25 C
Phnom Penh

ប្រេសិត UN ស្នើ​ចំពោះ​មុខ​មេ​រដ្ឋប្រហារ​ភូមា​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​និង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពិភពលោក​មិន​បាន​ភ្លេច​នូវ​ការ​ទាមទារ​សេរីភាព​សម្រាប់​ប្រជាជន​ភូមា នោះ​ទេ បើ​ទោះជា​សង្គ្រាម​ដែល​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន បាន​ក្លាយ​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ។

នៅ​ថ្ងៃទី​១៨ សីហា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​ថា ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ប្រទេស​ភូមា អ្នកស្រី Noeleen Heyzer បាន​ជួប​ផ្ទាល់​មេដឹកនាំ​របប​សឹក គឺ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅ​រដ្ឋធានី​ណៃភិដោ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​ដែល​ហែកហួរ​ដោយ​ហិង្សា​នយោបាយ​មួយ​នេះ បាន​ស្នើ​ទៅ​លោក មីន អ៊ុងឡាំង ឱ្យ​បញ្ឈប់​ហិង្សា​សង្គម និង​នយោបាយ​ជាមួយ​នឹង​ការ​ស្នើ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ រួម​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​ផង​ដែរ។

អ្នកស្រី Noeleen Heyzer ដែល​ជនជាតិ​សិង្ហបុរី ត្រូវ​បាន​តែងតាំង​ជា​ប្រេសិត​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​ទៅ​មិញ​ជំនួស​អ្នកស្រី Christine Schraner Burgener ជា​ជនជាតិ​ស្វីស។ តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ អ្នកស្រី Noeleen Heyzer បាន​ជួប​លោក មីន អ៊ុងឡាំង កាលពី​ថ្ងៃ​ពុធ ទី​១៧ សីហា។ ការ​ទៅ​ដល់​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​របប​សឹក​ប្រកាស​ថា នឹង​បិទ​ការិយាល័យ​តំណាង​អង្គការ​ពិភពលោក​មួយ​នេះ​នៅ​រដ្ឋធានី​ណៃភិដោ ហើយ​ក៏​ធ្វើឡើង​បន្ទាប់ពី​របប​សឹក​ភូមា បាន​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី មួយ​សំណុំរឿង​ទៀត​ឱ្យ​មាន​ទោស ៦​ឆ្នាំ ដែល​នាំ​ឱ្យ​អ្នកស្រី​មាន​ទោស​សរុប ១៧​ឆ្នាំ។

សំណុំរឿង​ដែល​តុលាការ​យោធា​កាត់ទោស​អ្នកស្រី ស៊ូជី មាន​ជាង ១០​បទ​ចោទ ក្នុង​នោះ​មាន​ទាំង​ទោស​រំលោភ​ច្បាប់​ប្រទេស​ទៀត​ករណី​ប្រទេស​ភូមា ធ្លាក់​ក្នុង​ជំងឺ​រាតត្បាត​កូវីដ និង​ករណី​ចោទ​ថា​ជា​មេគំនិត​បន្លំ​ការ​បោះឆ្នោត​សភា​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​សហគមន៍​អន្តរជាតិ​ចាត់ទុក​ជា​ឈុត​ឆាក​របស់​ពួក​យោធា​រៀបចំ​ឡើង ដើម្បី​យក​លេស​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera អ្នកស្រី Noeleen Heyzer ក៏​បាន​ស្វែងរក​ជំនួប​ជាមួយ​នឹង​អ្នកស្រី អ៊ុងសាន ស៊ូជី ដែរ តែ​ពុំ​មាន​ចម្លើយ​វិជ្ជមាន​ណា​មួយ​ថា​ប្រេសិត​អង្គការ​សហប្រជាជាតិ​រូប​នេះ​នឹង​បាន​ជួប​ស្ត្រី​អ្នកទោស​នយោបាយ​រូប​នេះ​ទេ។

យ៉ាងណា អ្នកស្រី Noeleen Heyzer បាន​បន្ត​ទទូច​ថា អ្នកស្រី​ចង់​ជួប​អ្នកស្រី ស៊ូជី នៅ​ពេលនេះ ដើម្បី​សួរ​សុខទុក្ខ​អំពី​សុខភាព​របស់​អ្នកស្រី ស៊ូជី ដែល​មាន​វ័យ ៧៧​ឆ្នាំ​ទៅ​ហើយ​នោះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ លោក អង់តូនីញូ ហ្គូនតារ៉េស អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ គឺ​មុន​មួយ​ថ្ងៃ​នៃ​ការ​មក​ដល់​អ្នកស្រី Noeleen Heyzer នៅ​ភូមា បាន​រៀបរាប់​ថា លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ស្ថានភាព​ប្រទេស​ភូមា ដែល​ធ្លាក់​ដុនដាប​ក្នុង​ហិង្សា​នយោបាយ​ដែល​នៅតែ​បន្ត​នេះ។

អង្គការ​សហប្រជាជាតិ និង​សមាគម​អាស៊ាន បាន​តែងតាំង​ប្រេសិត​រៀងៗ​ខ្លួន ដើម្បី​ទៅ​រក​ដំណោះស្រាយ​ការទូត​ឱ្យ​ភូមា ដែល​លង់​ខ្លួន​ក្នុង​វិបត្តិ​តាំងពី​ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក។

សម្រាប់​អាស៊ាន គឺ​លោក ប្រាក់ សុខុន ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា គឺជា​ប្រេសិត​អាស៊ាន​មាន​រយៈពេល​មួយ​ឆ្នាំ ដើម្បី​ជួយ​សម្របសម្រួល​ស្ថានការណ៍​នៅ​ភូមា។ លោក ប្រាក់ សុខុន ដែល​បាន​ទៅ​ប្រទេស​ភូមា កាលពី​ថ្មី​នេះ ក៏​មិន​ត្រូវ​បាន​របប​សឹក​បើក​ផ្លូវ​ឱ្យ​ជួប​នឹង​អ្នកស្រី ស៊ូជី ផង​ដែរ។

អ្នក​នាំពាក្យ​រង​អង្គការ​សហប្រជាជាតិ Farhan Haq បាន​និយាយ​ថា អ្នកស្រី Heyzer បាន​កំពុង​លើក​ទឹកចិត្ត​ឱ្យ​មេដឹកនាំ​ភូមា​នៃ​របប​សឹក​បើក​ផ្លូវ​ឱ្យ​អ្នកស្រី​បាន​ទៅ​ជួប​អ្នកស្រី ស៊ូជី។ លោក​មើល​ឃើញ​ជំនួប​រវាង​អ្នកស្រី Heyzer និង​លោក មីន អ៊ុងឡាំង មាន​សញ្ញា​ល្អ​មួយ​ចំនួន ប៉ុន្តែ​លោក​ចោទ​សួរ​ថា តើ​ពួក​យោធា​មាន​ការ​ប្ដេជ្ញាចិត្ត​នូវ​ការ​អនុវត្ត​យ៉ាង​ណា ដូចជា​ការ​ស្នើសុំ​ឱ្យ​បញ្ឈប់​ហិង្សា និង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់។

នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃទី​៣ សីហា ក្រុម​រដ្ឋមន្ត្រី​ទាំង ៩​ប្រទេស​នៃ​សមាគម​នេះ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ចំពោះ​ការ​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ​បួន​នាក់ និង​សម្ដែង​ការ​សោកស្ដាយ​ព្រោះ​តែ​របប​សឹក​មិន​បាន​អនុវត្ត​តាម​ផែនការ ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន ដែល​ជា​ដំណោះស្រាយ​ចង្អុល​ផ្លូវ​ឱ្យ​មាន​ការ​ផ្ទេរ​អំណាច​របស់​ពួក​យោធា​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ។

Than Soe Naing ជា​អ្នក​សង្កេតការណ៍​នយោបាយ​អំពី​ប្រទេស​ភូមា បាន​និយាយ​ថា ផែនការ​របស់​អ្នកស្រី Heyzer ជំរុញ​ឱ្យ​របប​សឹក​ភូមា បញ្ចប់​ហិង្សា​អាច​នឹង​មិន​មាន​លទ្ធផល​អ្វី​នោះ​ទេ ព្រោះ​ប្រទេស​ភូមា​ធ្លាក់​ក្នុង​ហិង្សា​នយោបាយ​ផង និង​សង្គ្រាម​ស៊ីវិល​ផង។ លោក​ថា កងកម្លាំង​ប្រឆាំង​របប​សឹក គេ​មិន​ព្រម​ទម្លាក់​អាវុធ​នោះ​ទេ គឺ​រហូត​ពួក​យោធា​ព្រម​ទម្លាក់​អំណាច​របស់​ខ្លួន។

សម្រាប់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ស្រមោល​នៃ​កម្លាំង​ប្រឆាំង​របប​សឹក​យល់​ថា ការ​មក​ដល់​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ អាច​នាំ​ពួក​យោធា​មាន​មោទកភាព ហើយ​យល់​ថា​របប​របស់​ពួកគេ​មាន​ភាព​ស្រប​ច្បាប់។

ចាប់តាំងពី​ប្រទេស​ភូមា ធ្លាក់​ក្នុង​របប​សឹក​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ មក​នោះ សង្គ្រាម​ស៊ីវិល​ផ្ទុះ​សឹង​ទូទាំង​ប្រទេស ដែល​នាំ​ឱ្យ​ជនភៀសខ្លួន​ជិត​មួយ​លាន​នាក់​បាត់បង់​ទីជម្រក និង​រត់​ទៅ​នៅ​តាម​ព្រំដែន​ប្រទេស​ជិតខាង ក្នុង​នោះ​ក្រុម​ប្រឆាំង​ជាង ១៥០០០​នាក់​ត្រូវ​បាន​របប​សឹក​ចាប់​ខ្លួន រួម​ទាំង​អ្នក​នយោបាយ​ប្រឆាំង​ជិត ៣០០​នាក់​ហើយ ភាគច្រើន​ជា​សមាជិក​សភា​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី ស៊ូជី។ ក្រៅពី​នេះ មនុស្ស ២២១៥​នាក់​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​បង្ក្រាប​ដោយ​ពួក​យោធា។ នេះ​បើ​តាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​ភូមា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស