សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» របស់សកម្មជនបក្សប្រឆាំងចំនួន ១២នាក់ និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ពួកគេពេញមួយថ្ងៃនេះ។
ក្នុងបន្ទប់សវនាការ សកម្មជនបក្សសង្គ្រោះជាតិទាំង ១២នាក់ និងអតីតមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ពួកគេប្ដឹងសាទុក្ខមកតុលាការជាន់ខ្ពស់ដោយសារសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលកាត់ទោសឲ្យពួកគេជាប់ពន្ធនាគាររហូត ៥ឆ្នាំនោះ វាជារឿងអយុត្តិធម៌។ ពួកគេអះអាងថា តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមក ពួកគេបានឈប់ធ្វើសកម្មភាពទាំងអស់ ហើយចំពោះការបង្កើតចលនារបស់ថ្នាក់ដឹកនាំនៅក្រៅប្រទេស និងការរៀបចំផែនការ ៥ចំណុចនោះ ពួកគេមិនបានជាប់ពាក់ព័ន្ធឡើយ។
ក្រៅពីបដិសេធការបង្កើតចលនាហើយ ពួកគេក៏បដិសេធចំពោះការចោទប្រកាន់ថា ជាអ្នកកៀងគរកម្លាំងឲ្យទៅទទួលលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ដែរ។ ករណីនេះ ពួកគេស្នើទៅប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ឲ្យបដិសេធសេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញដែលបានកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ និងដោះលែងឲ្យពួកគេមានសេរីភាពវិញ។
ក្រោយពីបើកសវនាការជំនុំជម្រះលើសកម្មជនបក្សសង្គ្រោះជាតិទាំង ១២នាក់ និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ពេញមួយថ្ងៃនាថ្ងៃនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍សម្រេចប្រកាសសាលដីកានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
កាលពីថ្ងៃទី១៧ ខែមីនា សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១២នាក់ និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងរួមគំនិតក្បត់» ប៉ុន្តែទោស ៥ឆ្នាំនេះត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន ៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ត្រូវបានព្យួរ។
សកម្មជនគណបក្សសង្គ្រោះជាតិ និងអតីតមន្ត្រីក្រសួងមហាផ្ទៃទាំង ១៣នាក់ ក្នុងនោះមាន៖
- លោក ថៃ សុគន្ធា ហៅ តឹង
- ឡុង សុផារី
- ឃឹម ភាណា
- ញ៉ែម វៀន
- សុខ ចន្ថា
- កែវ ថៃ
- ជុំ ចាន់
- ស៊ុន ធន់
- យឹម សារ៉េត
- ពាប ម៉ាប់
- ឃុត ច្រឹក
- ងិន ឃាន
- និងលោក ឈុន ប៊ុនឆាត ។
ចំណែកថ្នាក់ដឹកនាំ ៧នាក់ ក្នុងនោះមាន៖
- លោក សម រង្សី
- អ្នកស្រី ជូឡុង សូមូរ៉ា
- អ្នកស្រី មូរ សុខហួរ
- លោក តុប វណ្ណចាន់
- លោក នុត រំដួល
- លោក ហូរ វ៉ាន់
- លោក អេង ឆៃអ៊ាង
ដែលត្រូវបានតុលាការផ្តន្ទាទោសក្នុងម្នាក់ៗ ១០ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និងរួមគំនិតក្បត់»។ ពួកគេទាំងនេះក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួនផងដែរ ខណៈពួកគេកំពុងមានវត្តមាននៅក្រៅប្រទេសនៅឡើយ។
ការផ្ដន្ទាទោសលើថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង ព្រមទាំងអតីតមន្ត្រីក្រសួងមហាផ្ទៃ ក្រោយពីលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបង្កើតចលនាបក្សសង្គ្រោះជាតិ និងការប្រកាសវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕