29 C
Phnom Penh

អាជីវករ​ផ្សារ​អូរឫស្សី​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​តូប​មក​ត្រឹម​៥០%

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជីវករ​កំពុង​លក់ដូរ​នៅ​ផ្សារ​អូរឫស្សី​រាប់​រយ​នាក់ នៅ​ថ្ងៃទី​១៥ សីហា នេះ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​តូប ៥០% បន្ទាប់ពី​រដ្ឋបាល​ផ្សារ​តម្រូវ​ឲ្យ​បង់​ថ្លៃ​ជួល​តូប​សម្រាប់​អាណត្តិ​ថ្មី ១០០% ខណៈ​ពួកគេ​រក​ចំណូល​មិន​សូវ​បាន​ដោយ​ប្រឈម​នឹង​ការ​លក់ដូរ​អនឡាញ​បាន​វាយលុក​ខ្លាំង​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ មក។

អ្នកនាង ហេង សុគា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​អំឡុង​ពេល​ដាក់​ញត្តិ​ថា ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​នៅ​ថ្ងៃ​នេះ ដើម្បី​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ។ អ្នកនាង​បន្ត​ថា ការ​ស្នើសុំ​នេះ​ក្រោយពី​សាលា​រាជធានី​ភ្នំពេញ​ទាមទារ​ឲ្យ​អាជីវករ​បង់​តម្លៃ​តូប ១០០% ទាំង​ដែល​អាជីវករ​លក់ដូរ​មិន​ដាច់ ខណៈ​បច្ចុប្បន្ន​ការ​លក់ដូរ​តាម​អនឡាញ​បាន​វាយលុក​ខ្លាំង។

អាជីវករ​រូប​នេះ​បញ្ជាក់​ថា ពួកគាត់​គ្មាន​ប្រាក់​បង់​ទៅ​តាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទាមទារ​ឡើយ ដោយសារ​បច្ចុប្បន្ន ពួកគាត់​លក់ដូរ​មិន​ដាច់ ខណៈ​ផ្សារ​ឯកជន​ក៏​មាន​ច្រើន ហើយ​ការ​លក់ដូរ​តាម​អនឡាញ​ក៏​បាន​វាយលុក​ខ្លាំង​ថែម​ទៀត​នោះ។ ករណី​នេះ ទើប​ពួកគាត់​ដែល​ជា​អាជីវករ​សម្រេច​ចិត្ត​មក​ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោយ​បញ្ចុះ​តម្លៃ​តូប ៥០%។

អាជីវករ​មួយ​រូប​ទៀត​និយាយ​ថា កាលពី ២០​ឆ្នាំ​មុន​នៅ​ពេល​មិនទាន់​សាងសង់​ផ្សារ អាជ្ញាធរ​បាន​យក​តម្លៃ​តូប​ប្រភេទ «ក» តម្លៃ ៣៣០០​ដុល្លារ និង​តូប​ប្រភេទ​អក្សរ «ខ» តម្លៃ ២៨៦០​ដុល្លារ។ ពួកគាត់​ក៏​ព្រម​បង់​ដើម្បី​យក​ប្រាក់​ទាំងនោះ​ទៅ​សាងសង់​ផ្សារ។ លោកស្រី​បញ្ជាក់​ថា ទោះបីជា​ផ្សារ​បាន​សាងសង់​រួច​ហើយ​ក្ដី ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅតែ​ទាមទារ​ឲ្យ​អាជីវករ​បង់​តម្លៃ​តូប​ដូច​មុន​ទៀត ទាំង​ដែល​ពួកគាត់​កំពុង​ជួប​ការ​លំបាក។

តំណាង​អាជីវករ លោក តាំង គីមពា អះអាង​ថា កន្លងមក ពួកគាត់​បាន​ជួប​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​បញ្ចុះ​តម្លៃ​តូប​ដែរ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ។ លោក​បន្ត​ថា សាលា​រាជធានី​ភ្នំពេញ​នៅតែ​ទាមទារ​ឲ្យ​អាជីវករ​បង់​តម្លៃ​តូប​ពេញ ១០០% ដដែល ទើប​អាជីវករ​មិន​សុខចិត្ត បាន​នាំគ្នា​មក​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី​ឲ្យ​ជួយ​នោះ។

លោក តាំង គីមពា អះអាង​ថា មន្ត្រី​ខុទ្ទកាល័យ​បាន​ទទួល​យក​ញត្តិ​របស់​ពួកគាត់​ហើយ និង​បាន​សន្យា​បញ្ជូន​ញត្តិ​ដែល​អាជីវករ​ទាមទារ​នោះ​ទៅ​ថ្នាក់​ដឹកនាំ។

លោក ហ៊ត វ៉ាន់ធី ជា​អ្នក​គ្រប់គ្រង​ផ្សារ ឱ្យ​ដឹង​នា​ពេល​កន្លងមក​ថា រដ្ឋបាល​ផ្សារ​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​មូលដ្ឋាន បាន​អះអាង​ថា វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​បញ្ចុះ​ថ្លៃ ៥០% ហើយ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន គឺ​ស្នើ​ឱ្យ​សាលា​ខណ្ឌ​តម្រូវ​ឱ្យ​អាជីវករ​បង់​ប្រាក់​ក្នុង​តម្លៃ​មុន។

បើ​តាម​ក្រុម​អាជីវករ អះអាង​ថា តូប​នៅ​ផ្សារ​អូរឫស្សី​សរុប​ចំនួន ៥៧០៥​តូប ដោយ​ក្នុង​មួយ​តូប​តម្លៃ​ចន្លោះ​ពី ២​ពាន់​ទៅ​ជាង ៣​ពាន់​ដុល្លារ ដែល​តម្លៃ​នេះ​អាជីវករ​អាច​លក់ដូរ​នៅ​ក្នុង​ផ្សារ​បាន​រយៈពេល ២០​ឆ្នាំ។

ចំពោះ​ការ​បង់​ប្រាក់​ជួល​អាណត្តិ​ថ្មី គឺ​សម្រាប់​រយៈពេល ២០​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០៤០។ រីឯ​កាលកំណត់​សម្រាប់​ការ​បង់​ថ្លៃ​ជួល​តូប នឹង​គិត​ចាប់ពី​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស