31 C
Phnom Penh

UN ថ្កោលទោស​របប​សឹក​ភូមា​ករណី​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ និង​ជំរុញ​អាស៊ាន​បន្ត​ដាក់​គំនាប​លើ​ពួក​យោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ ទី​២៧ កក្កដា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ឯកច្ឆន្ទ ដោយ​ថ្កោលទោស​របប​សឹក​ភូមា ដែល​បាន​ប្រហារ​ជីវិត​អ្នក​ទោស​នយោបាយ​ចំនួន ៤​នាក់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ក៏​បាន​ជំរុញ​ទៅ​ពួក​យោធា​ភូមា ឱ្យ​បញ្ឈប់​អំពើ​ហិង្សា និង​ត្រូវ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឱ្យ​ស្រប​នឹង​ច្បាប់​អន្តរជាតិ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៨ កក្កដា នេះ។

តាម​ប្រភព​ដដែល​នេះ សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ថ្កោលទោស​របប​សឹក​ដូចនេះ គឺ​ធ្វើឡើង​ដោយ ១៥​ប្រទេស គឺ​ពុំ​មាន​ប្រទេស​ណា​ជំទាស់​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ក៏​បាន​អំពាវនាវ​ទៅ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឱ្យ​បន្ត​ដាក់​គំនាប​ឱ្យ​បាន​ខ្លាំង​ទៅ​លើ​របប​សឹក​ភូមា គឺ​ឱ្យ​អនុវត្ត​នូវ​គោលការណ៍​ឯកច្ឆន្ទ ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ដែល​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​២៤ មេសា នៅ​ទីក្រុង​ចារកាតា ប្រទេស​ឥណ្ឌូនេស៊ី ដោយ​តម្រូវ​ឱ្យ​ពួក​យោធា​អនុវត្ត​ឱ្យ​បាន​នូវ​គោលការណ៍ ៥​ចំណុច​នេះ។

គោលការណ៍ ៥​ចំណុច​នេះ​រួម​មាន ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំងអស់ ហើយ​បើក​ការ​ចរចា​ជាមួយ​គ្រប់​ភាគី​នយោបាយ​ទាំងអស់ និង​ភាគី​ប្រដាប់​អាវុធ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ ប៉ុន្តែ​ក្នុង​ចំណោម​ប្រាំ​ចំណុច​នេះ សូម្បី​ចំណុច​មួយ​ដែល​បើក​ឱ្យ​ប្រេសិត​អាស៊ាន​ទៅ​ជួប​នឹង​ភាគី​រដ្ឋាភិបាល​ស៊ីវិល​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ក៏​របប​សឹក​ភូមា​មិន​អនុញ្ញាត​ផង​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បន្ត​ជំរុញ​ឱ្យ​សមាគម​អាស៊ាន​បន្ថែម​សម្ពាធ​របស់​ខ្លួន​ឱ្យ​ខ្លាំង​ថែម​ទៀត​ទៅ​លើ​ពួក​យោធា​ភូមា ចំពោះ​ការ​កាត់ទោស​ប្រហារ​ជីវិត​ទៅ​លើ​អ្នកទោស​នយោបាយ ៤​រូប គឺ​សមាគម​អាស៊ាន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ផង​ដែរ ដោយ​បាន​ទាមទារ​ឱ្យ​របប​សឹក​ភូមា បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រហារ​ជីវិត​អ្នកទោស​មនសិការ​ទាំងអស់។

តាម​ព័ត៌មាន​នៃ​សមាគម​អ្នកទោស​នយោបាយ​ប្រទេស​ភូមា អ្នកទោស​មនសិការ​ដែល​រង​ការ​កាត់ទោស​ដោយ​ទោស​ប្រហារ​ជីវិត គឺ​មាន ១១៧​នាក់។ ក្នុង​ចំណោម​អ្នកទោស​ដែល​ត្រូវ​របប​សឹក​ភូមា ចាប់​ខ្លួន​ជាង ១​ម៉ឺន​នាក់ ក្នុង​នោះ​មាន​អ្នកទោស​នយោបាយ​មកពី​គណបក្ស​អ្នកស្រី អ៊ុងសាន ស៊ូជី យ៉ាងតិច ៣០០​នាក់។ អ្នកទោស ៤​នាក់​ដែល​ត្រូវ​ពួក​យោធា​ប្រហារ​ជីវិត​នោះ គឺ​មាន​ម្នាក់​ជា​សមាជិក​សភា ហើយ​ពួកគេ​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ព្យួរ​ក​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​មុន​នេះ។

បុរស ៤​រូប​នោះ​ត្រូវ​ពួក​យោធា​កាត់ទោស​ពី​បទ​អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​សន្តិសុខ​របស់​រដ្ឋ។ ក្រៅពី​នេះ ក្រុម​ប្រឆាំង​ជាង ២១០០​នាក់​ត្រូវ​បាន​ពួក​យោធា​បាញ់​សម្លាប់​នៅ​អំឡុង​ពួកគេ​ចេញ​ធ្វើ​បាតុកម្ម។

សេចក្ដី​ថ្លែងការណ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ទទូច​ទៀត​ថា សមាគម​អាស៊ាន​គួរតែ​ចូល​ពាក់ព័ន្ធ​ឱ្យ​ស៊ីជម្រៅ​ចំពោះ​វិបត្តិ​នៅ​ប្រទេស​ភូមា ដោយ​យក​ទៅ​ជាមួយ​នូវ​គោលការណ៍ ៥​ចំណុច​នោះ ដើម្បី​បង្ខំ​ឱ្យ​របប​យោធា​អនុវត្ត​ឱ្យ​បាន។

ប្រេសិត​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ប្រទេស​ភូមា គឺ​អ្នកស្រី Noeleen Heyzer បាន​ហៅ​ការ​ប្រហារ​ជីវិត​ទៅ​លើ​អ្នកទោស​មនសិការ និង​នយោបាយ​នៅ​ប្រទេស​ភូមា ថា​ជា​អំពើ​រំលោភ​ដ៏​ឃោរឃៅ​ទៅ​ចំពោះ​ការ​រស់រាន​មាន​ជីវិត​របស់​មនុស្ស​ដែល​ចាំបាច់​ត្រូវតែ​ថ្កោលទោស​ទង្វើ​បែប​នេះ។

តែ​ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​លើក​ទឹកចិត្ត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ អ្នកស្រី Noeleen Heyzer និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ដែល​ជា​ប្រេសិត​អាស៊ាន​ចំពោះ​ការ​ខិតខំ​ជួយ​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ហិង្សា​នៅ​ភូមា។

អ្នក​សារព័ត៌មាន​បាន​ធ្វើការ​កត់សម្គាល់​ចំពោះ​ប្រទេស​ចិន ដែល​នៅតែ​បន្ត​មាន​ទំនាក់ទំនង​ជា​ខ្លាំង​ជាមួយ​ពួក​យោធា តែ​ប្រទេស​នេះ​ក៏​បាន​ចូលរួម​ចុះហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បាន​ទទូច​ឱ្យ​អាស៊ាន​ចូល​ពាក់ព័ន្ធ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ចំពោះ​វិបត្តិ​នៅ​ប្រទេស​ភូមា។

តំណាង​បេសកកម្ម​ប្រទេស​ចិន នៅ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ថា ទីក្រុង​ប៉េកាំង​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា គឺ​គ្រប់​ទម្រង់​ទាំងអស់​នៃ​អំពើ​ហិង្សា​ដែល​មាន​លើ​ទឹកដី​ភូមា។ តំណាង​បេសកកម្ម​ប្រទេស​ចិន បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ គឺជា​ការ​ផ្ញើ​សារ​ដ៏​ធ្ងន់​មួយ​ទៅ​ភូមា ឱ្យ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ទាំងអស់ ហើយ​សង្ឃឹម​ថា​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​ភូមា នឹង​យល់​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

របប​សឹក​ភូមា បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃទី​១ កុម្ភៈ ឆ្នាំ​២០២១ ដោយ​បាន​បិទ​បញ្ឈប់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មាន​អាយុ​ទើប​តែ ៥​ឆ្នាំ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​នេះ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដែល​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ប្រធាន​គណបក្ស​នេះ។ តែ​ឥឡូវ​នេះ អ្នកស្រី ស៊ូជី និង​សមាជិក​សភា រួម​ទាំង​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​នៃ​គណបក្ស​នេះ​ប្រមាណ​ជា ៣០០​នាក់​ត្រូវ​បាន​ពួក​យោធា​ចាប់​ឃុំ​ខ្លួន។

ចំពោះ​អ្នកស្រី អ៊ុងសាន ស៊ូជី ប្រឈមមុខ​នឹង​ការ​កាត់ទោស​ដោយ​តុលាការ​របប​សឹក​ក្នុង​សំណុំរឿង​ជាង ១០​សំណុំរឿង គឺ​អ្នកស្រី​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ដល់​ទៅ​ជិត ១០០​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស