31 C
Phnom Penh

ក្រសួង​ដែនដី​ព្រមាន​ពលរដ្ឋ​ឱ្យ​រុះរើ​សំណង់​ខុស​ច្បាប់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមាន​ពលរដ្ឋ​ដែល​សង់​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​ប្រញាប់​រុះរើ​សំណង់​ទាំងនោះ​ដោយ​ខ្លួនឯង ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​តទៅ ជាជាង​ការ​ប្រើប្រាស់​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​រុះរើ។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​លើកឡើង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចុះ​វាស់វែង​កំណត់​និយាមកា​ក្បាលដី និង​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​រៀបចំ​ដី​នៅ​តំបន់​ភូមិ​ធម្មជាតិ​រុនតាឯក សម្រាប់​ពលរដ្ឋ​ដែល​នឹង​ត្រូវ​រុះរើ​សំណង់​ខុស​ច្បាប់​ទាំងនោះ និង​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ដល់​ពួកគេ​រួចរាល់​ហើយ។

លោក ជា សុផារ៉ា អះអាង​ថា ក្នុង​ឧទ្យាន​ជាតិ​អង្គរ​សព្វថ្ងៃ​នេះ​មាន​សំណង់​ខុស​ច្បាប់​ជាង ៨​ពាន់​ករណី ហើយ​រយៈពេល ៣​ខែ​ចុងក្រោយ​នេះ សំណង់​ខុស​ច្បាប់​ថ្មីៗ​បាន​កើតឡើង​សរុប​ចំនួន ៣៩៨​ករណី ក្នុង​នោះ​បាន​រុះរើ​ចេញ​ចំនួន​ជាង ២០០​ករណី​ហើយ។ ដូច្នេះ អភិបាល​ក្រុង និង​ស្រុក​ទាំង​៥ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដូចជា​ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង ស្រុក​បន្ទាយស្រី ស្រុក​អង្គរធំ និង​ស្រុក​ពួក ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ និង​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ព្រម​រុះរើ​សំណង់​ខុស​ច្បាប់​ដោយ​ខ្លួនឯង។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​រូប​នេះ​បញ្ជាក់​ថា ក្រសួង​នឹង​ធ្វើ​យុទ្ធនាការ​នេះ​រយៈពេល ១៥​ថ្ងៃ ដែល​មាន​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​សរុប​ជាង ៧០០​នាក់ ក្នុង​ការ​ចុះ​វាស់វែង​ក្នុង​គោលដៅ​ការពារ​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​បាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ឆ្នាំ​១៩៩២ ដែល​មាន​ទំហំ ៤០១​គីឡូម៉ែត្រ​ក្រឡា ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​ត្រូវ​រក្សា​ការពារ​ដាច់ខាត។

ការ​ចុះ​វាស់វែង​ក្បាលដី​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​តែងតាំង​សមាសភាព​ក្រុម​ការងារ​តម្រង់​ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុស​ច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​តម្រង់​ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុស​ច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​មាន​សមាសភាព​ចំនួន ១៣​រូប ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា គឺជា​ប្រធាន។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ឯកសារ​ស្ថិតិ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​តំបន់​ការពារ​ទី​១ និង​ការពារ​ទី​២ នៃ​រមណីយដ្ឋាន​អង្គរ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០០៥ នឹង​ត្រូវ​ប្រើប្រាស់​ជា​ឯកសារ​គោល​ដើម្បី​ពិនិត្យ​ការ​កាន់កាប់​ដី និង​សំណង់​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់​ក្នុង​រមណីយដ្ឋាន​អង្គរ​នេះ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​អំឡុង​ពេល​អាជ្ញាធរ​ចុះ​វាស់វែង​ដីធ្លី​របស់​ពួកគាត់​នៅ​ថ្ងៃទី​១៨ សីហា នេះ​ថា ទីតាំង​លំនៅឋាន​របស់​ពួកគាត់​មិន​ធំ ហើយ​ក៏​មិន​ខ្ពស់​ដូច​សណ្ឋាគារ​សុខា ដែល​ស្ថិត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ​ដែរ ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ឱ្យ​សណ្ឋាគារ​នេះ​សាងសង់​ក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នេះ​បាន? ចុះ​ហេតុ​អ្វី​លំនៅឋាន​របស់​ពួកគាត់​ត្រូវតែ​មាន​ការ​ផ្លាស់ប្ដូរ និង​រុះរើ​បែប​នេះ?

ប្រភព​ដដែល​បញ្ជាក់​ថា ការ​អនុវត្ត​ចុះ​វាស់វែង​កំណត់​ក្បាលដី​នេះ​មិនមែន​ជួយ​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ជា​វិធានការ​ដែល​ជួយ​អាជ្ញាធរ​អប្សរា​ដែល​ប្លន់​យក​ដី​ប្រជាពលរដ្ឋ​ទៅវិញ ព្រោះ​ថា​ម្ចាស់​ដី​ខ្លះ​កំពុង​ជាប់​ឃុំ​នៅឡើយ ដោយសារតែ​ពួកគេ​តវ៉ា​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ការពារ​ដីធ្លី និង​លំនៅឋាន​របស់​ខ្លួន។

ទាក់ទិន​នឹង​សំណង់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០១៧ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​សម្ពោធ​សណ្ឋាគារ​ចំនួន​២ ដែល​ស្ថិត​លើ​ទីតាំង​ជាមួយ​គ្នា​ដែល​មាន​កម្ពស់ ៣​ជាន់ ក្នុង​ទំហំ​ផ្ទៃដី ២៣​ហិកតារ​ដែល​បាន​ជួល​ពី​អាជ្ញាធរ​អប្សរា និង​ចាប់ផ្តើម​សាងសង់​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤ គឺ​សណ្ឋាគារ​សុខា​សៀមរាប លំដាប់​ផ្កាយ​ប្រាំ និង​សណ្ឋាគារ សុខា ផាឡេស សៀមរាប លំដាប់​ផ្កាយ​បួន ដែល​មាន​បន្ទប់​សរុប​ចូល​គ្នា​ជាង ១២០០​បន្ទប់ ដែល​មាន​ចម្ងាយ​មិន​ដល់ ១០​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរ​នោះ​ទេ ប៉ុន្តែ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ម្តុំ​សណ្ឋាគារ​នេះ និង​ឆ្ងាយ​ជាង​នេះ ត្រូវ​បាន​អាជ្ញាធរ​អប្សរា​បណ្តេញ​ចេញ និង​បង្ខំ​ឲ្យ​រុះរើ​លំនៅឋាន​របស់​ពួកគាត់​រហូត​មក។

តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​កំណត់​ក្នុង​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​១៩៩៤ ទុក​ជា​តំបន់​ដែល​ត្រូវ​ការពារ​ក្នុង​កម្រិត​ខ្ពស់​បំផុត ព្រោះ​ថា​តំបន់​ទាំង​ពីរ​នេះ​បាន​ក្រាល​គ្របដណ្ដប់​ដោយ​ប្រាសាទ​បុរាណ​នានា និង​សំណល់​បុរាណវិទ្យា​ជាច្រើន​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស