ពលរដ្ឋ ៧រូប តំណាងឲ្យពលរដ្ឋ ២៥០គ្រួសាររស់នៅជាប់បឹងតាមោក បានចូលឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងបទចោទ «រារាំង ញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» បន្ទាប់ពីពួកគេបានចេញតវ៉ាទាមទារឱ្យមានដំណោះស្រាយបញ្ហាដីធ្លី។
តំណាងប្រជាពលរដ្ឋ ២រូបក្នុងចំណោមតំណាងទាំង ៧នាក់ដែលបានរងនូវបណ្តឹង គឺអ្នកស្រី ប្រាក់ សុភា និងអ្នកស្រី ផន សុខុម បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះថា ការកោះហៅតំណាងពលរដ្ឋឱ្យទៅបំភ្លឺនេះ គឺជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ ព្រោះថាពួកគាត់គ្រាន់តែតវ៉ាទាមទារឱ្យមានដំណោះស្រាយដីធ្លីសម្រាប់ពលរដ្ឋចំនួន ២៥០គ្រួសារ និងការពារផ្ទះសម្បែងដែលខ្លួនធ្លាប់រស់នៅ បែរជាត្រូវជាប់បណ្ដឹងនៅតុលាការទៅវិញ។
អ្នកស្រី ផន សុខុម បានអះអាងថា កន្លងមកអាជ្ញាធរបានចុះរុះរើផ្ទះរបស់ពលរដ្ឋជាប្រចាំ ប៉ុន្តែពួកគេដែលជាតំណាងពលរដ្ឋទាំង ៧រូប រួមទាំងអាជ្ញាធរមូលដ្ឋានផង បាននាំគ្នាអង្វរករសុំឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅ ដែលបានចុះរុះរើទាំងនោះបញ្ឈប់ការរុះរើ ហើយជួយផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគាត់កាន់កាប់ដោយស្របច្បាប់វិញ ព្រោះថាពលរដ្ឋទាំង ២៥០គ្រួសារបានរស់នៅលើដីនេះអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរនៅតែបដិសេធ និងបន្តរុះរើដដែល។
តំណាងពលរដ្ឋរូបនេះបញ្ជាក់ថា ដើមហេតុនៃការប្តឹងផ្តល់នេះ គឺបានកើតឡើងបន្ទាប់ពីតំណាងពលរដ្ឋទៅស្នើសុំលិខិតកាន់កាប់ដីធ្លីពីរដ្ឋបាលខណ្ឌព្រែកព្នៅ ប៉ុន្តែអភិបាលខណ្ឌ លោក សុខ សម្បត្តិ បញ្ជាក់ថា បើតំណាងពលរដ្ឋទាំងនោះយល់ព្រមឱ្យអាជ្ញាធរខណ្ឌរុះរើផ្ទះពលរដ្ឋចំនួន ៣គ្រួសារដែលនៅតំបន់នោះ ទើបអាជ្ញាធរខណ្ឌចេញលិខិតកាន់កាប់ជូន ប៉ុន្តែសំណើនេះត្រូវបានពួកគេបដិសេធចោលទាំងស្រុង រហូតមកក៏មានការដាក់កម្លាំងចុះរុះរើផ្ទះពលរដ្ឋ និងមានការតវ៉ាពីពលរដ្ឋរហូតឈានដល់ការប្ដឹងផ្តល់នេះតែម្តង។
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅតំណាងពលរដ្ឋចំនួន ៧នាក់ រួមមានអ្នកស្រី ប្រាក់ សុភា អ្នកស្រី ខេន សាអយ និងអ្នកស្រី ផន សុខុម ជាដើម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឱ្យចូលទៅបំភ្លឺចំពោះតុលាការ នៅថ្ងៃទី២ ទី៣ ទី៤ និងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ ក្រោមបទចោទ «រារាំង ញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» ទៅតាមបណ្ដឹងរបស់ប្រធានសន្តិសុខខណ្ឌព្រែកព្នៅ លោក មាស សម្បូរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់ The Cambodia Daily នៅថ្ងៃទី២ សីហា នេះថា ការចេញមុខប្តឹងរបស់អាជ្ញាធរទៅកាន់ពលរដ្ឋដែលតវ៉ាសុំសិទ្ធិរស់នៅលើដីរបស់ពួកគាត់ ក្នុងចេតនាដើម្បីកុំឱ្យពួកគាត់ធ្វើការទាមទារបន្តទៀត ដែលវាជារូបភាពនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋ ដែលត្រូវទទួលបានសិទ្ធិកាន់កាប់ដីធ្លីក្នុងការរស់នៅដោយស្របច្បាប់។
លោកអំពាវនាវឱ្យរដ្ឋាភិបាល ចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋទាំង ២៥០គ្រួសារដែលបានតាំងទីលំនៅជាប់បឹងតាមោកអស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ឱ្យពួកគេមានសិទ្ធិរស់នៅដោយស្របច្បាប់ ដើម្បីចៀសវាងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរបន្តទៀត ព្រោះរដ្ឋាភិបាលក៏ធ្លាប់បានចេញអនុក្រឹត្យកាត់ផ្ទៃដីតំបន់នោះឱ្យក្រុមហ៊ុនអស់ជាច្រើននាពេលកន្លងមក ទាំងដែលម្ចាស់ក្រុមហ៊ុននោះមិនបានទៅរស់នៅក្នុងតំបន់បឹងតាមោកនេះផងនោះ។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីលោក មាស សម្បូរ ដែលពលរដ្ឋអះអាងថាជាប្រធានសន្តិសុខខណ្ឌព្រែកព្នៅ បានទេរហូតដល់ម៉ោងចេញផ្សាយនេះ៕