29 C
Phnom Penh

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​ស្ថានការណ៍​ភូមា​និង​ក្នុង​តំបន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​អាស៊ាន បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​៥ សីហា ដោយ​សម្រេច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​បញ្ហា​ជាច្រើន​ជុំវិញ​ស្ថានការណ៍​ចុងក្រោយ​នៅ​ក្នុង​តំបន់ ហើយ​ក្នុង​នោះ សមាគម​អាស៊ាន​បាន​ថ្កោលទោស​របប​សឹក​ដែល​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ និង​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​របប​សឹក​ដែល​មិន​ព្រម​អនុវត្ត​តាម​ផែនការ​ប្រាំ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​កាលពី​ខែ​មេសា ឆ្នាំ​២០២១។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ផ្ដល់​ផែនការ​ប្រាំ​ចំណុច​ដែល​មេដឹកនាំ​យោធា​ភូមា ទទួល​យក​មក​អនុវត្ត​ហើយ បែរ​ជា​មិន​មាន​ភាព​រីកចម្រើន​ទៅ​មុខ គឺជា​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង។

ផែនការ​ប្រាំ​ចំណុច​នេះ​រួម​មាន៖

  • ការ​ដោះលែង​អ្នកទោស​នយោបាយ
  • បញ្ចប់​ហិង្សា​នយោបាយ
  • ការ​ចាប់ផ្ដើម​ចរចា
  • ការ​ទទួល​យក​ជំនួយ​មនុស្សធម៌
  • ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រេសិត​អាស៊ាន​ធ្វើ​សកម្មភាព​សម្របសម្រួល​នយោបាយ​បើក​ផ្លូវ​ទៅ​រក​ការ​ចរចា​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ការ​បង្កើត​យន្តការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ។

សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ហៅ​ការ​ដែល​ពួក​យោធា​មិន​អាច​អនុវត្ត​បាន​នូវ​ផែនការ​ប្រាំ​ចំណុច​នេះ គឺជា​ការ​ខ្វះ​ឆន្ទៈ និង​កាន់តែ​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ទុក្ខវេទនា​របស់​ពលរដ្ឋ​ភូមា និង​ហិង្សា​នយោបាយ​នៅតែ​បន្ត។

សេចក្ដី​ថ្លែងការណ៍​បាន​សង្កត់​ដូចនេះ​ថា៖ «អាស៊ាន​សូម​រំឭក​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សមាគម​នេះ​ឡើងវិញ គឺ​ភូមា​ត្រូវតែ​ធ្វើ​ដំណើរ​ទៅ​រក​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ហើយ​សម្រាប់​អាស៊ាន​បាន​ត្រៀម​អស់​ហើយ​ដើម្បី​ជួយ​ឱ្យ​មាន​កិច្ចចរចា​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ អាស៊ាន​គាំទ្រ​ប្រេសិត​របស់​ខ្លួន​ឱ្យ​បាន​ជួប​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រប​ស្ថានការណ៍​ទៅ​រក​ការ​ចរចា»

ចំពោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​វិញ សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​បាន​បញ្ជាក់​អំពី​ការ​គោរព​អធិបតេយ្យភាព ឯករាជភាព នយោបាយ និង​បូរណភាព​ទឹកដី​ប្រទេស​អ៊ុយក្រែន។ អាស៊ាន​សូម​បន្ត​រំឭក​ការ​អំពាវនាវ​ឱ្យ​មាន​ការ​គោរព​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។

កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ប្រទេស​កម្ពុជា ខណៈ​កម្ពុជា​ជា​ប្រធាន​កិច្ចប្រជុំ​នៃ​សមាគម​តំបន់​មួយ​នេះ។

សេចក្ដី​ថ្លែងការណ៍​រួម​បាន​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន ហើយ​បង្កើត​បរិយាកាស​នៃ​ការ​ធ្វើ​ឲ្យ​មាន​ដំណោះស្រាយ។ សម្រាប់​អាស៊ាន សូម​គាំទ្រ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ។ អាស៊ាន​សូម​ឱ្យ​មាន​ការ​ជួយ​ការពារ​ជនស៊ីវិល​នៅ​លើ​សមរភូមិ​នៃ​ប្រទេស​អ៊ុយក្រែន។

ដោយឡែក​ចំពោះ​ប្រទេស​កូរ៉េ​ខាងជើង​វិញ អាស៊ាន​បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នឹង​បញ្ហា​រំសាយ​អាវុធ​នុយក្លេអ៊ែរ ហើយ​ចូល​តុ​ចរចា​ឡើងវិញ ខណៈ​ក្រុង​ព្យុងយ៉ាង បាន​សាកល្បង​មីស៊ីល​ជិត ២០​គ្រាប់​ហើយ​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​មក​នេះ ហើយ​ពេលនេះ​របប​ឯកា​មួយ​នេះ​បន្ត​ព្យាយាម​បាញ់​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថែម​ទៀត។

សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​អាស៊ាន​បាន​ប្រកាស​ថា អាស៊ាន​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​លើក​កម្ពស់​បរិយាកាស​អំណោយ​ផល​ដល់​ការ​ចរចា​ដោយ​សន្តិវិធី​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​នេះ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​លើកឡើង​អំពី​សារសំខាន់​នៃ​ការ​បន្ត​កិច្ច​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​យូរ​អង្វែង បើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​បាន​រំសាយ។

អាស៊ាន​ក៏​បាន​លើកឡើង​ពី​ការ​កើនឡើង​នៃ​ការ​បាញ់​មីស៊ីល​អន្តរទ្វីប​របស់​កូរ៉េ​ខាងជើង ជា​រឿង​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ និង​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។

ចំណែក​ស្ថានការណ៍​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង អាស៊ាន​ក៏​បាន​លើក​យក​មក​ជជែក​ផង​ដែរ។ អាស៊ាន​ក៏​បាន​ទទូច​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ឈរ​លើ​គោលការណ៍​អត់ធ្មត់ និង​មាន​ការ​យោគយល់​គ្នា ដោយ​យក​ការ​សន្ទនា​គ្នា​ជា​គន្លឹះ​នៃ​ការ​ដោះស្រាយ​ជម្លោះ និង​ការ​ខ្វែង​គំនិត​គ្នា។

ដោយឡែក​លោក Antony Bliken រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ភ្នំពេញ នា​ថ្ងៃទី​៥ ខែ​សីហា ដោយ​ទទូច​ជា​ថ្មី​ឱ្យ​ចិន និង​តៃវ៉ាន់ ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សន្តិភាព។ លោក​បញ្ជាក់​ថា៖ ភាព​ខុស​គ្នា​រវាង​ចិន និង​តៃវ៉ាន់ គួរ​តែ​ដោះស្រាយ​ប្រកប​ដោយ​សន្តិវិធី គឺ​មិន​ត្រូវ​យក​សារ​គំរាម ឬ​ប្រើ​កម្លាំង​ទ័ព​គំរាម​គ្នា​នោះ​ទេ។ លោក Bliken អះអាង​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​កំពុង​ស្ថិត​លើ​ផ្លូវ​ទៅ​រក​ការ​ប្រើប្រាស់​កម្លាំង ដើម្បី​វាយ​កាន់កាប់​កោះ​តៃវ៉ាន់។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​៤ ខែ​សីហា លោក Bliken បាន​លើកឡើង​ថា ភាព​តានតឹង​មិន​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ណា​មួយ​ឡើយ ហើយ​ថែម​ទាំង​មាន​ផលវិបាក​ថែម​ទៀត។ ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន សូម​ជំទាស់​ការ​ប៉ុនប៉ង​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

តែ​យ៉ាងណា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ក្ដៅ​គគុក ព្រោះតែ​ចិន​នៅ​បន្ត​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​នៅឡើយ។ ការ​ធ្វើ​សមយុទ្ធ​របស់​ចិន​ទាំង​ទ័ព​ជើងទឹក ទាំង​ទ័ព​អាកាស និង​ការ​បាញ់​កាំភ្លើង​ធំ គឺជា​ការ​សងសឹក​ការ​ដែល​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី បាន​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​ជា​ការ​ផ្គើន​នឹង​ការ​គំរាម​របស់​ក្រុង​ប៉េកាំង ដែល​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​រូប​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស