28.4 C
Phnom Penh

ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់​ស្នើ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ដក​ទាហាន​ចេញពី​ដី​សហគមន៍​ក្រោយពី​មាន​ការ​គំរាម​បាញ់​សម្លាប់​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់ ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដក​ទាហាន​ចេញពី​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» និង​បើក​ឲ្យ​សហគមន៍​ចូល​ការពារ​ដោយ​គ្មាន​ការ​គំរាមកំហែង។

ការ​ស្នើ​របស់​ប្រជា​សហគមន៍​នេះ ធ្វើ​ឡើង​ខណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឈូស​ឆាយ​ដី​នៅ​សហគមន៍​ឧត្តម​ស្រែ​ពស់ នា​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២។

ក្នុង​ជំនួប​រវាង​អភិបាល​ខេត្ត​កំពង់ស្ពឺ ក្រុម​ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់ រៀបរាប់​ថា កន្លងមក​ក្រុម​ទាហាន​បាន​គំរាម​ដេញ​កាប់ ហើយ​ថែម​ទាំង​យក​កាំភ្លើង​បាញ់​ទៀត នៅ​ពេល​ពួកគាត់​ចុះ​ពិនិត្យ​មើល​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ»។

ក្រៅពី​ការ​ស្នើ​ឲ្យ​ដក​ទាហាន​ចេញ ពលរដ្ឋ​ក៏​បាន​ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ជួយ​ការពារ​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» និង​បើក​ឲ្យ​សហគមន៍​ចូល​ការពារ​ដោយ​មិន​មាន​ការ​គំរាមកំហែង​ដូច​ពេល​កន្លងមក។

ជា​ការ​ឆ្លើយតប អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​លើកឡើង​ថា រូបលោក​នឹង​ខិតខំ​ធ្វើ​ការងារ​ទៅ​តាម​សំណើ​របស់​ពលរដ្ឋ។ លោក​ក៏​បាន​ស្នើ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​តាម​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ចេតនា​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ស្អប់​រដ្ឋាភិបាល និង​អាជ្ញាធរ។

ព្រៃឈើ​ក្នុង​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» រង​ការ​កាប់​បំផ្លាញ និង​ឈូស​ឆាយ​ពី​សំណាក់​ក្រុម​ទាហាន «រថក្រោះ​កងទ័ព​ជើងគោក» និង​ពលរដ្ឋ​មួយ​ចំនួន​តាំងពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២១ ក្រោយ​ពួកគេ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​ជាង ២៦០​ហិកតារ​នៅ​តំបន់​នោះ។

ក្រោយ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នេះ ក្រុម​ទាហាន​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​ប្រើ​កម្លាំង​កម្មករ​ឲ្យ​កាប់​រុករាន​ព្រៃឈើ​នៅ​តំបន់​នោះ ដែល​បច្ចុប្បន្ន ដី​ព្រៃ​សហគមន៍​នេះ​នៅ​សល់​ប្រហែល​តែ ៩០០​ហិកតារ​ប៉ុណ្ណោះ ខណៈ​ព្រៃ​សហគមន៍​ទាំង​ពីរ​នេះ​ជា​ប្រភេទ​តំបន់​ព្រៃស្រោង ជា​ជម្រក​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ ជាពិសេស​ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ ដែល​ពលរដ្ឋ និង​ព្រះសង្ឃ​បាន​ការពារ​ជាង ២០​ឆ្នាំ​ទៅ​ហើយ។

កន្លងមក ប្រជា​សហគមន៍​បាន​នាំគ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​កូនប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​សហគមន៍​ពី​សំណាក់​ក្រុម​ទាហាន​កងទ័ព​ជើងគោក និង​ពលរដ្ឋ​មួយ​ចំនួន។

បើ​តាម​ខ្លឹមសារ​ញត្តិ​កាលពី​ឆ្នាំ​២០០៣ ផ្ទៃ​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ មាន​ទំហំ ២៤៣៣​ហិកតារ ដោយ​មាន​ពលរដ្ឋ​អាស្រ័យ​ផល​ចំនួន ២៥៣​គ្រួសារ ហើយ​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ក្រុម​គ្រួសារ​ទាហាន «ង៧០» អស់​ជាច្រើន​ហិកតារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស