ក្រុមយុវជនខ្មែរថាវរៈ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរាគមន៍ឱ្យអ្នកទោសនយោបាយ លោក គង់ សំអាន ដែលមានអាយុ ៧០ឆ្នាំ ទទួលបានការព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីលោកមានបញ្ហាសុខភាពនៅក្នុងពន្ធនាគារដោយគ្មានការយកចិត្តទុកដាក់ពីមន្ត្រីពន្ធនាគារ។
ក្រុមយុវជនខ្មែរថាវរៈជាច្រើននាក់ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ បាននាំគ្នាដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរាគមន៍ឱ្យអ្នកទោសមនសិការ លោក គង់ សំអាន ទទួលបានការព្យាបាល ស្របពេលដែលលោកកំពុងធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារដោយគ្មានការយកចិត្តទុកដាក់ពីមន្ត្រីពន្ធនាគារសព្វថ្ងៃនេះ។
យុវជនខ្មែរថាវរៈ កញ្ញា ឈឿន ដារ៉ាវី បានអះអាងថា ការដាក់ញត្តិស្នើសុំនេះធ្វើឡើងដោយសារកញ្ញាផ្ទាល់ដែលធ្លាប់ជាប់ពន្ធនាគារព្រៃសកន្លងមក បានដឹងយ៉ាងច្បាស់ថា អ្នកទោសក្នុងពន្ធនាគារដែលមានជំងឺមិនដែលទទួលបានការព្យាបាល ឬយកចិត្តទុកដាក់ពីមន្ត្រីពន្ធនាគារនោះទេ លុះត្រាតែអ្នកជំងឺទាំងនោះផ្តល់ជាលុយកាក់ដល់ពួកគេ ទើបអាចទទួលបានការព្យាបាលសមរម្យ។
យុវជនខ្មែរថាវរៈរូបនេះបញ្ជាក់ថា លោក គង់ សំអាន បានធ្លាក់ខ្លួនឈឺជាយូរមកហើយ។ លើសពីនេះ គាត់ក៏បានស្នើសុំដើម្បីទទួលការព្យាបាលនៅមន្ទីរពេទ្យជាច្រើនលើកច្រើនសាមកហើយដែរ ប៉ុន្តែមន្ត្រីពន្ធនាគារតែងតែច្រានចោលសំណើរបស់គាត់រហូតមក ហើយសព្វថ្ងៃនេះ លោក គង់ សំអាន មិនអាចទទួលបរិភោគអាហារបានដូចធម្មតានោះទេ ដោយសារលោកឈឺធ្មេញធ្ងន់ធ្ងរនៅពេលនេះ។

ភរិយារបស់លោក គង់ សំអាន គឺអ្នកស្រី អៀប សួគ៌ អះអាងអំឡុងពេលដាក់ញត្តិនេះថា ប្តីរបស់អ្នកស្រីមិនដែលបានប្រព្រឹត្តរួមគំនិតក្បត់ដូចការចោទប្រកាន់របស់តុលាការនោះឡើយ ព្រោះគាត់ជាគ្រូបង្រៀន គឺមានតែជួយពលរដ្ឋឱ្យមានការរីកចម្រើន និងជួយអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះ ហើយពលរដ្ឋដែលរស់នៅក្បែរខាងតែងស្រឡាញ់រាប់អានគាត់គ្រប់ៗគ្នា។
ជុំវិញការដាក់ញត្តិរបស់ក្រុមយុវជនខ្មែរថាវរៈ និងក្រុមគ្រួសារលោក គង់ សំអាន នៅថ្ងៃអង្គារនេះ ក្រសួងមហាផ្ទៃបានទទួលញត្តិដែលបានស្នើសុំហើយ ប៉ុន្តែក្រសួងមហាផ្ទៃបញ្ជាក់ថា ពួកគេនឹងជូនដំណឹងអំពីការស្នើសុំនេះនៅពេលក្រោយ។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងខេត្តត្បូងឃ្មុំ បានកាត់ទោសឱ្យប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក គង់ សំអាន ជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំក្នុងសំណុំរឿង «រួមគំនិតក្បត់» ជុំវិញការបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ហើយគិតមកទល់នឹងពេលនេះ លោក គង់ សំអាន បានជាប់ពន្ធនាគារអស់រយៈពេល ២ឆ្នាំរួចមកហើយ៕