មន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវគោលនយោបាយជួយកសិករលើវិស័យផលិតកម្មអំបិលនៅតាមខេត្តជាប់មាត់សមុទ្រ ដើម្បីជួយកសិករឱ្យមាននិរន្តរភាពលើមុខរបរផលិតអំបិល និងបញ្ចៀសនូវការនាំចូលអំបិលពីប្រទេសជិតខាង។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានប្រាប់ The Cambodia Daily នៅថ្ងៃទី១៥ សីហា នេះថា អំបិលរបស់កម្ពុជាដែលមានមូលដ្ឋាននៅខេត្តកំពត និងខេត្តកែប សព្វថ្ងៃនេះ អាចនឹងឈានទៅរកការបាត់បង់ស្រែអំបិលនៅថ្ងៃណាមួយជាមិនខាន ដោយសារតែរងឥទ្ធិពលពីការនាំចូលពីប្រទេសជិតខាង ដូចជាវៀតណាម ចិន និងឥណ្ឌា ដែលកំពុងវាយលុកទីផ្សារកម្ពុជានៅពេលនេះ។
លោកបន្តថា រដ្ឋាភិបាលគួរតែពិនិត្យលើតម្លៃពន្ធនាំចូលពីបរទេសចំពោះផលិតផលទាំងឡាយណាដែលកម្ពុជាអាចផលិតបានដោយខ្លួនឯង ដើម្បីរក្សាតម្លៃផលិតផលក្នុងស្រុក ចៀសវាងធ្វើឱ្យផលិតផលរបស់ខ្លួនក្ស័យធន ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ដែលនឹងឈានទៅរកវិបត្តិការងារកាន់តែច្រើនឡើងថែមទៀត ស្របពេលដែលកម្ពុជាកំពុងតែប្រឈមនឹងវិបត្តិរាប់រយជំពូកស្រាប់ទៅហើយនោះ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ផលិតកម្មអំបិលក្នុងស្រុកបានធ្លាក់ចុះយ៉ាងគំហុក ត្បិតទីតាំងស្រែអំបិលដែលមានប្រមាណ ២០០កន្លែង បានបន្តផលិតអំបិលមិនដល់ ១០០កន្លែងផងសព្វថ្ងៃនេះ។ បញ្ហានៃការធ្លាក់ចុះនេះ គឺដោយសារតែបញ្ហាអំបិលគ្មានទីផ្សារ ក្នុងនោះ អំបិលដែលផលិតបានមានតម្លៃត្រឹមតែជាង ១០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កម្ពុជាបានចាប់ផ្ដើមនាំចូលអំបិលពីប្រទេសឥណ្ឌាជាលើកដំបូងចំនួន ៦ម៉ឺនតោន ដើម្បីផ្គត់ផ្គង់លើតម្រូវការទីផ្សារនៅក្នុងស្រុក និងបំពេញការខ្វះខាតអំបិលសម្រាប់ការបរិភោគរបស់ពលរដ្ឋខ្មែរក្នុងឆ្នាំ២០២២ នេះ។
កម្ពុជាមានផ្ទៃដីសម្រាប់ធ្វើស្រែអំបិលជាង ៤៧០០ហិកតារ ដែលស្ថិតក្នុងខេត្តកំពត ជិត ៤ពាន់ហិកតារ (៣៧២៦ហិកតារ) និងខេត្តកែប មានចំនួនជាង ១ពាន់ហិកតារផងដែរ ដែលអាចផលិតអំបិលបានជាង ១០ម៉ឺនតោនក្នុងមួយឆ្នាំៗ ប៉ុន្តែក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ការផលិតអំបិលរបស់កម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់។
កាលពីដើមខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាបានបង្ហាញរបាយការណ៍របស់ខ្លួនថា កាលពីឆ្នាំ២០១៤ ឆ្នាំ២០១៥ និងឆ្នាំ២០១៦ កម្ពុជាប្រមូលផលអំបិលជាង ១០ម៉ឺនតោនក្នុងមួយឆ្នាំៗ ប៉ុន្តែនៅឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលកម្ពុជាត្រូវតែបញ្ជាទិញអំបិលពីប្រទេសឥណ្ឌា ចិន និងថៃ ជាដើម ដើម្បីបំពេញតម្រូវការរបស់ខ្លួន។
របាយការណ៍ដដែលបញ្ជាក់ថា កាលពីឆ្នាំ២០២០ កន្លងទៅ កម្ពុជាផលិតអំបិលបានត្រឹមតែ ៨ម៉ឺន ៤ពាន់តោនប៉ុណ្ណោះ ខណៈឆ្នាំ២០២១ ការផលិតបានធ្លាក់ចុះមួយកម្រិតទៀត គឺនៅត្រឹម ៦ម៉ឺន ៧ពាន់តោន។ ដោយឡែករយៈពេល ៤ខែក្នុងឆ្នាំ២០២២ មកនេះ កសិករផលិតអំបិលបានត្រឹមតែជិត ២ម៉ឺនតោនប៉ុណ្ណោះ ដោយសារតែបញ្ហាអាកាសធាតុ ជាពិសេសភ្លៀងធ្លាក់ច្រើនអំឡុងខែកុម្ភៈ និងខែមីនា ដែលជារដូវសំខាន់នៃការប្រមូលអំបិល។
ជុំវិញបញ្ហានេះ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ បានលើកឡើងថា ក្រសួងកំពុងរៀបចំឡើងវិញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិលនៅកម្ពុជារយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដោយសហការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ វិស័យផលិតកម្មអំបិលនៅកម្ពុជាកាន់តែបន្តធ្លាក់ចុះបន្ថែមទៀត៕