29.6 C
Phnom Penh

សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​ជាង​១០​នាក់​នៅ​ខែ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» របស់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ បន្ទាប់​ពី​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សាទុក្ខ​របស់​ពួកគេ​ពេញ​មួយ​ថ្ងៃ​នេះ។

ក្នុង​បន្ទប់​សវនាការ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ទាំង ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា ពួកគេ​ប្ដឹង​សាទុក្ខ​មក​តុលាការ​ជាន់ខ្ពស់​ដោយសារ​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​កាត់ទោស​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​រហូត ៥​ឆ្នាំ​នោះ វា​ជា​រឿង​អយុត្តិធម៌។ ពួកគេ​អះអាង​ថា តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក ពួកគេ​បាន​ឈប់​ធ្វើ​សកម្មភាព​ទាំងអស់ ហើយ​ចំពោះ​ការ​បង្កើត​ចលនា​របស់​ថ្នាក់​ដឹកនាំ​នៅ​ក្រៅ​ប្រទេស និង​ការ​រៀបចំ​ផែនការ ៥​ចំណុច​នោះ ពួកគេ​មិន​បាន​ជាប់​ពាក់ព័ន្ធ​ឡើយ។

ក្រៅពី​បដិសេធ​ការ​បង្កើត​ចលនា​ហើយ ពួកគេ​ក៏​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា ជា​អ្នក​កៀងគរ​កម្លាំង​ឲ្យ​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩ វិច្ឆិកា ដែរ។ ករណី​នេះ ពួកគេ​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ឲ្យ​បដិសេធ​សេចក្ដី​សម្រេច​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​កាត់ទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ និង​ដោះលែង​ឲ្យ​ពួកគេ​មាន​សេរីភាព​វិញ។

ក្រោយពី​បើក​សវនាការ​ជំនុំជម្រះ​លើ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ទាំង ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ពេញ​មួយ​ថ្ងៃ​នា​ថ្ងៃ​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​សម្រេច​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២។

កាលពី​ថ្ងៃទី​១៧ ខែ​មីនា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​រួម​គំនិត​ក្បត់» ប៉ុន្តែ​ទោស ៥​ឆ្នាំ​នេះ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ ៨​ខែ ហើយ​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ទាំង ១៣​នាក់ ក្នុង​នោះ​មាន៖

  • លោក ថៃ សុគន្ធា ហៅ តឹង
  • ឡុង សុផារី
  • ឃឹម ភាណា
  • ញ៉ែម វៀន
  • សុខ ចន្ថា
  • កែវ ថៃ
  • ជុំ ចាន់
  • ស៊ុន ធន់
  • យឹម សារ៉េត
  • ពាប ម៉ាប់
  • ឃុត ច្រឹក
  • ងិន ឃាន
  • និង​លោក ឈុន ប៊ុនឆាត ។

ចំណែក​ថ្នាក់​ដឹកនាំ ៧​នាក់ ក្នុង​នោះ​មាន៖

  • លោក សម រង្សី
  • អ្នកស្រី ជូឡុង សូមូរ៉ា
  • អ្នកស្រី មូរ សុខហួរ
  • លោក តុប វណ្ណចាន់
  • លោក នុត រំដួល
  • លោក ហូរ វ៉ាន់
  • លោក អេង ឆៃអ៊ាង

ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ ១០​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ញុះញង់​ឱ្យ​យោធិន​មិន​ស្ដាប់​បញ្ជា និង​រួម​គំនិត​ក្បត់»។ ពួកគេ​ទាំងនេះ​ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ផង​ដែរ ខណៈ​ពួកគេ​កំពុង​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស​នៅឡើយ។

ការ​ផ្ដន្ទាទោស​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង ព្រមទាំង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ ក្រោយពី​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​បង្កើត​ចលនា​បក្ស​សង្គ្រោះ​ជាតិ និង​ការ​ប្រកាស​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស