26 C
Phnom Penh

កម្មករ​ប្រកាស​បន្ត​ដេក​យាម​មុខ​រោងចក្រ Canteran បើ​ថៅកែ​និង​រដ្ឋាភិបាល​មិន​ដោះស្រាយ​សំណង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​រោងចក្រ Canteran Apparel ជាង ២០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២២ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​ទាំង​ទ្រព្យសម្បត្តិ​ក្នុង​រោងចក្រ អគារ​រោងចក្រ និង​ដី​រោងចក្រ ដោយ​ពួកគេ​ប្ដេជ្ញា​បន្ត​ដេក​យាម​មុខ​រោងចក្រ បើសិនជា​ថៅកែ​មិន​ចេញ​មក​ដោះស្រាយ​សំណង និង​អត្ថប្រយោជន៍​ជូន​កម្មករ។

ប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា ប្រាប់​ក្រុម​កម្មករ​បន្ទាប់ពី​ចូល​បំភ្លឺ​នៅ​តុលាការ​ថា ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​សម្រាប់​ពួកគាត់ នោះ​កម្មករ​នឹង​មិន​រុះរើ​តង់​ចេញ​ពី​មុខ​រោងចក្រ​ដែរ។

អ្នកស្រី​ថា រយៈពេល ៣​ខែ​ហើយ​ដែល​ពួកគាត់​នាំគ្នា​ដេក​យាម​មុខ​រោងចក្រ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ និង​ជំរុញ​ឲ្យ​ក្រសួង​ការងារ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​មក​ដល់​ពេលនេះ ទាំង​ថៅកែ ក្រសួង​ការងារ និង​តុលាការ ជាដើម មិន​បាន​ដោះស្រាយ​ឲ្យ​កម្មករ​ឡើយ។ លោកស្រី​បន្ត​ថា រយៈពេល ៣​ខែ​មក​នេះ ពួកគាត់​ជួប​ការ​លំបាក គ្មាន​ប្រាក់​សម្រាប់​ទិញ​អាហារ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ ហើយ​ត្រូវ​ម្ចាស់​ផ្ទះ​ជួល​ឈប់​ឲ្យ​នៅ​បន្ត ដោយសារ​គ្មាន​ប្រាក់​សម្រាប់​បង់​ថ្លៃ​បន្ទប់ ក្រោយពី​ថៅកែ​បិទ​ទ្វារ​រោងចក្រ​មិន​ទូទាត់​ប្រាក់​ឲ្យ​កម្មករ។

រោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ដែល​មាន​ទីតាំង​នៅ​សង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ជា​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់ បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​១៩៩៧ ដែល​មាន​ថៅកែ​ឈ្មោះ YAP FUNG KONG សញ្ជាតិ​ម៉ាឡេស៊ី និង​មាន​កម្មករ​បម្រើ​ការងារ​ចំនួន ៣២០​នាក់។

ក្រោយពី​ថៅកែ​រត់​ចោល ពួកគេ​ក៏​បាន​នាំគ្នា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ម៉ាឡេស៊ី ឲ្យ​ជួយ​ដោះស្រាយ។ ក្រៅពី​ស្ថានទូត​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ កម្មករ​កម្មការិនី​បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​មន្ត្រី​ទូត​ជួយ​អន្តរាគមន៍​ទៅ​កាន់​ក្រុមហ៊ុន​បញ្ជា​ទិញ Walmart និង​ក្រុមហ៊ុន Primark ទទួល​ខុសត្រូវ​ក្នុង​ការ​ទូទាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​តាម​ផ្លូវ​ច្បាប់ ក្រោយពី​ថៅកែ​រោងចក្រ​បិទ​ទ្វារ​រត់​ចោល​កម្មករ​ដោយ​ពុំ​មាន​ការ​ជូនដំណឹង​ជា​មុន។

កម្មករ​អះអាង​ថា ក្រុមហ៊ុន​បញ្ជា​ទិញ Walmart និង​ក្រុមហ៊ុន Primark ជា​ក្រុមហ៊ុន​របស់​អាមេរិក​ដែល​រោងចក្រ ឃែនធើរេន បាន​ផលិត​ទំនិញ​ឲ្យ​ជាង ២០​ឆ្នាំ​មក​ហើយ។

បើ​តាម​ប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា បន្ត​ថា បើសិន​ចៅក្រម​សាលាដំបូង​មិន​ព្រម​ដោះស្រាយ​ទៅ​តាម​បណ្ដឹង​ដែល​កម្មករ​បាន​ដាក់​ស្នើ​ទេ ពួកគាត់​នឹង​ដាក់​បណ្ដឹង​ទៅ​តុលាការ​ជាន់ខ្ពស់​បន្ត​ទៀត ហើយ​បើ​នៅតែ​មិន​មាន​ដំណោះស្រាយ​នោះ ពួកគាត់​នឹង​នាំគ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​រហូត​ទទួល​បាន​ដំណោះស្រាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស