28 C
Phnom Penh

ក្រសួង​ដែនដី​បញ្ជា​ឱ្យ​សាលា​រាជធានី​ដោះស្រាយ​បន្ទាន់​នូវ​ករណី​ពលរដ្ឋ​រស់នៅ​លើ​ដី​បឹង​តាមោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដោះស្រាយ​ជាបន្ទាន់​នូវ​ករណី​ពលរដ្ឋ ២៥០​គ្រួសារ​ដែល​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដីធ្លី ក្រោយពី​ពួកគេ​រស់នៅ និង​អាស្រ័យ​ផល​ជាង ៣០​ឆ្នាំ​លើ​ដី​បឹង​តាមោក។

រដ្ឋលេខាធិការ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឆាន់ សាផាន បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ឱ្យ​ដោះស្រាយ​ជាបន្ទាន់​នូវ​ករណី​ពលរដ្ឋ ២៥០​គ្រួសារ​ដែល​បាន​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​បឹង​តាមោក ដែល​បាន​ស្នើសុំ​អន្តរាគមន៍​លើ​ករណី​រំលោភ​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ នា​ពេល​កន្លងមក។

ការ​ចេញ​លិខិត​អន្តរាគមន៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជា​សហគមន៍​បាន​ព្យាយាម​ដាក់​លិខិត​ទៅ​កាន់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ស្នើសុំ​ជួយ​រក​ដំណោះស្រាយ និង​ជួយ​ពិនិត្យ​ស្ថានភាព​ដី​របស់​ពួកគេ ក្រោយ​ពេល​អាជ្ញាធរ​ចោទ​អ្នក​ទាំងនោះ​បាន​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​រហូត​មក។

កាលពី​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២២ ពលរដ្ឋ​ប្រមាណ​ជាង ១០​នាក់ តំណាង​ឱ្យ​ប្រជា​សហគមន៍ ២៥០​គ្រួសារ​ដែល​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​បឹង​តាមោក ស្ថិត​ក្នុង​ភូមិ​សំរោងខាងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​ទៅ​យក​លិខិត​ឆ្លើយតប​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្ទាប់ពី​ពួកគាត់​បាន​ដាក់​ជូន​ក្រសួង​ឱ្យ​ជួយ​សុំ​អន្តរាគមន៍​កាលពី​សប្តាហ៍​កន្លង​ទៅ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ នេះ តំណាង​ប្រជាពលរដ្ឋ អ្នកស្រី ផន សុខុម បាន​អះអាង​ថា ដើមហេតុ​នៃ​ទំនាស់​នេះ គឺ​បាន​កើតឡើង​បន្ទាប់ពី​តំណាង​ពលរដ្ឋ​ទៅ​ស្នើសុំ​លិខិត​កាន់កាប់​ដីធ្លី​ពី​អភិបាល​ខណ្ឌ​ព្រែកព្នៅ លោក សុខ សម្បត្តិ ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​បន្ទាប់ពី​ពួកគេ​បាន​កាន់ និង​រស់នៅ​លើ​ដី​នោះ​តាំងពី​ឆ្នាំ​១៩៩០ មក។

តំណាង​ប្រជាពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ក្នុង​ការ​ស្នើសុំ​នេះ អភិបាល​ខណ្ឌ​ព្រែកព្នៅ លោក សុខ សម្បត្តិ បាន​បញ្ជាក់​ថា បើ​តំណាង​ពលរដ្ឋ​ទាំង ៧​រូប​ឯកភាព​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ រុះរើ​ផ្ទះ​ពលរដ្ឋ​ចំនួន ៣​គ្រួសារ​ដែល​នៅ​តំបន់​នោះ ទើប​អាជ្ញាធរ​ខណ្ឌ​ចេញ​លិខិត​កាន់កាប់​ជូន​ពលរដ្ឋ​ដែល​ស្នើសុំ​នេះ ប៉ុន្តែ​ការ​លើកឡើង​នេះ​ត្រូវ​តំណាង​ពលរដ្ឋ​ទាំងនោះ​បដិសេធ​ចោល​ទាំងស្រុង។

អ្នកស្រី ផន សុខុម បញ្ជាក់​ថា ក្រោយពី​តំណាង​ប្រជាពលរដ្ឋ​បដិសេធ​ទៅ​នឹង​សំណើ​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ហើយ​នោះ រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ​ក៏​បាន​ដាក់​កម្លាំង​សន្តិសុខ​របស់​ខ្លួន​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ជាបន្តបន្ទាប់។

កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២១ ពលរដ្ឋ​ចំនួន ២៥០​គ្រួសារ ដែល​ស្មើ​នឹង ១០៨​ខ្នង​ផ្ទះ បាន​នាំគ្នា​ចេញ​តវ៉ា​នៅ​តាម​ចិញ្ចើម​ផ្លូវ​លើ​ទីតាំង​ដែល​ពួកគេ​រស់នៅ បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​ទីនោះ។ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០២២ នេះ អាជ្ញាធរ​បាន​ដាក់​កម្លាំង​រុះរើ​ម្តង​ទៀត ហើយ​ក៏​ផ្ទុះ​ការ​តវ៉ា​ពី​ពលរដ្ឋ​ម្តង​ទៀត​ដែរ ក្នុង​នោះ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បាន​យក​កាំភ្លើង​មក​គំរាម​ពលរដ្ឋ​ថែម​ទៀត។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​៤ សីហា នេះ​ថា ការ​ចេញ​លិខិត​របស់​ក្រសួង​ដែនដី ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​នូវ​ករណី​ប្រជាពលរដ្ឋ ២៥០​គ្រួសារ​ដែល​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដីធ្លី ក្រោយ​ពួកគេ​រស់នៅ និង​អាស្រ័យ​ផល​ជាង ៣០​ឆ្នាំ​លើ​ដី​បឹង​តាមោក​នេះ គឺជា​សញ្ញា​មួយ​ល្អ ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​បន្ត​តាមដាន​លើ​ករណី​នេះ​បន្ត​ទៀត ថា​តើ​នឹង​មាន​លទ្ធផល​ដូចម្តេច។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ និង​កាត់​ដី​ជូន​ពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​រស់នៅ​លើ​ដី​បឹង​តាមោក​នោះ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ការ​ការពារ និង​ថែរក្សា​ពី​សំណាក់​រដ្ឋាភិបាល​ឱ្យ​បាន​ពេញលេញ។

ជុំវិញ​បញ្ហា​នេះ តំណាង​ពលរដ្ឋ​ចំនួន ៧​នាក់ រួម​មាន​អ្នកស្រី ប្រាក់ សុភា អ្នកស្រី ខេន សាអយ និង​អ្នកស្រី ផន សុខុម ជាដើម ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ឱ្យ​ចូល​ទៅ​បំភ្លឺ​ចំពោះ​តុលាការ នៅ​ថ្ងៃទី​២ ទី​៣ ទី​៤ និង​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ នេះ ក្រោម​បទ​ចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ»៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស