41.3 C
Phnom Penh

ក្រសួង​ព្រមាន​ផ្ដន្ទាទោស​និង​ពិន័យ​ចំពោះ​ពលរដ្ឋ​បន្ត​ប្រើ​ឧបករណ៍​បង្កើន​សេវា​ទូរស័ព្ទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​ចំពោះ​ពលរដ្ឋ​ណា​ដែល​នៅតែ​បន្ត​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សេវា​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ពង្រីក​សេវា​តាម​គេហដ្ឋាន នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា តាមរយៈ​នៃ​ការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការ​វាស់​ស្ទង់​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត ក្រសួង​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ឧបករណ៍​ពង្រីក​សេវា (Signal Booster/Repeater) បាន​បង្ក​ការ​ឆ្លង​រំខាន និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​កម្រិត​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត​នៅ​ក្នុង​តំបន់​ដែល​មាន​ឧបករណ៍​នោះ។

ក្រសួង​ប្រៃសណីយ៍ ស្នើ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ធ្វើការ​រុះរើ ដក​ចេញ និង​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​ដោយ​ខ្លួនឯង​នៅ​តាម​ផ្ទះ​របស់​ខ្លួន និង​ស្នើ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បញ្ឈប់​ការ​នាំចូល​ឧបករណ៍​បង្កើន​កម្លាំង​សេវា​នេះ ដែល​ពុំ​មាន​ការ​ទទួលស្គាល់​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​ជាបន្ទាន់ ជៀសវាង​ការ​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់។

ប្រភព​ដដែល​បញ្ជាក់​ថា យោង​តាម​មាត្រា​៨៤ នៃ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ បាន​ចែង​ថា ការ​បង្កើត ការ​ដំឡើង ការ​ប្រើប្រាស់​ដែល​ជ្រៀតជ្រែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ឬ​បង្ក​ការ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ១០​លាន​រៀល​ផង​ដែរ។

ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​មួយ​ចំនួន​បាន​នាំចូល​ឧបករណ៍​បង្កើន​កម្លាំង​សេវា​ទូរស័ព្ទ​យក​ទៅ​លក់​នៅ​កម្ពុជា ដែល​កំពុង​ទទួល​បាន​ការ​ពេញនិយម​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​គ្មាន​សេវា​ទូរស័ព្ទ​សព្វថ្ងៃ​នេះ។

បច្ចុប្បន្ន​នេះ ឧបករណ៍​ពង្រីក​សេវា​ទូរស័ព្ទ (repeater ឬ signal booster) ត្រូវ​បាន​នាំចូល​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដើម្បី​ចែកចាយ​លក់​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក ដែល​មាន​តម្លៃ​ប្រមាណ​ជា ១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង​សម្រាប់​ដំឡើង​នៅ​តាម​ផ្ទះ​ជា​លក្ខណៈ​ឯកជន ហើយ​ឧបករណ៍​ពង្រីក​សេវា​ទូរស័ព្ទ​នេះ​កំពុង​ទទួល​បាន​ការ​ពេញនិយម​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​គ្មាន​សេវា​ទូរស័ព្ទ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បុរី​នានា​ក្នុង​រាជធានី​ភ្នំពេញ។

ជុំវិញ​ការ​បញ្ឈប់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឧបករណ៍​ពង្រីក​សេវា​ទូរស័ព្ទ​នេះ ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ដែល​ជា​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​នាំគ្នា​ចូល​ទៅ​បញ្ចេញ​មតិ​ជំទាស់​គ្រប់​គ្នា​ទាំងអស់​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ក្រោយពី​ក្រសួង​បាន​ចេញ​សេចក្តី​ជូនដំណឹង​នេះ​ភ្លាមៗ។

ជាក់ស្តែង ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Theany PS បាន​លើក​ជា​សំណួរ​ថា មុន​នឹង​ក្រសួង​បញ្ឈប់​ការ​ប្រើ​ឧបករណ៍​ជំនួយ​សេវា​នេះ តើ​ក្រសួង​បាន​ផ្ដល់​ឱ្យ​អតិថិជន​នូវ​សេវា​ទូរស័ព្ទ​ក្នុង​តំបន់​រស់នៅ​របស់​ពួកគេ​គ្រប់គ្រាន់​ហើយ​ឬ​នៅ?

ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​ចង់​ចំណាយ​លុយ​ទិញ​ឧបករណ៍​នោះ​ទេ ប្រសិនបើ​មាន​សេវា​ល្អ​ហើយ​នោះ ប៉ុន្តែ​ដោយសារតែ​ក្រសួង​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​គ្មាន​សេវា​នេះ ទើប​ពលរដ្ឋ​សុខចិត្ត​ចំណាយ​លុយ​ប្រើ​ឧបករណ៍​នេះ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួកគាត់​ជួប​ប្រទះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ពលរដ្ឋ​គ្មាន​តួនាទី​ពិនិត្យ​មើល​ឧបករណ៍​ពង្រីក​សេវា​ដែល​ក្រុមហ៊ុន​នាំចូល​យក​ទៅ​លក់ ថា​នឹង​ជ្រៀតជ្រែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ទូរគមនាគមន៍​ឬ​ក៏​អត់​នោះ​ទេ ព្រោះ​ថា​ការ​ពិនិត្យ​លើ​ឧបករណ៍​នាំចូល​មក​ក្នុង​ស្រុក គឺជា​តួនាទី​របស់​អាជ្ញាធរ​រដ្ឋ​ទាំងស្រុង ដូច្នេះ​បើ​ឧបករណ៍​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទូរគមនាគមន៍ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​ទទួល​ខុសត្រូវ​លើ​បញ្ហា​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ចរាចរ​ឧបករណ៍​នេះ​នៅ​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​បើក​ឱ្យ​ដំណើរការ​រហូត​មក មិនមែន​ជា​ការ​លក់​ដោយ​លួចលាក់​នោះ​ទេ ដូច្នេះ​បើ​ក្រសួង​ប្រៃសណីយ៍ ដែល​ចង់​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ប្រើប្រាស់ ក្រសួង​ត្រូវតែ​ចេញ​សង​ថ្លៃ​ខូចខាត​របស់​ពលរដ្ឋ​ជា​មុន​សិន។ ជាង​នេះ​ទៀត ក្រសួង​ក៏​ត្រូវ​ដោះស្រាយ​បញ្ហា​សេវា​ទូរស័ព្ទ​ដល់​ពលរដ្ឋ​ឱ្យ​បាន​រួចរាល់​ជា​មុន​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស