

លោកស្រី​បញ្ជាក់​ថា ដី​បឹង​តាមោក លោក ហ៊ុន សែន បាន​កាត់ និង​ផ្ដល់​ឱ្យ​ឧកញ៉ា​ចន្លោះ ៣០ ដល់ ១០០​ហិកតារ ប៉ុន្តែ​ដី​ដែល​ពួកគាត់​ស្នើសុំ​នោះ​មាន​តែ ៥​ហិកតារ​ប៉ុណ្ណោះ។

អំឡុង​ពេល​ដែល​ពួកគាត់​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី​នេះ តំណាង​ពលរដ្ឋ​ចំនួន ៧​នាក់​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទុង រតនា កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃទី​៣ និង​ទី​៤ ខែ​សីហា ឆ្នាំ​២០២២ ខាងមុខ​នេះ​ពី​បទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ» តាម​បណ្តឹង​របស់​លោក មាស សម្បូរ ប្រធាន​សន្តិសុខ​ខណ្ឌ​ព្រែកព្នៅ។

តំណាង​ពលរដ្ឋ​ចំនួន ៧​នាក់ ក្នុង​នោះ​មាន​លោកស្រី ប្រាក់ សុភា លោកស្រី ខេន សាអយ លោកស្រី ផន សុខុម លោកស្រី គង់ តឿ លោកស្រី ផន សុំ លោកស្រី តាន់ ខ្ទី និង​លោកស្រី អំ ភឿន។

ការ​កោះហៅ​តំណាង​ពលរដ្ឋ​ទាំង ៧​នាក់​នេះ ធ្វើឡើង​ក្រោយពី​ពួកគេ​នាំគ្នា​តវ៉ា​ប្រឆាំង​មិន​ឱ្យ​អាជ្ញាធរ​ចាក់​ដី​លុប​បឹង​តាមោក​ប៉ះពាល់​ដល់​កន្លែង​អាស្រ័យ​ផល និង​ការ​តវ៉ា​ទាមទារ​សុំ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ក្រោយ​ពេល​អាជ្ញាធរ​ចោទ​ថា ពួកគាត់​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ដោយ​ខុស​ច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស