27 C
Phnom Penh

តុលាការ​ផ្ដន្ទាទោស​មន្ត្រី​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​៧​នាក់​ដាក់​ពន្ធនាគារ​ពី​១៨​ខែ​ដល់​៣​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​មន្ត្រី​ជាន់ខ្ពស់ អតីត​មេឃុំ​ជាប់​ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧​នាក់​ដាក់​ពន្ធនាគារ​ពី ១៨​ខែ​រហូត​ដល់ ៣​ឆ្នាំ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​មាន​អសន្តិសុខ​សង្គម និង​បទ​ប្រមាថ​ព្រះមហាក្សត្រ។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ដោយ​ប្រកាស​សាលក្រម​របស់​ខ្លួន កាលពី​ថ្ងៃទី​១០ ខែ​សីហា សម្រេច​ផ្ដន្ទាទោស​អតីត​តំណាងរាស្ត្រ អតីត​មេឃុំ​ជាប់​ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ក្នុង​សំណុំរឿង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ កាលពី​អំឡុង​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ ឲ្យ​មាន​ទោស​ចន្លោះ​រយៈពេល ១៨​ខែ​ដល់ ៣​ឆ្នាំ។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ក្នុង​សាលក្រម​របស់​ខ្លួន​ថា ក្នុង​ចំណោម​ជន​ជាប់ចោទ​ទាំង ៧​នាក់ ដូចជា​លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ លោក ម៉ន ផល្លា លោក ម៉ោញ សារ៉ាត់ កញ្ញា កឹម តុលា និង​អ្នកស្រី ឡាញ់ ថាវរី ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន ១៨​ខែ ក្រោម​ការ​ចោទ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ិច ហ៊ាង ត្រូវ​បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​គុក​ចំនួន ៣​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ចំនួន​២ គឺ «ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា​៤៣៧ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ផង​ដែរ។

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​ពួកគេ ថ្លែង​ថា ក្នុង​ចំណោម​អ្នក​ទាំង ៧​នាក់​មាន​តែ​លោក ម៉ិច ហ៊ាង និង​អ្នកស្រី ថាញ់ ថាវរី ប៉ុណ្ណោះ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

កាលពី​អំឡុង​ឆ្នាំ​២០១៩ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ និង​លោក ម៉ោញ សារ៉ាត់ ជាដើម ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដែល​ធ្វើ​សកម្មភាព​កៀរគរ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ឱ្យ​ចូលរួម​ជាមួយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៉ី ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

ដោយឡែក​អតីត​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម តុលា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២១ ខណៈ​អ្នកស្រី ឡាញ់ ថាវរី និង​លោក ម៉ិច ហ៊ាង ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ផង​ដែរ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​តុលាការ​ចោទ​ថា បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ឆ្នាំ​២០១៨ ដែល​មាន​ខ្លឹមសារ​ឱ្យ​ពលរដ្ឋ​ក្រោក​ឡើង​តស៊ូ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១១ សីហា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ពិចារណា​ដោះស្រាយ​វិបត្តិ​នយោបាយ ជាជាង​ការ​ដាក់​បន្ទុក​ឱ្យ​ក្រុម​អ្នក​ប្រឆាំង​ទទួល​ទោស​ទាំង​ដែល​មតិ​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ជា​ការ​រំលោភ​លើ​សិទ្ធិមនុស្ស​ដោយ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដែល​មាន​និន្នាការ​ទៅ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​បែកបាក់​ជាតិ​នឹង​នៅតែ​បន្ត​កើតមាន ប្រសិនបើ​មេដឹកនាំ​នយោបាយ​របស់​កម្ពុជា​នៅតែ​មិន​អាច​អង្គុយ​ជជែក​គ្នា​ដោយ​ស្មោះត្រង់​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ទេ​នោះ។ ជាង​នេះ​ទៀត ការ​អនុវត្ត​របស់​រដ្ឋាភិបាល​លើ​ក្រុម​ដែល​មាន​មតិ​ផ្ទុយ​សព្វថ្ងៃ​នេះ មិនមែន​ជា​ដំណោះស្រាយ​សមស្រប​សម្រាប់​កម្ពុជា​នោះ​ទេ គឺ​មាន​តែ​បញ្ឆេះ​កំហឹង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ស្អប់​រដ្ឋាភិបាល​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើងៗ​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស