34 C
Phnom Penh

លោក ស ខេង ណែនាំ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​ជាប់​ឆ្នោត​ត្រូវ​រួម​គ្នា​បម្រើ​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​រួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ដោយ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​របស់​ខ្លួន​ក្នុង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ ថា សមាជិក​គណបក្ស​កាន់​អំណាច​ទាំងអស់​ដែល​បាន​ជាប់​ជា​មេឃុំ ជំទប់​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​តែ​ខិតខំ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ក្ដី​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ។

លោក ស ខេង អះអាង​ថា ដោយសារ​ការ​ខិតខំ​របស់​បក្ស​កាន់​អំណាច ទើប​ខ្លួន​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កន្លងទៅ​នេះ ដោយ​បាន​កាន់កាប់​មុខតំណែង​មេឃុំ ចៅសង្កាត់​ស្ទើរ​គ្រប់​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ដូច​ដែល​លទ្ធផល​បាន​បង្ហាញ​មក​នេះ។

អនុប្រធាន​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ គឺជា​មូលដ្ឋាន​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន​បន្ត​ដណ្តើម​ជោគជ័យ​ថែម​ទៀត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​លើក​ទី​៧ ក្នុង​ឆ្នាំ​២០២៣ នា​ពេល​ខាងមុខ​នេះ។

សមាជិក​ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​១ សីហា នេះ​ថា ប្រសិនបើ​មន្ត្រី​គណបក្ស​កាន់​អំណាច​អាច​ធ្វើ​បាន​តាម​ការ​ណែនាំ​របស់​លោក ស ខេង នោះ​ប្រាកដ​ជា​ទទួល​បាន​ការ​សាទរ និង​គាំទ្រ​ពី​ពលរដ្ឋ​ជាមិនខាន​ឡើយ ហើយ​ក៏​នឹង​មិន​ទទួល​រង​នូវ​ការ​រិះគន់​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដូច​ពេល​កន្លងមក​នោះ​ដែរ។

លោក​លើកឡើង​ថា ការ​ដែល​លោក ស ខេង លើកឡើង​ពី​ចំណុច​អវិជ្ជមាន​មន្ត្រី​គណបក្ស​កាន់​អំណាច​ត្រង់ៗ​បែប​នេះ អាច​បញ្ជាក់​ឱ្យ​ឃើញ​ថា គាត់​បាន​មើល​ឃើញ​ពី​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​នៃ​មន្ត្រី​របស់​ខ្លួន​យ៉ាង​ពិតប្រាកដ។ លោក ស ខេង ក៏​អាច​មើល​ឃើញ​ផង​ដែរ​ថា គណបក្ស​កាន់​អំណាច​ពិបាក​នៅ​ក្នុង​ការ​អប់រំ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​មន្ត្រី​ល្អ​ខ្លាំង​ណាស់ ដើម្បី​អនុវត្ត​គោល​នយោបាយ និង​ច្បាប់​របស់​ប្រទេស​ជាតិ​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ពលរដ្ឋ។

សមាជិក​ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការងារ មេដឹកនាំ​បក្ស​កាន់​អំណាច​ត្រូវតែ​ហ៊ាន​ធ្វើការ​វះកាត់​មន្ត្រី​ដែល​បំពាន​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ដាច់ខាត។ ជាង​នេះ​ទៀត ត្រូវ​រៀបចំ​មន្ត្រី​ស្អាតស្អំ​ឱ្យ​ទទួល​ខុសត្រូវ​លើ​ការងារ​ទាំងនោះ​វិញ បើ​មិន​ធ្វើ​ដូច្នេះ​ទេ ការ​ណែនាំ​របស់​មន្ត្រី​កំពូល​បក្ស​កាន់​អំណាច​ទៅ​កាន់​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ដូច​ដែល​លោក ស ខេង លើក​ឡើង​នៅ​ពេលនេះ គឺ​បាន​ត្រឹមតែ​និយាយ​ឱ្យ​ពីរោះ​ស្តាប់​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ​ថា គណបក្ស​កាន់​អំណាច​ទទួល​បាន​អាសនៈ​សរុប ៩៣៧៦​អាសនៈ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​គណបក្ស​នេះ​ទទួល​បាន​មេឃុំ និង​ចៅសង្កាត់​ដល់​ទៅ ១៦៤៨​នាក់​ឯណោះ។

យ៉ាងណាក៏ដោយ មេឃុំ​ចៅសង្កាត់​ដែល​បក្ស​កាន់​អំណាច​ទទួល​បាន​នេះ ត្រូវ​រង​នូវ​ការ​រិះគន់​ថា ជា​ការ​មេឃុំ និង​ចៅសង្កាត់​ដែល​មិន​ស្រប​ច្បាប់ ព្រោះ​ថា​ពួកគេ​បាន​កើត​ឡើង​ដោយសារ​ការ​បោះឆ្នោត​មួយ​ដែល​បក្ស​កាន់​អំណាច​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស