រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្ដែងការភ្ញាក់ផ្អើលនៅពេលដែលសហរដ្ឋអាមេរិកបានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់អាក្រក់ ពាក់ព័ន្ធនឹងការជួញដូរមនុស្សអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែមានឆន្ទៈមិនដកថយចំពោះការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយនឹងខិតខំរកឱ្យឃើញអំពីចំណុចខ្សោយដើម្បីដោះស្រាយ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សាមួយ និងសមិទ្ធផលនានានៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រូបលោកតែងសហការជាមួយដៃគូអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកតែម្ដង ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
លោកបង្ហាញការព្រួយបារម្ភ និងភ្ញាក់ផ្អើលនៅពេលដែលរដ្ឋាភិបាលអាមេរិកសម្រេចដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ នៃប្រទេសដែលមានឈ្មោះអាក្រក់ខាងអំពើជួញដូរមនុស្ស។ លោកចាត់ទុកការដាក់ចំណាត់ថ្នាក់នេះ ចង់ឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាគ្មានឆន្ទៈក្នុងការទប់ស្កាត់ និងដោះស្រាយ។ លោកបញ្ជាក់ថា ប្រទេសខ្លះមកជួយឱ្យកម្ពុជាល្អ តែបើធ្វើមិនបានល្អ នោះអ្នកឯងក៏អាក្រក់ដែរ ខណៈប្រទេសខ្លះដូចជាធ្វើការងារនេះមិនបានល្អទេ តែបែរជាបានពិន្ទុល្អទៅវិញ។
លោក ស ខេង បន្តថា ទោះបីជារូបលោកមានការព្រួយបារម្ភលើលក្ខខណ្ឌនៃការវាយតម្លៃ ឬមនោសញ្ចេតនានៃការវាយតម្លៃក្តី ប៉ុន្តែទោះបីយ៉ាងណា កម្ពុជានៅតែមានឆន្ទៈ និងនៅតែបន្តធ្វើការងារនេះ ហើយនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ដោយស្មោះជាមួយគ្នា ព្រោះកម្ពុជានឹងមិនដកថយចំពោះការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយនឹងខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេសអាមេរិក បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីការជួញដូរមនុស្ស ដោយក្នុងនោះ អាមេរិកបានទម្លាក់កម្ពុជា វៀតណាម តំបន់ម៉ាកាវ និងប្រទេសផ្សេងទៀតពីបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅកម្រិតពីរ (Tier 2 Watch List) ទៅកម្រិត៣ ដែលជាកម្រិតដ៏អាក្រក់មួយ និងអាចរងទណ្ឌកម្ម។
ការទម្លាក់កម្ពុជាមកកម្រិត៣ នេះ ធ្វើឡើងក្រោមហេតុផលថា កម្ពុជាមានកិច្ចខិតខំតិចតួច និងមិនបានគោរពតាមស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្ស។ បើតាមរបាយការណ៍ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៣ ដែលអាចធ្វើឱ្យមានការរឹតត្បិតលើជំនួយបរទេស បើទោះបីជានេះមិនមែនជាការចាំបាច់ និងជាការសម្រេចចិត្តផ្នែកនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ៕