27 C
Phnom Penh

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែង​ទោស​និង​ទម្លាក់​បទ​ចោទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣​នាក់ ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​លើកលែង​ទោស និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ពួកគេ ស្រប​ពេល​ដែល​ពួកគេ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។

លិខិត​មួយ​ចុះ​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​កាលពី​ថ្ងៃទី​២១ សីហា ឲ្យ​ដឹង​ថា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កណ្ដាល គឺ​លោក អ៊ូ ច័ន្ទឫទ្ធិ និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក គង់ សភា ព្រមទាំង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រៃវែង លោក ហេង ដាណារ៉ូ បាន​ដាក់​សំណើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ជួយ​ពួកគេ។

ក្នុង​សំណើ​ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សភា និង​លោក ហេង ដាណារ៉ូ បាន​សរសេរ​រៀបរាប់​ថា ពួកគេ​ទាំង​បី​នាក់​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស​នា​ពេល​កន្លងមក គ្មាន​គោលបំណង​អ្វី​ក្រៅពី​ចង់​ស្ដារ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព និង​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដោយ​ពុំ​មាន​ចេតនា​ទុច្ចរិត​ដូច​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ឡើយ។

ពួកគេ​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​លើកលែង​ទោស និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ និង​បាន​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ។

ចាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ឆ្នាំ​២០១៧ ថ្នាក់​ដឹកនាំ​សំខាន់ៗ ក្នុង​នោះ​រួម​មាន​លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និង​លោក អ៊ូ ច័ន្ទឫទ្ធិ ជាដើម បាន​នាំគ្នា​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ខណៈ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង។

យ៉ាងណា ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ ក្នុង​នោះ​លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា អ្នកស្រី មូរ សុខហួរ លោក តុប វណ្ណចាន់ លោក នុត រំដួល លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង និង​លោក អ៊ូ ច័ន្ទឫទ្ធិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ២ ទៅ ១០​ឆ្នាំ ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩។

គិត​ត្រឹម​ដើម​ឆ្នាំ​២០២២ នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣២​នាក់​ហើយ​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ខណៈ​មន្ត្រី​មួយ​ចំនួន​ទៀត​ក៏​បាន​នាំគ្នា​ចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​ដោយ​ខ្លួនឯង​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស